ពេទ្យព្រមានថា ផឹកតែគជ់ អាចកើតជំងឺរ៉ាំរ៉ៃ និងគ្រោះថ្នាក់ធ្ងន់ៗច្រើន
នៅស្រុកខ្មែរយើង មានកុមារ និងយុវវ័យជាច្រើន ចូលចិត្តផឹកតែគជ់ ប៉ុន្ដែពុំដឹងពីផលប៉ះពាល់នៃការផឹកភេសជ្ជៈនេះទេ។ ចំណែកនៅសិង្ហបុរីវិញ តែគជ់ ក៏និយមខ្លាំងណាស់ដែរ រហូតខាងមន្ទីរពេទ្យMount Alvernia Hospital អះអាងថា ភេសជ្ជៈនេះ អាចបណ្ដាលឲ្យកើតជំងឺរ៉ាំរ៉ៃ ប៉ះពាល់បេះដូង ដាច់សរសៃឈាមខួរក្បាល និងបង្កជាហានិយភ័យជំងឺធ្ងន់ៗមួយចំនួនទៀត។

ក្នុងការចេញផ្សាយរបស់មន្ទីរពេទ្យ បានព្រមានពលរដ្ឋសិង្ហបុរី ពីតែគជ់ដែលមានបរិមាណស្ករច្រើន។ សម្រាប់ការប្រៀបធៀបតែគជ់ ៧ប្រភេទ មន្ទីរពេទ្យរកឃើញថា តែទឹកដោះគោដែលប្រើស្ករត្នោត ជាមួយគ្រាប់គជ់ (Brown Sugar Milk Tea With Pearls) ជាភេសជ្ជៈបង្កហានិភ័យដល់សុខភាពជាងគេ។ វាមានផ្ទុកស្ករ ចំនួន ១៨,៥ស្លាបព្រាកាហ្វេ។
មន្ទីរពេទ្យ ព្រមានថា ស្ករ ទឹកដោះគោ និងក្រែមគ្មានសមាសធាតុទឹកដោះគោ (Non-dairy Creamer) ពិតជាអាចបង្កើនហានិភ័យនៃការកើតជំងឺរ៉ាំរ៉ៃ។ ក្នុងនោះ ក្រែមគ្មានសមាសធាតុទឹកដោះគោ មានផ្ទុកខ្លាញ់ Trans Fat ក្នុងទម្រង់ជាប្រេងដូង Hydrogenated Palm Oil។ ឯពពុះទឹកដោះគោ ក៏មានកាឡូរីខ្ពស់ដែរ គឺរហូតដល់ ២០៣កាឡូរី និងពពុះ Cheese មាន ១៨០កាឡូរី។ មន្ទីរពេទ្យបញ្ជាក់ថា ប្រេងនេះ បង្កឲ្យកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ជាមួយគ្នានេះ មន្ទីរពេទ្យ រកឃើញថា តែបៃតង និងតែខ្មៅ ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម រលាកសន្លាក់ និងមហារីក។
ដើម្បីបង្ការការកើតជំងឺរ៉ាំរ៉ៃ មន្ទីរពេទ្យណែនាំឲ្យកាត់បន្ថយការផឹកភេសជ្ជៈផ្អែម ដោយអតិថិជនត្រូវជ្រើសរើសហាង ដែលអាចកែប្រែកម្រិតជាតិស្ករក្នុងភេសជ្ជៈ និងកាត់បន្ថយរសជាតិផ្អែមបន្ដិចម្ដងៗ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ