Huawei កំពុងប្រឹងលក់ស្មាតហ្វូនឲ្យបាន២៧០លានគ្រឿងក្នុងឆ្នាំ២០១៩នេះ
- October 28, 2019
តួលេខកាលពីឆ្នាំ២០១៧ ក្រុមហ៊ុនយក្សចិន Huawei លក់ស្មាតហ្វូនរបស់ខ្លួនបានទៅដល់១៥៣លានគ្រឿង និងបន្តមកឆ្នាំ២០១៨ ក្នុងចំនួនកើនខ្លាំងរហូតទៅដល់២០៦លានគ្រឿង ប៉ុន្តែទោះស្ថិតនៅក្នុងឆ្នាំដ៏ពិបាក២០១៩នេះ ដែលខ្លួនកំពុងទទួលរងការរិតត្បិតទីផ្សារពីសំណាក់សហរដ្ឋអាមេរិកក្តី Huawei នៅតែជឿជាក់ថា នឹងអាចបំបែកឯកទក្តកម្មចាស់បានដដែល។
ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសជាផ្លូវការថា ខ្លួនបានលក់ស្មាតហ្វូនបានទៅដល់២០០លានគ្រឿងមកហើយគិតត្រឹមខែតុលានេះ Huawei បានបង្ហាញពីមហិច្ឆិតារបស់ខ្លួនថែមទៀតនឹងលក់ឲ្យបានទៅដល់២៧០លានគ្រឿងគិតដល់ត្រឹមចុងឆ្នាំ២០១៩គឺជាចំនួន ដែលច្រើនជាងអ្វី ដែលក្រុមអ្នកវិភាគធ្លាប់បានទស្សទាយថែមទៀតផង។

ជាមធ្យមតាមតួលេខក្នុងឆ្នាំ២០១៩នេះ Huawei អាចលក់បានប្រមាណជា២០លានគ្រឿងក្នុងមួយខែឬ៥លានគ្រឿងក្នុងមួយសប្តាហ៍ ប៉ុន្តែដើម្បីសម្រេចផែនការថ្មីគិតចាប់រាប់ពីថ្ងៃនេះតទៅក្រុមហ៊ុនចាំបាច់លក់ឲ្យបាន៧លានគ្រឿងក្នុងមួយសប្តាហ៍ និង១លានគ្រឿងក្នុងមួយថ្ងៃរហូតដល់ថ្ងៃទី៣១ ខែធ្នូខាងមុខហើយបើតួលេខនេះនឹងកើនដូច ដែលបានរំពឹងទុកនោះ Huawei នឹងក្លាយទៅជាក្រុមហ៊ុនលក់ស្មាតហ្វូនធំបំផុតលើកទី១សម្រាប់ឆ្នាំនេះ៕
អត្ថបទ៖ Lee
- Share This Post:








