ក្រុមហ៊ុនស្រាបៀរអង្គរ បានឧបត្ថម្ភកុំព្យូទ័រ ២០គ្រឿងដល់បណ្ណាល័យកំពង់ស្ពឺដើម្បីជំរុញអោយយុវជនកាន់តែយល់ដឹងកាន់តែច្បាស់ពីវិស័យព័ត៌មានវិទ្យា
កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨កន្លងទៅ មូលនិធិអង្គរ នៃផ្នែកទំនាក់ទំនងសាធារណៈ និងកិច្ចការសង្គម របស់ក្រុមហ៊ុនកម្ពុជាខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានឧបត្ថម្ភកុំព្យូទ័រចំនួន២០គ្រឿង ដល់បណ្ណាល័យខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។ ការឧបត្ថម្ភនេះ បានបញ្ជាក់ឲ្យឃើញពីការគាំទ្រដល់វិស័យអបរំនៅកម្ពុជារបស់ស្រាបៀរអង្គរ។

កម្មវិធីឧបត្ថម្ភកុំព្យូទ័រ ២០គ្រឿង ដែលធ្វើឡើងនៅខេត្តកំពង់ស្ពឺនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកវេជ្ជបណ្ឌិត សាយ សាណា ថង ខាំច័ន្ទ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនកម្ពុជាខេមប្រ៊ូវ (ស្រាបៀរអង្គរ)។

លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុនកម្ពុជា ខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានមានប្រសាន៍ថា៖«ខ្ញុំជឿជាក់ថា ការអប់រំគឺជាគនឹ្លះ ដ៏សំខាន់ ដែលអាចធ្វើឱ្យជីវិតកាន់តែប្រសើរ ហើយយុវជនគប្បីមានឧបករណ៍សមស្រប ជំនួយដល់ការសិក្សាបន្ថែមរបស់ពួកគេ នាពេលបច្ចុប្បន្ន និងអនាគត។ ហេតុដូច្នេះហើយ យើងមានក្ដីសង្ឍឹមថា តាមរយៈការរួមចំណែកឧបត្ថម្ភ និងអាចជូយក្នុងដំណើរការរៀនសូត្ររបស់យុវជន សិស្ស ឲ្យកាន់តែមានភាពងាយស្រួល និងមានភាពសប្បាយរីករាយបន្ថែមទៀត»។

គួរបញ្ជាក់ផងដែរថា មូលនិធិអង្គរ បានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ក្នុងគោលបំណងជំរុញពង្រឹងសិទ្ធិអំណាចដល់សហគមន៍ តាមរយៈការគាំទ្រអប់រំ និងការអភិវឌ្ឍន៍សហគមន៍។ មកទល់បច្ចុប្បន្ន មូលនិធិអង្គរ បានចំណាយថវិកាប្រមាណជាង ៥លានដុល្លារសហរដ្ឋអាមេរិក លើកម្មវិធីអប់រំ និងការអភិវឌ្ឍន៍សហគមន៍នានាដោយផ្ទាល់ ហើយប្រជាជនខ្មែរ ដែលទទួលបានអត្ថប្រយោជន៍ពីមូលនិធិអង្គរ មានប្រមាណ ១.២លាននាក់ នៅទូទាំងប្រទេស។ លើសពីនេះ មូលនិធិអង្គរ បានផ្តល់សម្ភារៈសម្រាប់សិក្សា ដល់សិស្សានុសិស្សចំនួន ៧៥,០០០នាក់ មកពី១៥៧សាលារៀន។

នៅក្នុងការរួមចំណែកក្នុងវិស័យអប់រំនេះ មូលនិធិអង្គរ ក៏បានផ្ដល់អាហារូបករណ៍ពេញ ដល់និស្សិតក្រីក្រ រួមទាំងនិស្សិតឆ្នើម បានប្រមាណជាង ៥០០នាក់ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នៅកម្មវិធីអាហាររូបករណ៍ផងដែរ៕





