បច្ចេកវិទ្យា

តោះមកមើលការធ្វើតេស្ដ Galaxy Fold ដែលក្រុមហ៊ុន Samsung ធ្លាប់ថាអាចបើក/បត់បាន 200,000ដង

BY
autoadmin
October 5, 2019

បន្ទាប់ពីការជ្រួលជ្រើមជាច្រើន និងការពន្យាពេលចេញលក់យ៉ាងគួរឱ្យកត់សម្គាល់ ឥឡូវនេះ Galaxy Fold របស់ Samsung អាចរកទិញបានហើយនៅឯសហរដ្ឋអាមេរិក។ ប៉ុន្តែទោះយ៉ាងណាក្រុមហ៊ុន Samsung នៅតែព្រមានអ្នកប្រើប្រាស់ឱ្យប្រុងប្រយ័ត្នខ្ពស់ ទោះបីជាមានការកែប្រែឱ្យរឹងមាំជាងមុនក៏ដោយ។ ដោយដោះស្រាយចម្ងល់ថា Galaxy Fold មានភាពរឹងមាំបានប៉ុណ្ណា CNET ក៏ធ្វើការសម្រេចចិត្តសាកល្បងបើក/បត់ ស្មាតហ្វូនេះជាមួយនឹងឧបករណ៍ម៉្យាង ដែលបង្កើតដោយ SquareTrade ។

នៅក្នុងការធ្វើតេស្ដ Galaxy Fold អាចបើក/បត់ បានដល់ 119,380ដង ដោយប្រើរយៈពេលប្រហែល ១៤ម៉ោង មុនពេលអេក្រង់ និងផ្លាស្ទិចរបស់វាបានខូច។ វាគឺតិចជាងការប៉ាន់ស្មានទុកចំនួន 200,000ដង ដោយក្រុមហ៊ុន Samsung ដែលស្មើនឹងការបើក/បិទ រយៈពេល ៥ឆ្នាំ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកគាំទ្រ និងអ្នកដែលបានចូលមើលការផ្សាយផ្ទាល់នៃការធ្វើតេស្តបាននិយាយថា ដោយសារតែឧបករណ៍ធ្វើតេស្តនោះប្រើកម្លាំងខ្លាំងពេកទើបលទ្ធផលតិចជាងការគ្រោងទុក។ ហើយប្រសិនជាវាមានកម្លាំងធម្មតាដូចដៃមនុស្ស ម្ល៉េះវាអាចនឹងធន់ជាងនេះ ហើយវាជាជោគជ័យមួយសម្រាប់ Samsung ផងដេរ៕

អត្ថបទ៖ លីដា

Share This Post: