បច្ចេកវិទ្យា

អវកាសយានិកជាស្ដ្រី ២នាក់ បានបញ្ចប់ការដើរក្នុងលំហរយ៉ាងជោគជ័យ និងជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ

BY
autoadmin
October 19, 2019

ព្រឹត្តិការណ៍សំខាន់ថ្មីមួយត្រូវបានកត់ត្រា នៅពេលដែលអវកាសយានិកអាមេរិកពីររូប បានបញ្ចប់ការដើរក្នុងលំហរ (spacewalk) ហើយពួកគេគឺជាស្ដ្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ។ អវកាសយានិកទាំងពីរនាក់មានឈ្មោះ Christina Koch និង Jessica Meir បានបញ្ចប់បេសកកម្មរបស់ខ្លួន និងបានចាកចេញពីស្ថានីយ៍អវកាសអន្តរជាតិកាលពីថ្ងៃសុក្រ។ បេសកកម្មរបស់ពួកគេគឺ ដើម្បីជំនួសនិយតករដែលគ្រប់គ្រងលំហូរថាមពលទៅស្ថានីយ៍។ អ្នកទាំងពីរបានធ្វើការយ៉ាងល្អ ដោយបានដោះឧបករណ៍ចាស់ចេញដោយប្រុងប្រយ័ត្ន និងដំឡើង hardware ថ្មី ដែលជាកិច្ចការមួយមានរយៈពេលប្រហែល ៧ម៉ោង។

ការពិតទៅសកម្មភាពពិសេស ដែលណាសាគ្រោងឱ្យមានការចូលរួមពីស្ដ្រីទាំងអស់នេះ ត្រូវបានគេគ្រោងធ្វើតាំងពីខែមីនា ប៉ុន្តែត្រូវបានលុបចោលវិញ ដោយសារតែមានឈុតអវកាស (spacesuit) ១សម្រាប់ប៉ុណ្ណោះដែលម្នាក់ក្នុងចំណោមពួកគេពាក់ត្រូវ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានខលទៅអវកាសយានិក នៅពេលដែលពួកគេកំពុងធ្វើការនៅទីអវកាសផងដែរ។ លោកបានកោតសរសើរសមិទ្ធផលរបស់ពួកគេជាប្រវត្តិសាស្ត្រពិតប្រាកដ ហើយបានហៅពួកគេថាជា “មនុស្សក្លាហាន” ។

គួររំលឹកដែរថា សហរដ្ឋអាមេរិកមានគោលបំណងបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទនៅ ឆ្នាំ២០២៤ រួមទាំងស្ត្រីដំបូងផងដែរ។ ស្ត្រីជាច្រើនត្រូវបានគេរំពឹងថា នឹងផ្សងព្រេងចូលទៅក្នុងអវកាស ដោយសារតែអវកាសយានិកស្ត្រីជាច្រើនកំពុងទទួលការបណ្តុះបណ្តាលនៅទីភ្នាក់ងារអវកាសនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត៕

អត្ថបទ៖ លីដា

Share This Post: