បច្ចេកវិទ្យា

អ្នកវិទ្យាសាស្ត្រអាចផលិតថ្នាំព្យាបាលជំងឺផ្លូវចិត្ត ដោយប្រើជំនួយពី AI ជាលើកដំបូងបំផុត

BY
autoadmin
February 1, 2020

ក្រុមហ៊ុនឱសថ Exscientia របស់អង់គ្លេសបានអះអាងថា ពួកគេបានបង្កើតថ្នាំព្យាបាលជំងឺផ្លូវចិត្តម៉្យាង ដែលចេញពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) ជាលើកដំបូងបំផុត។ នៅក្នុងការសិក្សារកឃើញនេះក្រុមហ៊ុន Exscientia បានធ្វើការជាមួយក្រុមហ៊ុនឱសថជប៉ុន Sumitomo Dainippon Pharma (DSP) ដើម្បីធ្វើការលើថ្នាំសម្រាប់ជំងឺ Obsessive-Compulsive Disorder (OCD) ដែលជាជំងឺផ្លូវចិត្តធ្វើឱ្យមនុស្សគិតដល់រឿងដដែលៗ សកម្មភាពដដែលៗ ឬធ្វើការងារដដែលៗ ហើយពួកគេនឹងចាប់ផ្ដើមការសាកល្បងឆាប់ៗនេះ ដើម្បីឈានទៅរកការព្យាបាលគ្លីនិកជាផ្លូវការ។

ក្រុមហ៊ុន Exscientia បាននិយាយថា នេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ការរកឃើញឱសថនេះ ពីព្រោះគម្រោងទាំងមូលចំណាយពេលតែ ១២ខែ ជំនួសឱ្យរយៈពេលធម្មតាដែលមានរយៈពេល ៥ឆ្នាំ។ សមាសធាតុផ្សំដែលគេរើសយកមកធ្វើថ្នាំ គឺចេញពីសមាសធាតុផ្សំចំនួន ៣៥០ ដែលជំនួសឱ្យការផលិតធម្មតាដែលត្រូវការឱ្យមានសមាសធាតុចំនួន ២៥០០មុខ។ យោងទៅតាម Exscientia នេះអាចបង្ហាញពីយុគសម័យថ្មីនៃការរកឃើញថ្នាំដែលជំរុញដោយ AI ហើយរំពឹងថា ថ្នាំថ្មីស្ទើរតែទាំងអស់ដែលចូលក្នុងគ្លីនិក ត្រូវបានរកឃើញដោយមានជំនួយពីបច្ចេកវិទ្យា AI នេះ៕

អត្ថបទ៖ លីដា

Share This Post: