បច្ចេកវិទ្យា

ក្រុមហ៊ុន APPLE បិទហាងលក់ និងការិយាល័យរបស់ខ្លួនទាំងអស់នៅចិនដីគោក ដោយសារខ្លាចបុគ្គលិកឆ្លងវីរុសកូរ៉ូណា

BY
autoadmin
February 1, 2020

APPLE បាននិយាយនៅថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនបានបិទជាបណ្តោះអាសន្ននូវរាល់ហាងទាំងអស់ និងការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសចិនដីគោក រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍ថា៖ «គំនិតរបស់យើងគឺផ្តោតលើអ្នកដែលងាយឆ្លងដោយវីរុសកូរ៉ូណា និងជាមួយអ្នកដែលធ្វើការពេញម៉ោងរហូត ដើម្បីសិក្សា និងបង្ក្រាបការរាលដាលនេះ»។

របាយការណ៍បាននិយាយថា៖ «ដោយការប្រុងប្រយ័ត្នខ្ពស់ និងផ្អែកលើដំបូន្មានចុងក្រោយពីអ្នកជំនាញសុខភាពឈានមុខគេ យើងនឹងបិទការិយាល័យសាជីវកម្ម ហាងលក់ និងមជ្ឈមណ្ឌលទំនាក់ទំនងទាំងអស់របស់យើងនៅក្នុងប្រទេសចិន រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ»។ ប៉ុន្តែហាងលក់តាមអនឡាញរបស់ Apple នៅក្នុងប្រទេសចិននឹងនៅតែបើកចំហដដែល។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា ខ្លួននឹងបន្តតាមដានស្ថានការណ៍ ហើយបើកហាងរបស់ខ្លួនឡើងវិញ «ឱ្យបានឆាប់បំផុត»៕

អត្ថបទ៖ លីដា

Share This Post: