បច្ចេកវិទ្យា

ស្មាតហ្វូនអេក្រង់បត់របស់ Motorola ពន្យាពេលដាក់លក់ ដោយសារមូលហេតុមិននឹកស្មានមួយនេះ

BY
Khmernote Media
December 23, 2019

ជិតដាច់ឆ្នាំ២០១៩ទៅហើយ ប៉ុន្តែអតិថិជននៅអាមេរិកកំពុងតែទន្ទឹងរងចាំក្នុងការធ្វើការបញ្ជាទិញនូវស្មាតហ្វូនដ៏ថ្មីស្រឡាងចុងក្រោយគេមួយមុនឆ្នាំថ្មីចូលមកដល់ហើយម៉ូដែលថ្មីនោះត្រូវបានគេស្គាល់ឈ្មោះថា Motorola razr។ Motorola razr ត្រូវបានគេគ្រប់គ្នាដឹងយ៉ាងច្បាស់ថា យកគំរូរូបរាងតាមម៉ូដែលជំនាន់ដ៏ពេញនិយមមួយកាលពីឆ្នាំ២០០៤ទៅឆ្នាំ២០០៨ ដែលគ្រានោះមានឈ្មោះថា razr ដែរនោះហើយវាត្រូវបានក្រុមហ៊ុនលក់ដាច់អស់រហូតទៅដល់១៣០លានគ្រឿង។ ដោយសារភាពពេញនិយមបែបនេះទើបធ្វើឲ្យមានការស្នើសុំពីអតិថិជនរាប់ពាន់ម៉ឺននាក់ឲ្យក្រុមហ៊ុនផលិតគំរូនេះឡើងវិញ ហើយជាលទ្ធផលកាលពីឆ្នាំ២០១៦ រូបរាងដំបូងរបស់វាត្រូវបានព័ត៌មានចុះផ្សាយព្រោងព្រាតព្រមជាមួយនឹងវិដេអូទៀតផង។

ព័ត៌មានចចាមអារ៉ាមបានបន្តអស់រយៈពេលជាយូររហូតដល់ខែវិច្ឆិកាទើបមានការប្រកាសជាផ្លូវការអំពីពេលវេលាដែលអាចធ្វើការបញ្ជាទិញម៉ូដេលនេះបាន។ តាមការប្រកាសកាលពីថ្ងៃទី១៣ ខែវិច្ឆិកាក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា Motorola razr នឹងអាចធ្វើការបញ្ជាទិញបានចាប់ពីថ្ងៃទី២៦ខែធ្នូបានហើយក្នុងតម្លៃប្រមាណជា១៥០០ដុល្លារអាមេរិកក្នុងមួយគ្រឿង។ តែចុងក្រោយនេះ ក្រុមហ៊ុនបែរជាបានប្រកាសពន្យាពេលការបង្ហាញខ្លួន និងការបញ្ជាទិញនេះទៅវិញ ទោះបីជាមិនបានបញ្ជាក់ច្បាស់ពីកាលកំណត់ថ្មីក្តី ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា ពិតជាមិននឹកស្មានថានឹងមានការពន្យាពេលបែបនេះឡើយ។

មូលហេតុតែមួយគត់ ដែលក្រុមហ៊ុនបានបញ្ជាក់នោះគឺថា ដោយសារតែមនុស្សគ្រប់គ្នាមានភាពភ្ញាក់ផ្អើល និងរំភើបខ្លាំងអំពីម៉ូដែលថ្មីនេះ វាបានកំពុងធ្វើឲ្យតម្រូវការទិញម៉ូដែលថ្មីនេះកើនឡើងខ្លាំងពេក ដែលក្រុមហ៊ុនត្រូវសម្រេចចិត្តឡើងវិញក្នុងការផលិតវា ដើម្បីឲ្យត្រូវទៅតាមតម្រូវការ និងទាន់ពេលវេលា ហើយមិនមែនដោយសារតែបញ្ហាកែលំអឬអភិវឌ្ឍបច្ចេកវិទ្យាថែមថ្មីនោះឡើយ៕

អត្ថបទ៖ ស៊ុនលី

Share This Post: