ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    PlayStation ជាឧបករណ៍លេងហ្គេម ដែលលក់ដាច់បំផុតបំបែកកំណត់ត្រាពិភពលោក

    BY autoadmin December 21, 2019
    PlayStation ជាឧបករណ៍លេងហ្គេម ដែលលក់ដាច់បំផុតបំបែកកំណត់ត្រាពិភពលោក

    កាលពីដើមខែនេះ PlayStation ទើបតែប្រារព្ធខួបលើកទី២៥ ដោយឧបករណ៍ហ្គេមនេះត្រូវបានចេញលក់ដំបូងបំផុតតាំងពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៩៤ មកម៉្លេះ។ វាគឺជាឧបករណ៍ហ្គេមដ៏មានឥទ្ធិពលបំផុត និងអាចលេងហ្គេមធំៗល្បីៗពីជុំវិញពិភពលោកនេះ។ មិនត្រឹមតែប៉ុណ្ណឹងទេ PlayStation គឺជាម៉ាកដែលលក់ដាច់បំផុត ដែលវាបានជាប់ក្នុងសៀវភៅកំណត់ត្រាហ្គីនណេស នៅក្នុងថ្ងៃគម្រប់ខួប ២៥ឆ្នាំ របស់ខ្លួនទៀតផង (Guinness World Records) ។ គិតមកត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ PlayStation, PS2, PS3 និង PS4 លក់ដាច់បានចំនួន ៤៥០លានគ្រឿង ហើយមិនទាន់មានម៉ាកដទៃណាទទួលបានជោគជ័យអាចជាប់កំណត់ត្រាបែបនេះទេ។

    យ៉ាងណាមិញកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានបញ្ជាក់នៅលើ Facebook ផ្លូវការថា ក្រុមហ៊ុនជប៉ុន មីនីបៀ (Minebea) បានបោះទុនទឹកប្រាក់ប្រមាណជាង ៤០០លានដុល្លារ ដើម្បីវិនិយោគលើការផលិតឧបករណ៍លេងហ្គេម PSP Game និង Nintendo Game នៅកម្ពុជា ដើម្បីចែកចាយទៅកាន់ពិភពលោក។ សម្តេចបានបញ្ជាក់ថែមទៀតថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមួយនេះ បានរួមចំណែកក្នុងការផ្តល់ការងារដល់ប្រជាជនខ្មែរជាង ៧ពាន់នាក់ ហើយអាចនឹងកើនឡើងដល់ ២ម៉ឺននាក់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

    ការដែលក្រុមហ៊ុន មីនីបៀ បោះទុនមកលើកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ វានឹងធ្វើឱ្យផលិតផលរបស់កម្ពុជាកាន់តែទូលំទូលាយនៅទីផ្សារអន្តរជាតិ ជាពិសេសផលិតផល “Made in Cambodia” កាន់តែមានឱកាសល្បីឈ្មោះបានយ៉ាងឆាប់រហ័ស។ សម្រាប់អ្នកដែលគាត់ជាអ្នកចូលចិត្តលេងហ្គេម ពួកគាត់ប្រហែលជាជ្រាបច្បាស់ថា ឧបករណ៍លេងហ្គេម PSP Game និង Nintendo Game មានភាពល្បីល្បាញប៉ុណ្ណា។ ម៉្យាងទៀតឧបករណ៍លេងហ្គេម PSP Game របស់ PlayStation គឺមិនមែនគ្រាន់តែជាឧបករណ៍កម្សាន្តធម្មតានោះទេ វាមានប្រជាប្រិយភាពខ្លាំងណាស់ និងលក់ដាច់បំផុតរហូតត្រូវបានកត់ត្រាចូលក្នុងសៀវភៅ Guinness World Records ទៀតផង។ មួយវិញទៀតសូម្បីតែឧបករណ៍ Nintendo ក៏មានប្រជាប្រិយភាពដេញពីក្រោយ PlayStation ផងដែរ ដូច្នេះការវិនិយោគនេះគឺពិតជាចំណេញដល់កម្ពុជាច្រើនមែនទែន៕

    អត្ថបទ៖ លីដា

    Share This Post: