បច្ចេកវិទ្យា

អស្ចារ្យណាស់! អ្នកវិទ្យាសាស្ត្របានរកឃើញចំហាយទឹក ចេញពីភពនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យជាលើកដំបូងបំផុត

BY
autoadmin
September 12, 2019

ជាលើកដំបូងបំផុតដែលអ្នកវិទ្យាសាស្ត្របានរកឃើញភពមួយ នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង (exoplanet) មានប្រភពទឹក នៅក្នុងរបកគំហើញដ៏សំខាន់ថ្មីមួយក្នុងការស្វែងរកពិភពថ្មី ដែលជីវិតអាចរស់នៅបាន។ ចំហាយទឹកត្រូវបានគេរកឃើញនៅលើភព K2-18b ដែលមានចម្ងាយ ១១០ឆ្នាំពន្លឺ ពីផែនដី, មានទំហំធំជាង ២ដង និងមានម៉ាស់ធំជាង ៨ដង ធៀបនឹងផែនដី។

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យក្នុងទីក្រុងឡុង (University College London) បានឱ្យដឹងថា K2-18b ក៏មានបរិយាកាស និងកម្រិតសីតុណ្ហភាពសមស្រប សម្រាប់ជីវិតរស់នៅផងដែរ។ វានៅជិតតារារបស់វាឈ្មោះថា (K2-18) ជាងផែនដីដែលនៅជិតព្រះអាទិត្យទៅទៀត ពោលគឺវាចំណាយពេល ៣៣ថ្ងៃ ដើម្បីវិលជុំវិញ K2-18 ខណៈដែលផែនដីចំណាយពេល ៣៦៥ថ្ងៃ គោចរជុំវិញព្រះអាទិត្យ។

ភព K2-18b ត្រូវបានគេប្រទះឃើញដំបូងក្នុង ឆ្នាំ២០១៥ ដោយកែវយឺតអវកាស Kepler របស់អង្គការណាសា ប៉ុន្តែការវិភាគទិន្នន័យបានបង្ហាញព័ត៌មានលម្អិតថ្មីៗ ដែលមិនធ្លាប់បានឃើញពីមុន។ ថ្វីបើ K2-18b គឺនៅឆ្ងាយពីផែនដីសម្រាប់តារាវិទូដើម្បីមើល ប៉ុន្តែពួកគេអាចមើលពីរបៀបដែលពន្លឺផ្កាយជះចូលបរិយាកាសនៃភព នៅពេលវាធ្វើដំណើរជុំវិញព្រះអាទិត្យរបស់វា ដែលគេហៅថា K2-18 នេះ ៕

អត្ថបទ៖ លីដា

Share This Post: