ចិនប្រាប់ឲ្យពិភពលោកប្រុងប្រយ័ត្នជាមួយនឹងកម្មវិធីស៊ើបការសម្ងាត់ ដែលមានក្នុងផលិតផលរបស់ក្រុមហ៊ុន Apple
- September 19, 2019
ចិនបានព្រមានទៅកាន់ពិភពលោកថា គួរតែប្រុងប្រយ័ត្នជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ព្រោះនៅក្នុងផលិតផលរបស់ក្រុមហ៊ុនមួយនេះបង្កប់នូវ Spyware (កម្មវិធីស៊ើបការសម្ងាត់) ដែលអាចតាមដាន និងគ្រប់គ្រងអ្នកប្រើប្រាស់បានគ្រប់ពេលវេលា។ ការថ្លែងដូចខាងលើនេះត្រូវបានធ្វើឡើងដោយលោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន និងបានធ្វើឡើងបន្ទាប់ពីអាមេរិកបានអះអាងដដែលៗថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានលួចយកការសម្ងាត់ឲ្យទីក្រុងប៉េកាំង និងបានប្រាប់ឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនឲ្យឈប់ប្រើប្រាស់ទូរស័ព្ទ Huawei បើពួកគេមិនចង់ឲ្យចិនលួចតាមដាន។ លោកស្រី Hua Chunying បាននិយាយចំៗថា ក្រុមហ៊ុន Apple និង Cisco របស់អាមេរិក បានផ្ដើមស៊ើបការសម្ងាត់ពីអ្នកប្រើប្រាស់ផលិតផលរបស់ពួកគេអស់រយៈពេល ១០ ឆ្នាំមកហើយ ដែលក្នុងចំណោមអ្នកប្រើប្រាស់ទាំងនោះមានទាំងថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសមួយចំនួនផងដែរ។
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន
លោកស្រីបានលើកឧទាហរណ៍ថា តួយ៉ាងកាលពីឆ្នាំ ២០១៤ កន្លងទៅ ក្រុមហ៊ុន Apple បានទទួលស្គាល់ថា ពួកគេបានស្រង់យកទិន្នន័យពីអ្នកប្រើប្រាស់ទូរស័ព្ទរបស់ពួកគេមានដូចជាសារ បញ្ជីលេខទូរស័ព្ទ និងរូបថត តាមរយៈប្រព័ន្ធ “back door” ។ សម្រាប់ក្រុមអ្នកវិភាគស្ថានការនយោបាយពិភពលោកបានលើកឡើងថា ការឆ្លើយដាក់គ្នាទៅវិញទៅមករវាងអាមេរិក និងចិននេះ គឺជាផ្នែកមួយនៃសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ ព្រោះទាំងក្រុមហ៊ុន Apple និង Huawei សុទ្ធតែជាក្រុមហ៊ុនធំដែលកំពុងប្រជែងគ្នាយ៉ាងខ្លាំងជាមួយនឹងផលិតផលទូរស័ព្ទនៅក្នុងទីផ្សារពិភពលោក។ យ៉ាងណាក្តីផលិតផលរបស់ក្រុមហ៊ុនទាំង ២ នេះសុទ្ធតែមានចំណុចល្អរៀងៗខ្លួន ហើយការជ្រើសរើសយកផលិតផលមួយណានោះគឺជាការសម្រេចចិត្តផ្ទាល់របស់អ្នកប្រើប្រាស់ម្នាក់ៗ៕

អត្ថបទ៖ ភក្តី
- Share This Post:







