កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ
ក្មេងក្តៅខ្លួនខ្លាំងលើសពី ៣៨ អង្សារសេ តែងមានអាការៈក្តៅរងាមកជាមួយ បែបនេះទើបម៉ាក់ប៉ា រកវិធីបំបាត់អាការៈព្រឺរងារ ដោយការដណ្តប់ភួយ ឬស្លៀកខោអាវក្រាស់ៗឲ្យកូន។ តែការធ្វើបែបនេះគ្រូពេទ្យអះអាងថា គ្រោះថ្នាក់ទៅវិញទេ ព្រោះកម្តៅកាន់តែងំខ្លាំង ឡើងតែខ្ពស់ ករណីធ្ងន់ធ្ងរធ្វើឲ្យក្មេងប្រកាច់ទៀតផង។ ចំពោះវិធីសង្គ្រោះបឋមពេលកូនក្តៅខ្លួនខ្លាំង មិនឲ្យកូនគ្រោះថ្នាក់ដល់ជីវិត មុននឹងទៅដល់មន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ណែនាំឲ្យយកកន្សែងជ្រលក់ទឹកសើមៗ មកជូតខ្លួនកូនឲ្យសព្វ ពិសេសកន្លែងសរសៃឈាមធំៗ ដូចជា ត្រង់តំបន់ក ឃ្លៀក កន្លាក់ដៃជើង ហើយបើកូនមានស្លៀកពាក់ខោអាវជិតៗ ឬក្រាស់ៗ ត្រូវដោះចេញភ្លាម និងមិនត្រូវឲ្យកូនដណ្តប់ភួយ កន្សែង នោះទេនិងប្រសិនបើអាចត្រូវងូតទឹកឲ្យកូន ទោះជារងាខ្លាំងយ៉ាងណាក៏ដោយ។
បន្ទាប់មកត្រូវឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ( ប៉ារ៉ាសេតាម៉ុល) តាមកម្រិតរបស់ក្មេង និងមិនត្រូវឲ្យថ្នាំពពួកអាស្ពីរីនជាដាច់ខាត បើគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ និងត្រូវឲ្យកូនញ៉ាំទឹកឲ្យច្រើន ហើយត្រូវតាមដានកម្តៅកូនជាប់រហូត តាមរយៈការយកទែម៉ូម៉ែត្រស្ទង់កម្តៅមកវាស់ ទើបប្រាកដ ១០០% ថា កូនក្តៅខ្លួនខ្លាំងកម្រិតណា ចៀសវាងការប៉ាន់ស្មានដោយការស្ទាបនឹងដៃ។
ចំពោះមូលហេតុពេលយើងគ្រុនក្តៅមានលាយអាការៈរងារមកជាមួយនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា ជាធម្មតារាងកាយត្រូវមានតុល្យភាពដោយក្តៅ និងត្រជាក់ ស្មើគ្នា ដូច្នេះហើយនៅពេលខ្លួនយើងក្តៅខ្លួន អ៊ីចឹងរាងកាយយើង ពិសេសសាច់ដុំត្រូវធ្វើចលនាបញ្ចេញធាតុត្រជាក់ ដើម្បីទប់ទល់នឹងធាតុក្តៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
