លេចធ្លាយយ៉ាងច្បាស់ក្រឡែតពីរូបរាង iPad Pro ស៊េរី 2019 មានកាមេរ៉ា 3គ្រាប់ដូច iPhone 11 Pro ដែរ
- September 18, 2019
Apple ហាក់មានភាពយ៉ឺតយ៉ាវជាងក្រុមហ៊ុនដទៃក្នុងចូលរួមក្នុងវិស័យកាមេរ៉ាច្រើនគ្រាប់នៅលើស្មាតហ្វូនរបស់ខ្លួន។ ជាក់ស្តែងការបំពាក់បច្ចេកវិទ្យាកាមេរ៉ាភ្លោះនៅលើម៉ូដែល iPhone 7 Plus គឺត្រូវបានធ្វើឡើងក្រោយជាច្រើនឆ្នាំនៅពេលដែល HTC បានស្រាវជ្រាវឃើញបច្ចេកវិទ្យានេះដំបូងគេ ខណៈដែល Huawei និង LG ប្រើពេលតែប៉ុន្មានខែប៉ុណ្ណោះ ដើម្បីស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យានេះទៅក្នុងឧបករណ៍របស់ខ្លួន។
ទើបតែលើកនេះ ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Cupertinho មួយនេះបានចាប់ផ្តើមផ្លាស់ប្តូរទំលាប់របស់ខ្លួន ដោយក្នុងនោះបច្ចេកវិទ្យាកាម៉េរាចំនួន៣គ្រាប់ត្រូវបានបំពាក់ទៅលើស៊េរីទូរស័ព្ទថ្មីរបស់ខ្លួនទាំង iPhone 11 Proនិង iPhone 11 Pro Max ផងដែរ ដែលអស់រយៈជាង១ឆ្នាំកន្លះទៅហើយខ្លួនបានទុកទីផ្សារនេះទៅឲ្យ Huawei P20 Pro យ៉ាងរីករាយតែម្នាក់ឯង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Phonearena បានឲ្យដឹងថា ក្រុមហ៊ុន Apple ហាក់មិនទាន់បញ្ឈប់សកម្មភាពរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាកាម៉េរាច្រើនគ្រាប់នេះទេ ដោយក្នុងនេះមានទាំងព័ត៌មានលេចលឺថា សូម្បីតែ tablet ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា 2019 iPad Proក៏ត្រូវបំពាក់បច្ចេកវិទ្យាកាម៉េរាចំនួន៣គ្រាប់បែបនេះដូចគ្នាដែរ។ កាមេរ៉ាទាំង៣គ្រាប់នោះមានសមត្ថភាព និងមុខងារដូចគ្នាទៅនឹង iPhone 11 Pro ដែរ ចំណែកឯកាលបរិច្ឆេទនៃការបង្ហាញខ្លួនរបស់ iPad Pro 2019 នេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕

អត្ថបទ៖ Lee
- Share This Post:






