ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ទីបំផុត Samsung Galaxy Fold បានត្រឡប់មកវិញ នៅឯព្រឹត្តិការណ៍ IFA 2019 បន្ទាប់ពីបាត់មុខរាប់ខែសំងំធ្វើឱ្យមាំឡើងវិញ

    BY autoadmin September 6, 2019
    ទីបំផុត Samsung Galaxy Fold បានត្រឡប់មកវិញ នៅឯព្រឹត្តិការណ៍ IFA 2019 បន្ទាប់ពីបាត់មុខរាប់ខែសំងំធ្វើឱ្យមាំឡើងវិញ

    ទីបំផុតក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញ Galaxy Fold ដែលខ្លួនបានរចនាសារជាថ្មីឡើងវិញ។ បន្ទាប់ពីការចាប់ផ្តើមដំបូងនៅដើមឆ្នាំនេះមិនទទួលបានជោគជ័យ ដោយសារមានបញ្ហាចោទជាច្រើន វាបានបង្ខំស្មាតហ្វូនបត់បានមួយនេះត្រូវពន្យាពេលដាក់បម្រើជាផ្លូវការ។ Galaxy Fold ធ្លាប់បានត្រលប់ទៅបន្ទប់វិស្វកម្មវិញ ដើម្បីរកវិធីធ្វើឱ្យស្មាតហ្វូននេះអាចប្រើប្រាស់រឹងមាំជាងមុន។

    ក្រុមហ៊ុន Samsung មើលទៅបានដោះស្រាយបញ្ហារបស់ខ្លួនរួចហើយ ដោយខ្លួនបានប្រកាសកាលពីខែកក្កដាថា ស្មាតហ្វូនបត់បាននេះនឹងមានវត្តមាននៅក្នុងខែកញ្ញានេះ។ ជាក់ស្ដែង Samsung Galaxy Fold បានបង្ហាញខ្លួនហើយ នៅក្នុងព្រឹត្តិការណ៍ IFA 2019 ដើមខែកញ្ញា ទី០៦ ឆ្នាំ២០១៩ នេះ។ វាមុខការគ្រោងទុកដំបូងរបស់ក្រុមហ៊ុនទៅទៀត ព្រោះដើមឡើយ Samsung ចង់បញ្ចេញវានៅចុងខែ ប៉ុន្តែវាទំនងជាពួកគេនឹងមិនអូសបន្លាយពេលវេលាទៀតទេ។ អ្នកតំណាងក្រុមហ៊ុន Samsung បាននិយាយថា ការផ្លាស់ប្តូរសំខាន់ៗចំនួន ៣ ត្រូវបានធ្វើឡើងជាមួយនឹង Galaxy Fold នេះ។

    ការរចនាសំខាន់ ១ ក្នុងចំណោមទាំង ៣ គឺត្រចៀកអេក្រង់បត់របស់វានឹងត្រូវបន្ថែមគំរបស្រោបពីលើ ព្រោះដំបូងឡើយវាជាចន្លោះប្រហោងដែលធ្វើឱ្យស្មាតហ្វូននេះងាយចូលធូលី និងធ្វើឱ្យងាយបែក។ មូលហេតុមួយទៀត គឺដោយសារអ្នកប្រើប្រាស់គាត់បានហែកចេញនូវស្ទីកគ័រនៅលើអេក្រង់ ដែលពួកគាត់ច្រឡំថាវាជាបន្ទះ Screen protector ប៉ុន្តែការពិតវាជាបន្ទះការពារស្រទាប់ polymer របស់អេក្រងបត់នេះ ហើយចំណុចនេះវាក៏ត្រូវបានកែប្រែដែរ។ វាក៏បានបន្ថែមស្រទាប់ដែកនៅក្រោមអេក្រង់ ដើម្បីពង្រឹងការការពាររបស់វា ព្រោះធ្វើឱ្យដូច្នេះអ្នកប្រើនឹងមិនអាចមានអារម្មណ៍ថា ចុចប៉ះគ្រឿងម៉ាស៊ីននៅក្រោមអេក្រង់ទេ៕

    អត្ថបទ៖ លីដា

    Share This Post: