Galaxy S11 បំពាក់កាមេរ៉ា ១០៨មេហ្គាភិចសែល និងប្រើបន្ទះឈីបនាគរាជ 865 នឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយ
- December 9, 2019
ព័ត៌មានបែកធ្លាយជាច្រើនរបស់ស្មាតហ្វូន Galaxy S11 បានបន្តកើតឡើងកាន់តែច្រើនឡើង ខណៈដែលការបង្ហាញខ្លួនក៏កាន់តែខិតជិតមកដល់ផងដែរ។ ក្នុងសប្តាហ៍នេះមានព័ត៌មានបន្ថែមកាន់តែច្បាស់ផ្សេងទៀតអំពី Galaxy S11 ត្រូវបានចេញផ្សាយដោយ The Suntech ដោយអះអាងថា Galaxy S11 5G ក៏មានវត្តមានជាមួយគ្នាផងដែរ។ ព័ត៌មានចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា ការបង្ហាញខ្លួនជាផ្លូវការនឹងអាចធ្វើឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ខណៈដែល The Suntech បានបន្ថែមទៀត ឆ្នាំក្រោយនេះ Galaxy S11 នឹងតម្លើងកាម៉េរាដល់ទៅ១០៨មេហ្គាភិចស៊ែល ដែលវាពិតជាបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងបំផុត ចំពោះទំហំដ៏ធំបែបនេះខណៈដែល iPhone 11 Pro មានទំហំត្រឹមតែ១២មេហ្គាភិចសែលប៉ុណ្ណោះ ហើយវាក៏មានសមត្ថភាព Zoom បានដល់ 5x ថែមទៀតផង។

បន្ទះឈីប Snapdragon 865 គឺជាបន្ទះឈីបថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន Qualcomm ហើយបន្ទះឈីបនេះផងដែរ ត្រូវបានគេរំពឹងថា នឹងបំពាក់លើ Galaxy S11 នៅឆ្នាំក្រោយនេះ។ ទោះបីជាយ៉ាងណាក្តីមិនមានអ្នកជំនាញណាហ៊ានអះអាងច្បាស់ពីពេលវេលាក្នុងការបង្ហាញខ្លួនជាផ្លូវការក្តី ប៉ុន្តែកន្លងមក Samsung តែងតែធ្វើឡើងនៅក្នុងកំឡុងខែកុម្ភៈ និងមិនា ជាក់ស្តែងដូចជា Galaxy S10 ដែលបានបង្ហាញខ្លួនកាលពីថ្ងៃទី២០កុម្ភៈ និងត្រូវបានដាក់លក់ជាផ្លូវការនៅថ្ងៃទី៨ ខែមិនា៕
អត្ថបទ៖ ស៊ុនលី
- Share This Post:







