សិល្បៈ

តារាចម្រៀង K-pop លោក Jay Park បរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៣០,០០០ដុល្លារអាមេរិក ដើម្បីជួយប្រឆាំងនឹងភ្លើងឆេះព្រៃនៅអូស្ត្រាលី

BY
autoadmin
January 8, 2020

លោក Jay Park បានធ្វើការបរិច្ចាគទឹកប្រាក់មួយចំនួនធំ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅអូស្ត្រាលី។ នៅក្នុងសារ Twitter មួយដែលត្រូវបានបង្ហោះកាលពីថ្ងៃច័ន្ទបានឱ្យដឹងថា តារារ៉េបជនជាតិ កូរ៉េ-អាមេរិកាំង រូបនេះបានបង្ហើបថា គាត់បានបរិច្ចាគប្រាក់ចំនួន ៣០,០០០ដុល្លារ ដល់សេវាកម្មអគ្គីភ័យជនបទរដ្ឋញូសៅវែល (New South Wales Rural Fire Service)។ លោក Jay Park ដែលគ្រោងនឹងធ្វើទស្សនកិច្ចទៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី សម្រាប់ដំណើរតន្ត្រីទេសចរណ៍ពិភពលោក Sexy 4Eva របស់គាត់នៅសប្តាហ៍ក្រោយ ក៏បានកត់សម្គាល់ផងដែរថា គាត់នឹងណែនាំអ្នកនៅផលិតកម្ម AOMG របស់គាត់ឱ្យបរិច្ចាគផងដែរ។

នៅក្នុងការបង្ហោះសារនៅលើ Twitter នោះគាត់បាននិយាយថា៖ «ខ្ញុំបានបរិច្ចាគ ៣០,០០០ដុល្លារអាមេរិកទៅ [សេវាកម្មពន្លត់អគ្គីភ័យជនបទនៅញូសៅវែល]។ ខ្ញុំនឹងប្រាប់ទៅ AOMG ឱ្យធ្វើដូចគ្នា … សង្ឃឹមថាវាជួយបានខ្លះ។ ខ្ញុំសុំអធិស្ឋានឱ្យប្រទេសអូស្ត្រាលី ហើយខ្ញុំនឹងជួបអ្នកឆាប់ៗ»។ រហូតមកដល់ពេលនេះអណ្តាតភ្លើងបានបំផ្លាញដីរាប់លានហិចតានៅក្នុងប្រទេស ដោយបានសម្លាប់សត្វជិត ៥០០លានក្បាល និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ។ ទូរទស្សន៍ស៊ីអិនអិនបានរាយការណ៍ថា មនុស្សជាង ២០នាក់ បានបាត់បង់ជីវិតនៅក្នុងអគ្គិភ័យ ដែលកំពុងឆាបឆេះនៅតាមតំបន់ជាច្រើន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison បានបង្ហាញថា ប្រទេសនេះត្រូវការថវិកាចំនួន ១.៣៩ពាន់លានដុល្លារ ដើម្បីជួយកសាងសហគមន៍ដែលរងផលប៉ះពាល់ពីអគ្គិភ័យឡើងវិញ៕

អត្ថបទ៖ លីដា

Share This Post: