អ្នកជំនាញរកឃើញចន្លោះប្រហោងមួយអាចឲ្យ hacker ចូលទៅដំណើរមុខងារជាច្រើនលើស្មាតហ្វូន Android រាប់រយលានគ្រឿងបាន
- November 22, 2019
ជាអត្ថបទដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបានចេញផ្សាយដោយ DailyMail នៅថ្ងៃនេះដោយបាននិយាយថា អ្នកជំនាញបច្ចេកវិទ្យាជាច្រើនបានធ្វើការព្រមានមួយថា បច្ចុប្បន្នអ្នកប្រើប្រាស់ស្មាតហ្វូន Android ដល់ទៅរាប់រយលាននាក់នឹងប្រឈមមុខទៅនឹងក្រុម hacker ថ្មី ដែលពួកគេពេលនេះមានសមត្ថភាពក្នុងការចូលទៅដល់មុខងារសំខាន់ក្នុងទូរស័ព្ទទាំងនោះបានយ៉ាងងាយស្រួល។ ក្រុមអ្នកជំនាញបានប្រើប្រាស់ការធ្វើតេស្តទៅលើលទ្ធភាពនៃការងាយរងគ្រោះជាច្រើនវិធីនៅលើស្មាតហ្វូន Pixel ចំនួនពីរផ្សេងគ្នា ហើយជាលទ្ធផលពួកគេអាចចូលទៅដល់ស្មាតហ្វូន និងដំណើរការងារមួយចំនួន ដោយមិនបានឲ្យម្ចាស់ស្មាតហ្វូនបានដឹងឡើយ។
ដោយប្រើប្រាស់វិធីទាំងនោះក្រុមនេះអាចចាប់យកទិន្នន័យពីកាមេរ៉ានៃទូរស័ព្ទ ចូលទៅស្តាប់ការនិយាយទូរស័ព្ទ និងចាប់ដឹងទីតាំង GPS អ្នកប្រើថែមទៀត។ ចន្លោះប្រហោង ដែលត្រូវបានរកឃើញ ដោយក្រុមអ្នកជំនាញមកពីក្រុមហ៊ុន Chexmarx នោះត្រូវបានគេដាក់ឈ្មោះថា CVE-2019-2234 ដែលអនុញ្ញាតិឲ្យ hacker អាចចូលទៅដល់ និងប្រើប្រាស់កម្មវិធីសំខាន់ៗជាច្រើន និងប្រាកដណាស់ជាធ្វើឲ្យម្ចាស់ទូរស័ព្ទទឹកភ្នែកបានយ៉ាងងាយស្រួល។
ជាការធ្វើតេស្តដំបូងដោយក្រុមមកពី Chexmarx ជាមួយនឹងទូរស័ព្ទរបស់ Google ចំនួន២ម៉ូដេលគឺ Pixel 2 XL និងPixel 3 ប៉ុន្តែវាកាន់តែអាក្រក់ឡើងនៅពេលដែលក្រុមនេះក៏អាចប្រើប្រាស់ចន្លោះប្រហោងនេះទៅនឹងស្មាតហ្វូនទាំងឡាយ ដែលដំណើរការប្រតិបត្តិការ Android ទៀតផងដែរ៕

អត្ថបទ៖ Lee
- Share This Post:







