Google នឹងផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ Pixel ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមវិញ
- August 29, 2019
ក្រុមហ៊ុន Google នឹងធ្វើការផ្លាស់ប្តូរការផលិតទូរស័ព្ទ Pixel របស់ខ្លួនពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមវិញនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ហេតុផលចម្បងនៃការផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទនេះត្រូវបានគេរាយការណ៍ថា ដោយសារតែបញ្ហាតម្លៃពលកម្មនៅក្នុងប្រទេសចិនកើនឡើងខ្ពស់ និងសម្ពាធនៃសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក។ យ៉ាងណាក្តី បើយោងតាមសារព័ត៌មាន CNBC បានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងផលិតនេះ មិនបានធ្វើឡើងគ្រប់ម៉ូដែលទូរស័ព្ទឡើយ ដោយទូរស័ព្ទមួយចំនួននៅតែបន្តផលិតនៅប្រទេសចិនដដែល ហើយទូរស័ព្ទដែលគេរំពឹងថានឹងប្តូរកន្លែងផលិតទៅកាន់ប្រទេសវៀតណាមនោះគឺទូរស័ព្ទម៉ូដែល Pixel 3A ។
តាមផែនការរបស់ក្រុមហ៊ុន Google បានបង្ហាញថា គេគ្រោងនឹងផលិតទូរស័ព្ទ Pixel 3A នៅក្នុងប្រទេសវៀតណាមឲ្យបានប្រមាណជា ៨ ទៅ ១០ លានគ្រឿងនៅក្នុងឆ្នាំនេះ ហើយបន្ទាប់ពីផលិតរួចទើបក្រុមហ៊ុននាំចេញពីវៀតណាមទៅលក់ក្នុងប្រទេសផ្សេងៗទៀត។ ប្រភពខាងលើក៏បានឲ្យដឹងផងដែរថា ក្រុមហ៊ុន Google ក៏គ្រោងនឹងប្តូរទីតាំងផលិតឧបករណ៍បំពងសំឡេងឆ្លាតវ័យ (Smart Speaker) របស់ខ្លួនទៅកាន់ប្រទេសថៃផងដែរ៕
![]()

អត្ថបទ៖ ភក្តី
- Share This Post:






