ចំណុចមួយចំនួន ដែលយើងគួរយល់ដឹងអំពីជំងឺ មហារីកសួត
ជំងឺ មហារីកសួត គឺជាប្រភេទជំងឺមួយ ដែលធ្វើឲ្យកោសិកាអាក្រក់រីករាលដាលនៅក្នុងសួត ដែលមិនអាចទប់ស្កាត់បាន។ ទាំងនេះហើយជាហេតុបណ្ដាលឲ្យមានការរីកលូតលាស់នៃដុំសាច់ និងធ្វើឲ្យអ្នកជំងឺពិបាកក្នុងការដកដង្ហើម។ យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលពិនិត្យ និងទប់ស្កាត់ជំងឺ ហៅកាត់ថា CDC បានឲ្យដឹងថាមានមនុស្សចំនួន ២១៨,៥២៧នាក់ នៅក្នុងសហរដ្ឋអាមេរិក បានទទួលសេវាកម្មរោគវិនិច្ឆ័យទៅលើជំងឺមហារីកសួត នៅក្នុងឆ្នាំ២០១៥ ។ ការរួសរាន់ដើម្បីទទួលនូវសេវាកម្មមួយនេះ អាចជួយឱ្យមនុស្សម្នាក់ស្វែងរកការព្យាបាលបានទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន។

ជាទូទៅ ក្រុមវេជ្ជបណ្ឌិតបានរកឃើញ និងធ្វើការបែងចែកជំងឺមហារីកសួតជាពីរ គឺប្រភេទកោសិកាតូច និងកោសិកាធំ។ ការបែងចែកនេះត្រូវបានកំណត់ដោយផ្អែកទៅលើការថតពង្រីកដោយប្រើឧបករណ៍មីក្រូស្កូប។ យ៉ាងណាមិញ មនុស្សភាគច្រើនទទួលរងនូវជំងឺមហារីកសួតប្រភេទកោសិកាធំជាជាងកោសិកាតូច។ ជំងឺមហារីកសួតអាចមានការវិវត្តន៍យ៉ាងឆាប់រហ័សប្រសិនបើអ្នកធ្លាប់មានប្រវត្តិស្រូបយកសារធាតុគីមី និងជាតិពុលផ្សេងៗក្នុងកម្រិតកំណត់ណាមួយពីបរិយាកាសដូចជា ផ្សែងបារី និងផ្សែងដែលភាយចេញពីប្រភពជាច្រើនទៀត។
នៅក្នុងខ្លួនប្រាណមនុស្សដែលមានផ្ទុកមេរោគមហារីកសួត បណ្តុំរោគសញ្ញានឹងមិនលេចចេញមកជាដាច់ខាតរហូតការវិវត្តន៍នៃមេរោគឈានដល់ដំណាក់កាលចុងក្រោយតែម្តង។ តែទោះជាយ៉ាងណា ក៏មនុស្សមួយចំនួនអាចធ្វើកំណត់សម្គាល់ទៅលើរោគសញ្ញានៃជំងឺដ៏កាចសាហាវមួយនេះបានដែរតាមរយ:អាការមួយចំនួនដូចខាងក្រោមនេះ៖
– ការលែងឃ្លានអាហារ
– ប្រែសម្លេងទៅជាស្អក
– ឧស្សាហ៍រលាកទងសួត ឬហើមសួត
– ក្អករ៉ាំរ៉ៃយូរអង្វែង
– ការដកដង្ហើមខ្លីៗ
– ឈឺក្បាលញឹកញាប់ដោយមិនដឹងមូលហេតុ
– ស្រកទម្ងន់
– ដកដង្ហើមតឹងៗ
គួរបញ្ជាក់ផងដែរថា អ្នកជំងឺខ្លះអាចជួបប្រទះនូវបទពិសោធន៍នៃអាការធ្ងន់ធ្ងរជាងនេះទៅទៀត ដោយមានស្ថានភាពឈឺចុកចាប់ក្នុងដើមទ្រូង ឬឆ្អឹង ឬក៏រហូតដល់ក្អកធ្លាក់ឈាមក៏មាន៕
