កូនតូចៗក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាកុំស្លន់ស្លោ មកដឹងពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ
ពេលកូនក្ដៅខ្លួនម៉ាក់ប៉ាប្រាកដជាព្រួយបារម្ភខ្លាំងស្លន់ស្លោ ធ្វើនេះធ្វើនោះមិនខាន តែមួយភាគធំបែរជាបង្កជាកំហុសផ្សេងៗអំឡុងពេលនេះវិញ។ ដូចនេះលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅបានចែករំលែកចំណេះដឹង និងពីកំហុសឆ្គងរបស់ប្រជាពលរដ្ឋខ្មែរ។
១- ថ្វីត្បិតតែការប្រកាច់ដោយសារក្ដៅខ្លួន ពេលជាទៅវិញមានជាង ៩៥ % នៃកុមារមិនមានផលប៉ះពាល់ដល់ខួរក្បាល បញ្ញា និងស្មារតីទៅថ្ងៃមុខក៏ពិតមែន តែក៏មិនគួរឲ្យក្មេងក្ដៅដល់ប្រកាច់ដែរ ការប្រកាច់ដោយសារក្ដៅខ្លួនភាគច្រើនបំផុតមកពីកង្វះចំណេះដឹងរបស់ប៉ាម៉ាក់តែម្ដង។

២- ជាទូទៅកម្ដៅធម្មតារបស់មនុស្សទាំងក្មេង និងចាស់គឺចន្លោះ ៣៦ អង្សារសេទៅ ៣៧.៣ អង្សារសេ ចំណែកការក្ដៅខ្លួនដល់ប្រកាច់របស់កូនក្មេងគឺចាប់ពី ៣៨.៥ អស្សារសេ (ទៅតាមក្មេង ក្មេងកាន់តែតូចកាន់តែងាយប្រកាច់)។
៣- ជាធម្មតាឲ្យតែមានក្ដៅខ្លួន គឺមានរងាមកជាមួយហើយ ដូចនេះពេលកូនស្រែករងាម៉ាក់ប៉ាបែរជាទាញភួយ ឬកន្សែងមកដណ្ដប់ឲ្យកូន អ្នកខ្លះចាប់កូនកោសខ្យល់ ដែលសុទ្ធតែជាហេតុធ្វើឲ្យកំដៅកូនកាន់តែក្ដៅឡើងខ្លាំងៗ។
៤- ពេលក្ដៅខ្លួនគឺយើងត្រូវការធ្វើឲ្យខ្លួនត្រជាក់ ដោយជូតខ្លួននឹងកន្សែងសើម ឬងូតទឹក តែខ្មែរយើងខ្លះមិនហ៊ានជូតខ្លួន ឬងូតទឹកទេខ្លាចទឹកចូលសួត ត្រូវពាក់អាវស្ដើងៗ ឬដោះតែម្ដងកាន់តែល្អ ដាក់ឲ្យត្រូវកង្ហារ ឬម៉ាស៊ីនត្រជាក់ (ត្រូវឲ្យកូនទ្រាំរងា ពេលត្រជាក់ខ្លួនវិញនឹងបាត់រងាហើយ)។
៥- ឲ្យលេបថ្នាំបញ្ចុះកម្តៅ (បា៉រា៉សេតាមុល) អាចជាថ្នាំគ្រាប់ឬសេរ៉ូ និងជៀសវាងការប្រើពពួកអាស្ពីរីន បើសិនជាមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ រួចហើយបន្តជូតខ្លួន ឬងូតទឹករហូតដល់ត្រជាក់ខ្លួន ឬសុលតាមបាតបើលេបមិនកើត រួចហើយត្រូវយកទៅជួបវេជ្ជបណ្ឌិត បើយប់អ្នកអាចចាំភ្លឺបានដោយប្រើវិធីបញ្ចុះក្ដៅខាងលើ។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ថា ក្នុងផ្ទះនីមួយៗគួរតែមានឧបករណ៍មួយចំនួនដូចជា ទែរម៉ូម៉ែត្រវាស់កម្ដៅ និងថ្នាំបញ្ចុះកម្ដៅទុកប្រើពេលចាំបាច់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
