វៀតណាមចង់ក្លាយជាប្រទេសអាស៊ានដំបូងគេ ដែលមិនប្រើបច្ចេកវិទ្យា 5G របស់ចិន
- BY
- autoadmin
- August 27, 2019
ប្រទេសវៀតណាមមានបំណងចង់ក្លាយជាប្រទេសអាស៊ានដំបូងគេ ក្នុងការផ្តល់បណ្តាញ 5G ដោយគ្មានការជ្រោមជ្រែងពីក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies Inc ។ Viettel Group ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេរបស់វៀតណាម ដែលគ្រប់គ្រងដោយក្រសួងការពារជាតិ នឹងដាក់ពង្រាយឧបករណ៍របស់ក្រុមហ៊ុន Ericsson AB នៅទីក្រុងហាណូយ និងបច្ចេកវិទ្យារបស់ Nokia Oyj នៅទីក្រុងហូជីមិញ។ នេះបើតាមការលើកឡើងរបស់លោក Le Dang Dung នាយកប្រតិបត្តិក្រុមហ៊ុន Viettel ។ ពួកគេនឹងប្រើបន្ទះឈីប 5G ពីក្រុមហ៊ុន Qualcomm Inc និងក្រុមហ៊ុនអាមេរិកមួយផ្សេងទៀត។

លោកបានបន្ថែមថា ក្រុមហ៊ុនទូរគមនាគមន៍ ដែលប្រើឧបករណ៍ Ericsson និង Nokia សម្រាប់បណ្តាញ 4G របស់ខ្លួននេះ ក៏កំពុងអភិវឌ្ឍឧបករណ៍ផ្ទាល់ខ្លួនដែរ។ លោក Dung បាននិយាយនៅក្នុងបទសម្ភាសន៍នៅទីស្នាក់ការកណ្តាលទីក្រុងហាណូយថា៖ “យើងនឹងមិនធ្វើការជាមួយក្រុមហ៊ុន Huawei ឥឡូវនេះទេ” ។ លោកបន្ដថា៖ “វាមានរឿងមិនសូវស្រួលបន្តិចជាមួយក្រុមហ៊ុន Huawei ឥឡូវនេះ។ មានរបាយការណ៍ថា វាមិនមានសុវត្ថិភាពក្នុងការប្រើ Huawei ទេ។ ដូច្នេះជំហររបស់ Viettel គឺដោយផ្តល់ព័ត៌មានទាំងអស់ ដូច្នេះយើងគួរតែប្រើអ្វីដែលមានសុវត្ថិភាពជាងនេះ។ ដូច្នេះយើងជ្រើសរើសក្រុមហ៊ុន Nokia និង Ericsson ពីអឺរ៉ុប”។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា MobiFone Corp. កំពុងប្រើឧបករណ៍ Samsung Electronics Co. ខណៈដែលក្រុមហ៊ុនទូរគមនាគមន៍វៀតណាមហៅកាត់ថា Vinaphone បានចាប់ដៃគូជាមួយក្រុមហ៊ុន Nokia ដើម្បីដាក់ពង្រាយបណ្តាញ 5G របស់ខ្លួន។ ការសម្រេចចិត្តរបស់វៀតណាមក្នុងការបដិសេធក្រុមហ៊ុន Huawei ហាក់ដូចជាធ្វើឱ្យវាកាន់តែលេចធ្លោនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលប្រទេសផ្សេងទៀតដូចជាហ្វីលីពីន ថៃ និងម៉ាឡេស៊ី បានបើកឱ្យប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ។ លោក Dung បានទទូចថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន Viettel មិនឱ្យប្រើប្រាស់ឧបករណ៍ Huawei សម្រាប់បណ្តាញ 5G របស់ខ្លួន គឺគ្រាន់តែជារឿងបច្ចេកវិទ្យាមួយ ហើយមិនទាក់ទងទៅនឹងការពិចារណាភូមិសាស្ត្រនយោបាយទេ៕

អត្ថបទ៖ លីដា
- Share This Post:






