បច្ចេកវិទ្យា

ចិនផ្ដើមអនុវត្តវិធានការថ្មីតម្រូវឲ្យអ្នកទិញស៊ីមកាតថ្មីត្រូវតែស្កេនមុខ ដើម្បីចុះឈ្មោះ

BY
autoadmin
December 3, 2019

ចិន៖ រដ្ឋាភិបាលចិនទើបតែផ្ដើមអនុវត្តវិធានការថ្មីមួយកាលពីពេលថ្មីៗនេះ គឺតម្រូវឲ្យអ្នកទិញស៊ីមកាតទូរស័ព្ទថ្មីទាំងអស់ត្រូវតែចុះឈ្មោះតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខរបស់ពួកគេដោយផ្ទាល់តែម្តង។ តាមច្បាប់ចាស់ ដែលចិនបានអនុវត្តជាច្រើនឆ្នាំមកហើយនោះ ការចុះឈ្មោះប្រើប្រាស់សេវាកម្មទូរស័ព្ទថ្មីតម្រូវឲ្យអតិថិជនទាំងអស់គ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណចម្លងរបស់ពួកគេតែប៉ុណ្ណោះ។ យ៉ាងណាក្តី​ចាប់ពីពេលនេះតទៅរាល់អតិថិជនទាំងអស់ ដែលទិញស៊ីមកាតថ្មីត្រូវតែស្កេនមុខរបស់ពួកគេ ដើម្បីជាការចុះឈ្មោះ ហើយតាមរយៈការស្កេនមុខនេះគេនឹងអាចគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋបានងាយស្រួលជាងមុនផងដែរ។

សូមបញ្ជាក់ជូនប្រិយមិត្តថា បច្ចេកវិទ្យាស្កេនមុខគឺជាសមិទ្ធផលបច្ចេកវិទ្យាចុងក្រោយមួយរបស់ចិន ដែលបច្ចេកវិទ្យានេះនឺងអនុញ្ញាតឲ្យគេអាចតាមដាន និងត្រួតពិនិត្យទិន្ន័យរបស់ប្រជាពលរដ្ឋបានយ៉ាងងាយស្រួលជាទីបំផុត ព្រោះថាគ្រាន់តែប្រជាពលរដ្ឋដើរទៅណាមកណាដែលមានបំពាក់កាមេរ៉ាសុវត្ថិភាពនោះគេអាចដឹងបានភ្លាមថា គាត់ជាអ្នកណា មកពីណា ឬធ្លាប់ប្រព្រឹត្តបទល្មើលអ្វីខ្លះពីមុនមកជាដើម។ អាស្រ័យដូចហេតុនេះហើយទើបមានមតិសាធារណៈជនជាច្រើនបានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខដើម្បីចុះឈ្មោះប្រើប្រាស់ទូរស័ព្ទដូចខាងលើនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ឯកជនភាពរបស់ប្រជាពលរដ្ឋជាខ្លាំងផងដែរ៕

អត្ថបទ៖ ភក្តី

Share This Post: