សហគ្រិន អាស៊ី បញ្ចប់ការសិក្សាដោយជោគជ័យពីកម្មវិធីអាហារូបករណ៍ eFounders របស់សាលាពាណិជ្ជសាស្ត្រ Alibaba និង UNCTAD នេះបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Alibaba ឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ UNCTAD
ទីក្រុងហ្សឺណែវ ប្រទេសស្វីស / ហានចូវ ប្រទេសចិន ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ – វគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិន អាស៊ី ជាលើកដំបូង របស់កម្មវិធីគំនិតផ្តួចផ្តើម eFounders ត្រូវបានបិទបញ្ចប់ដោយជោគជ័យហើយនៅថ្ងៃនេះ នាទីក្រុង ហានចូវ ប្រទេសចិន។ កម្មវិធីដែលជាគំនិតផ្តួចផ្តើមរួមគ្នាមួយរបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) និងសាលាពាណិជ្ជសាស្រ្ត Alibaba នេះ មានគោលបំណងដើម្បីបំពេញចន្លោះប្រហោងឌីជីថលសម្រាប់សហគ្រិនវ័យក្មេង និងស្វែងរកនូវសក្តានុពលរបស់ពួកគេ។ ជាមួយនឹងការបិទបញ្ចប់វគ្គបណ្តុះបណ្តាលនៃកម្មវិធី eFounders លើកទីពីរនេះ Alibaba នាពេលនេះគឺជាជំហានថ្មីមួយទៀតដើម្បីខិតទៅរកការបំពេញបាននូវការប្តេជ្ញាចិត្តរបស់លោក Jack Ma ស្ថាបនិក និងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនAlibaba Group ក្នុងនាមលោកជាទីប្រឹក្សាពិសេសរបស់ UNCTAD សម្រាប់សហគ្រិនវ័យក្មេង និងអាជីវកម្មខ្នាតតូច។ ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខទៀត ក្រុមហ៊ុន Alibaba និង UNCTAD នឹងជួយពង្រឹងសមត្ថភាពនិងលើកកម្ពស់សិទ្ធិអំណាចដល់សហគ្រិនចំនួន ១000នាក់ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍដើម្បីទាញយកផលប្រយោជន៍ពីការវិវឌ្ឍបច្ចេកវិទ្យាឌីជីថលដើម្បីធ្វើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។

លោកស្រី Arlette Verploegh អ្នកសម្របសម្រួលកម្មវិធីគំនិតផ្តួចផ្តើម eFounders របស់ UNCTAD បានថ្លែងថា
«ស្មារតីដ៏ស្វាហាប់ មោះមុត និងភាពច្នៃប្រឌិតរបស់សហគ្រិនវ័យក្មេងទាំងនេះ និងវិធីសាស្រ្តដែលផ្តល់ការយកចិត្តទុកដាក់រវាងគ្នានឹងគ្នាដែលពួកគេបានបង្ហាញដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ គឺកំពុងតែស្ថិតនៅលើផ្លូវមួយដ៏ត្រឹមត្រូវ ហើយក៏បានលើកទឹកចិត្តពួកគេឲ្យចូលរួមកាន់តែសកម្មថែមទៀតដែរ»។
លោកស្រីបានបន្ថែមថា «រឿងរ៉ាវ និងបទពិសោធន៍របស់ពួកគេពិតជាបានផ្តល់នូវការជំរុញទឹកចិត្ត និងផ្តល់នូវគំរូមួយយ៉ាងពិតប្រាកដដែលអាចឲ្យមនុស្សជំនាន់ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងអស់នេះដើម្បីបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់សហគមន៍របស់ពួកគេ»។
សហគ្រិនអាស៊ីចំនួន៣៧នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងនោះមានសហគ្រិន២រូប ដែលពួកគាត់មកពីប្រទេសកម្ពុជា ដែលមានឈ្មោះដូចជា:
• លោក ជា ឡង់ដា ជាស្ថាបនិកក្រុមហ៊ុន BookMeBus ដែលផ្តល់ជូនការលក់សំបុត្រតាមអនឡាញសម្រាប់អ្នកធ្វើដំណើរតាមរយៈរថយន្តក្រុងក្នុងប្រទេសកម្ពុជា និងការធ្វើដំណើរទៅកាន់ប្រទេសថៃ វៀតណាម និងឡាវ
• លោក ស៊ឹម ចាន់គីរីរ័ត្ន ជាស្ថាបនិកក្រុមហ៊ុន បញ្ជី (BanhJi) ដែលជាក្រុមហ៊ុនគណនេយ្យមួយត្រូវបានបង្កើតឡើងសម្រាប់តម្រូវការជាក់លាក់របស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងតំបន់អាស៊ាន។

ប្រែក្លាយចំណេះដឹងរបស់ខ្លួនដើម្បីចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថលក្នុងយុគសម័យថ្មី
ឆ្លងកាត់វគ្គសិក្សាអស់រយៈពេល ១១ថ្ងៃនេះ សហគ្រិនអាស៊ីទាំងអស់ទទួលបានទស្សនៈទាន និងចំណេះដឹងមូលដ្ឋានជាច្រើន បានទៅធ្វើទស្សនកិច្ចទៅកាន់ទីតាំងក្រុមហ៊ុនផ្សេងៗ និងបានចូលរួមក្នុងវគ្គសិក្សាដើម្បីស្វែងយល់ ពីការវិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសចិនដែលបានឆ្លងកាត់ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។
ដោយប្រើប្រាស់ក្រុមហ៊ុន Alibaba ជាគំរូនៃការសិក្សារួមជាមួយនឹងការចូលរួមក្នុងកិច្ចប្រជុំនានា និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនដែលទើបតែបានបង្កើតឡើងថ្មីៗ និងសាលាពាណិជ្ជសាស្ត្រ ពាណិជ្ជកម្មអេឡិចត្រូនិច សិក្ខាកាម បានវិភាគលើប្រព័ន្ធសេដ្ឋកិច្ច និងដំណោះស្រាយរបស់ក្រុមហ៊ុន Alibaba រួមមាន Taobao Marketplace, Tmall, Alibaba.com, Cainiao Network, Hema និង Fliggy ក៏ដូចជានិន្នាការ និងការអភិវឌ្ឍថ្មីៗរបស់ឧស្សាហកម្មមួយនេះដូចជា ការលក់រាយ (New Retail) វិស័យពាណិជ្ជកម្មអេឡិចត្រូនិចនៅជនបទ និងការលេចឡើងថ្មីៗនូវសេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិត ជាដើម។
តាមរយៈវគ្គសិក្សាដែលមានការចូលរួមយ៉ាងសកម្មភាព និងផុសផុលនេះ សិក្ខាកាមបានទទួលចំណេះដឹងទាក់ទងនឹងការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ដែលបង្កើតឡើងដោយក្រុមហ៊ុន Alibaba Group ដើម្បីជួយគាំទ្រពង្រឹង និងពង្រីកសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសចិន និងពិនិត្យមើលពីរបៀបដែលពួកគេអាចយកមេរៀន និងបទពិសោធន៍ទាំងអស់នោះមកអនុវត្តនៅក្នុងទីផ្សារក្នុងប្រទេសកំណើតរបស់ពួកគេ។
លោក Brian Wong អនុប្រធានក្រុមហ៊ុន Alibaba Group ដែលដឹកនាំកម្មវិធីគំនិតផ្តួចផ្តើមជាសកលមួយនេះ បានលើកឡើងថា «យើងចង់លើកកម្ពស់ និងផ្តល់សិទ្ធិអំណាចដល់សហគ្រិនឆ្នើមទាំងនេះឲ្យទទួលបាននូវទស្សនៈទានថ្មីៗ និងផ្តល់នូវគន្លឹះសម្រាប់ទទួលបានភាពជោគជ័យតាមរយៈការផ្តល់នូវការអនុវត្តដែលផ្សារភ្ជាប់ទៅនឹងទ្រឹស្តីប្រកបដោយទេពកោសល្យដ៏ល្អបំផុត និងកិច្ចខិតខំប្រឹងប្រែងរបស់យើងជាមួយ Alibaba និងបណ្តាញដៃគូជាច្រើនទៀតរបស់យើង»។
លោកបន្តថា «វាជាការជំរុញទឹកចិត្តដើម្បីឲ្យពួកគេមើលឃើញពីចំណង់ចំណូលចិត្តនៅក្នុងការខិតខំប្រឹងប្រែងការរៀនសូត្ររបស់ពួកគេ។ ការពិភាក្សាយ៉ាងម៉ត់ចត់របស់ពួកគេអំពីបញ្ហា និងសំណួរផ្សេងៗដើម្បីស្វែងយល់ពីការវិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសចិន បានជួយពួកគេឱ្យរកឃើញគំនិតល្អៗ និងវិធីសាស្រ្តថ្មីៗជាគំរូសម្រាប់ការចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ និងដើម្បីផលបម្រើផលប្រយោជន៍សហគមន៍របស់ពួកគេនៅក្នុងប្រទេសកំណើតរបស់ខ្លួន។
ទិដ្ឋភាពដ៏ល្អឥតខ្ចោះតែមួយគត់នៃកម្មវិធីនេះ គឺសិក្ខាកាមបានជួបក្រុមប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba និងភាគីពាក់ព័ន្ធដែលទទួលបានភាពជោគជ័យខាងពាណិជ្ជកម្មអេឡិចត្រូនិច ដូចជា PayTM អ្នកផ្តល់សេវាកម្ម eWallet ឈានមុខគេរបស់ឥណ្ឌា និង Lazada ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លើសពីនេះទៅទៀត សិក្ខាកាមទាំងអស់ បានធ្វើទស្សនកិច្ចទៅកាន់ទីតាំងជាច្រើនរបស់ក្រុមហ៊ុន Alibaba ដូចជា Hema Fresh ដើម្បីទទួលបានបទពិសោធន៍នៃ”ការលក់រាយថ្មី” (New retail)។ ពួកគេក៏មានឱកាសយល់ដឹងអំពីឃ្លាំងដឹកជញ្ជូនដ៏ឆ្លាតវៃផងដែរ ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលឃ្លាំងដឹកជញ្ជូនទំនិញ CainiaoJiaxing និងបានកោតសរសើរពីសក្តានុពលដ៏ធំធេងនៃការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចនៅភូមិ Bainiu ដែលត្រូវបានគេស្គាល់ថាជាភូមិ Taobao របស់ប្រទេសចិនបន្ទាប់ពីគេហទំព័រលក់ឥវ៉ាន់អនឡាញ ដោយសារតែការធ្វើសមាហរណកម្មវិស័យពាណិជ្ជកម្មអេឡិចត្រូនិចជាមួយគ្រប់ទីកន្លែងត្រូវបានធ្វើឡើងនៅទីនោះ។
សហគ្រិនក៏ទទួលបានបទពិសោធន៍ទាក់ទងនឹងសក្តានុពលនៃការផ្លាស់ប្តូរបច្ចេកវិជ្ជាទៅលើសង្គមចិនដែរដោយពួកគេបានទៅមើលតំបន់ Dream Town ក្នុងខេត្ត Zhejiang ដែលជាតំបន់ Silicon Valley របស់ចិន និងទីក្រុង Yiwu ដែលជាទីតាំងសំខាន់សម្រាប់ផលិតផលលក់ដុំ ក្នុងប្រទេស និងពិភពលោក និងជាទីផ្សារ B2B ដ៏ធំបំផុតរបស់ពិភពលោក។
អាហារូបករណ៍ដែលមានលក្ខណៈជាសកលសម្រាប់សហគមន៍នៅទូទាំងពិភពលោក
នៅចុងបញ្ចប់នៃកម្មវិធីរយៈពេល ១១ថ្ងៃនេះ សិក្ខាកាម បានចែករំលែកអំពីវិធីសាស្ត្រ និងចំណេះដឹងដែលពួកគេទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងគម្រោងចែករំលែកចំណេះដឹងថ្មីៗរបស់ពួកគេទាក់ទងនឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច វិស័យហិរញ្ញវត្ថុអេឡិចត្រូនិច និងការទូទាត់ ការដឹកជញ្ជូនឆ្លាតវៃ ទិន្នន័យធំៗ និងវិស័យទេសចរណ៍ទៅកាន់សហគ្រិនដូចគ្នា និងសហគមន៍របស់ពួកគេ នៅពេលពួកគេត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ ហើយបង្កើតគំនិតថ្មីៗដើម្បីឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន។
សិក្ខាកាមមកពីប្រទេសកម្ពុជា លោក ជា ឡង់ដា ស្ថាបនិកក្រុមហ៊ុន BookMeBus ដែលផ្តល់ជូនការលក់សំបុត្រតាមអនឡាញសម្រាប់អ្នកធ្វើដំណើរតាមរយៈរថយន្តក្រុងក្នុងប្រទេសកម្ពុជា និងការធ្វើដំណើរទៅកាន់ប្រទេសថៃ វៀតណាម និងឡាវ បានលើកឡើងថា «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏
អស្ចារ្យនេះ ហើយមានឱកាសបានជួបអ្នកដែលមានទេពកោសល្យជាច្រើននាក់មកពីប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ យើងបានទទួលការបណ្តុះបណ្តាលពីនាយកប្រតិបត្តិអាជីវកម្មរបស់ក្រុមហ៊ុន Alibaba Group ពីអង្គភាពអាជីវកម្មផ្សេងៗគ្នា និងគម្រោងនានាអំពីប្រព័ន្ធសេដ្ឋកិច្ចដើម្បីលើកកម្ពស់ និងផ្តល់សិទ្ធិអំណាចដល់អាជីវកម្មខ្នាតតូច។ លើសពីនេះទៅទៀត យើងបានផ្លាស់ប្តូរចំណេះដឹងជាច្រើនជាមួយអ្នកចូលរួមចំនួន ៣៧ នាក់ ហើយបានរៀនសូត្រពីគ្នាទៅវិញទៅមកយ៉ាងច្រើនទាក់ទងនឹងអាជីវកម្មរបស់យើងក៏ដូចជាវិធីសាស្ត្រដែលយើងអាចចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះគឺជាកម្មវិធីដ៏ល្អបំផុតមួយដែលខ្ញុំមិនធ្លាប់បានចូលរួមពីមុនមកនោះទេ។ ដូចសិក្ខាកាមដទៃទៀតដែរ ខ្ញុំគិតថា កម្មវិធីនេះគួរតែត្រូវបានពង្រីកដល់អ្នកចូលរួមវ័យក្មេងឲ្យបានកាន់តែច្រើនច្រើនបន្ថែមទៀតនាពេលអនាគត ដើម្បីឲ្យពួកគេមានឱកាសទទួលបានផលប្រយោជន៍ពីវាដូចពួកយើងដែរ»។
«នេះគឺជាបទពិសោធន៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលខ្ញុំបានរៀនពីអ្នកដឹកនាំអង្គភាពអាជីវកម្មសំខាន់ៗនៅក្នុងក្រុមហ៊ុន Alibaba ដោយផ្ទាល់ និងប្រព័ន្ធសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមួយនេះ។ បញ្ហាសំខាន់នាពេលបច្ចុប្បន្ននេះ គឺថាយើងត្រូវខិតខំយកចំណេះដឹង និងគំនិតច្នៃប្រឌិតថ្មីៗទាំងអស់នេះ ទៅធ្វើយ៉ាងណាឲ្យមានលក្ខណៈក្នុងស្រុក សាមញ្ញ និងងាយៗសម្រាប់ប្រព័ន្ធសេដ្ឋកិច្ចថ្មីរបស់ប្រទេសកម្ពុជា»។ នេះជាការបញ្ជាក់របស់សិក្ខាកាមមួយរូបទៀតមកពីប្រទេសកម្ពុជា គឺលោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិកក្រុមហ៊ុន បញ្ជី (BanhJi) ដែលជាក្រុមហ៊ុនគណនេយ្យមួយត្រូវបានបង្កើតឡើងសម្រាប់តម្រូវការជាក់លាក់របស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងតំបន់អាស៊ាន។
ការបញ្ចប់វគ្គសិក្សារបស់បេក្ខជនអាស៊ីចំនួន ៣៧ នាក់ ដែលមកពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន ថៃ និង វៀតណាមនេះ មានន័យថា ពួកគេត្រូវបានក្លាយជាសមាជិកនៃបណ្តាញគំនិតផ្តួចផ្តើម eFounders សកល ជាផ្លូវការ ជាមួយនឹងសិក្ខាកាមអាហ្វ្រិកចំនួន ២៤នាក់ ផ្សេងទៀតដែលបានបញ្ចប់ការសិក្សាកាលពីឆ្នាំ ២០១៧។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ UNCTAD និង Alibaba ដើម្បីធានាបានថា សមាជិកទាំងអស់អនុវត្ដយ៉ាងសកម្មនូវអ្វីដែលពួកគេបានរៀនសូត្រនៅក្នុងសហគមន៍របស់ពួកគេនោះ ស្ថាប័នទាំងពីរនឹងបន្តការតាមដានត្រួតពិនិត្យជាមួយសមាជិកដោយមានការគាំទ្រពីភាគីពាក់ព័ន្ធក្នុងរយៈពេលបីខែម្តង និងគាំទ្រដល់ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចឌីជីថល ដែលត្រូវបានបង្កើតឡើងដើម្បីកំណើនប្រកបដោយនិរន្តរភាពនៅជុំវិញពិភពលោក៕
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីគំនិតផ្តួចផ្តើម eFounders សូមចូលទៅគេហទំព័រ https://agi.alibaba.com/efounders-fellowship និង http://unctad.org/en/pages/newsdetails.aspx?OriginalVersionID=1615។
# # #
អំពី UNCTAD
គំនិតផ្តួចផ្តើម eFounders គឺជាផ្នែកមួយនៃភាពជាដៃគូឆ្លាតវៃរបស់ UNCTAD ដែលបង្កើតឡើងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
អំពីក្រុមហ៊ុន Alibaba Group
បេសកកម្មរបស់ក្រុមហ៊ុន Alibaba Group គឺធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើអាជីវកម្មនៅគ្រប់ទីកន្លែង។ ក្រុមហ៊ុនមានគោលបំណងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនាពេលអនាគត។ ក្រុមហ៊ុននេះយល់ឃើញថា អតិថិជនរបស់ខ្លួននឹងបានជួបពិភាក្សា ធ្វើការងារ និងស្ថិតនៅជាមួយក្រុមហ៊ុន Alibaba ហើយនោះវាជាមូលហេតុមួយដែលធ្វើឲ្យ Alibaba នឹងក្លាយជាក្រុមហ៊ុនដែលមានអាយុយ៉ាងហោចណាស់ក៏ ១០២ឆ្នាំដែរ។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
UNCTAD
+41 22 917 5828 / +41 79 502 43 11
unctadpress@unctad.org
Jyotika Ahuja
Alibaba Group
+91 96191 22379
jyotika.ahuja@alibaba-inc.com