បច្ចេកវិទ្យា

កម្មវិធីដ៏ពេញនិយម CamScanner ត្រូវបានក្រុមហ៊ុន Google លុបចេញពី Play Store បន្ទាប់ពីត្រូវគេរកឃើញថា មានមេរោគ

BY
Khmernote Media
August 30, 2019

កម្មវិធី CamScanner ក្នុង Google Play Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android បានកំពុងចែកចាយមេរោគម៉លវ៊ែរ (Malware) ។ ក្រុមហ៊ុនហ្គូហ្គល (Google Inc.) ទើបតែលុបចេញនៅកម្មវិធីដ៏ពេញនិយមមួយឈ្មោះ CamScanner PDF Creator ចេញពី Google Play Store បន្ទាប់ពីត្រូវបានក្រុមហ៊ុន Kaspersky រកឃើញថា វាបានចែកចាយមេរោគម៉លវ៊ែរ (Maleware Virus)។ កម្មវិធី CamScanner បង្កើតឡើងដោយក្រុមហ៊ុន Shanghai-based CC Intelligence ដែលមានការទាញយកទៅប្រើប្រាស់ជាង ១០០ លានដងពី Google Play Store គិតចាប់តាំងពីឆ្នាំ ២០១០ មក។ យោងតាមអ្នកស្រាវជ្រាវ នៅក្រុមហ៊ុនកំចាត់មេរោគរុស្ស៊ី Kaspersky មេរោគក្នុងកម្មវិធីនេះអាច បង្ហាញពីការផ្សាយពាណិជ្ជកម្មដែលមិនគប្បីដល់អ្នកប្រើប្រាស់ ឬភ្ជាប់គណនីរបស់អ្នកប្រើប្រាស់ ជាមួយការជាវជាប្រចាំ ដោយពុំមានការអនុញ្ញាត។

ក្នុងនោះផងដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសំណូមពរឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាពកម្មវិធីនេះជាបន្ទាន់នៅពេល ក្រុមហ៊ុនហ្គូហ្គល ដាក់ឱ្យប្រើប្រាស់កម្មវិធីនេះឡើងវិញ ហើយនេះក៏ជាការបង្ហាញថា សូម្បីកម្មវិធីដែលមាននៅក្នុង Google Play Store ដែលជាកន្លែងមានសុវត្ថិភាពបំផុត ក្នុងការដំឡើងកម្មវិធី Android ក៏អាចមានបញ្ហាដែរ។ ដូច្នេះសូមបងប្អូនជៀសវាងការបញ្ចូលកម្មវិធី ពីប្រភពមិនច្បាស់លាស់ ជាពិសេសពីប្រភពដែលបងប្អូនបានឃើញក្នុងបណ្ដាញសង្គម៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Share This Post: