Google និយាយថា Huawei Mate 30 នឹងមិនអាចប្រើប្រាស់កម្មវិធី និងសេវាកម្មរបស់ខ្លួនបានឡើយ
- August 29, 2019
បរទេស: យោងតាមប្រភពព័ត៌មាន The Verge បានឲ្យដឹងថា ក្រុមហ៊ុនយក្សចិន Huawei ប្រហែលជានឹងត្រូវប្រឈមមុខទៅនឹងបញ្ហាមួយទៀតសម្រាប់រាល់ម៉ូដេលចុងក្រោយរបស់ខ្លួនទាំងឡាយជាពិសេស Huawei Mate 30។ ម៉ូដែលថ្មីនេះត្រូវបានគេជឿជាក់ថា នឹងមិនអាចដំណើរការបានជាមួយនឹងកម្មវិធី Google app ឡើយ។
របាយការណ៍ដែលត្រូវបានចេញផ្សាយដោយកាសែតរ៉យទ័រធ្លាប់បានចេញផ្សាយហើយថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានចេញសេចក្តីថ្លែងការណ៍ហាមប្រាមរាល់ក្រុមហ៊ុនក្នុងស្រុកទាំងឡាយរបស់អាមេរិករួមមានទាំង Google ជាពិសេសផង មិនឲ្យដំណើរការជំនួញ និងពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍របស់ចិនមួយនេះឡើយ។
នេះមានន័យថាទាំង Mate 30 និងឧបករណ៍ទាំងឡាយផ្សេងទៀតរបស់ Huawei រួមទាំងម៉ូដែល ដែលអាចបត់បានដូចជា Mate X ផងនោះ នឹងត្រូវជួបបញ្ហាធ្ងន់ធ្ងរក្នុងពេលប្រកាសដំណើរការជាមិនខានហើយ ដោយសារតែ Huawei នៅមិនទាន់អាចបង្កើតប្រព័ន្ធប្រតិបត្តិការថ្មីផ្ទាល់ខ្លួនចេញពី Android របស់ Google បាននៅឡើយ៕

អត្ថបទ៖ Lee
- Share This Post:






