បច្ចេកវិទ្យា

5G មិនទាន់បានប្រើផង ឥលូវចិនអះអាងថា 6G មានល្បឿនលឿនជាង 5G ដល់ទៅ 8 000ដង

BY
Khmernote Media
February 4, 2020

ថ្វីត្បិតតែបច្ចេកវិទ្យាអ៊ិនធឺណេត 5G នៅមិនទាន់អាចបង្ហាញខ្លួនជាទូទៅនៅក្នុងបណ្តាប្រទេសលើលោកក្តី ប៉ុន្តែគ្រប់គ្នាបានដឹងយ៉ាងច្បាស់ហើយអំពីសមត្ថភាព និងល្បឿនដ៏លឿនរបស់វាប្រៀបធៀបទៅនឹងអ៊ិនធឺណេត 4G នាពេលបច្ចុប្បន្ន។ មានប្រទេសមួយចំនួនប៉ុណ្ណោះ ដែលអាចទទួលបានបទពិសោធនៃការប្រើប្រាស់អ៊ិនធឺណេតដ៏អស្ចារ្យនេះក្នុងនោះសហរដ្ឋអាមេរិ កដែលស្គាល់ថាមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យានោះគឺមិនទាន់បានស្គាល់រសជាតិនេះនៅឡើយ។ កាលពីជិតមួយឆ្នាំមុនប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានធ្វើការអំពាវនាវឲ្យប្រទេសរបស់លោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 5G នេះបូករួមទាំង 6G ជំនាន់ក្រោយផងឲ្យបានកាន់តែឆាប់បំផុត ព្រោះថាមិនចង់បាក់មុខឡើយក្នុងនាមជាប្រទេសនាំមុខគេលើបច្ចេកវិទ្យានេះនោះ។

បច្ចុប្បន្ននេះបើនិយាយពីប្រទេសចិនវិញហាក់ត្រូវបានគេស្គាល់ថា ជាអ្នកដែលមានការនាំមុខគេរួចទៅហើយក្នុងការប្រើប្រាស់ 5G នោះ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei គឺជាអ្នកផ្គត់ផ្គង់សមត្ថភាពអ៊ិនធឺណេតប្រភេទនេះទៅកាន់ប្រទេសមួយចំនួនទៀតលើលោកដូចជាអង់គ្លេស និងអាល្លឺម៉ង់ជាដើម។ មានការលើកឡើងមួយដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងសប្តាហ៍នេះតាមរយៈកាសែតចិន Hindustan Time ដែលស្ថិតនៅក្រោមចំណុះរបស់ក្រសួងទទួលបន្ទុកកិច្ចការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិនបានអះអាងថា ចិននៅពេលនេះខ្លួនគឺកំពុងចាប់ផ្តើមសិក្សាទៅលើបច្ចេកវិទ្យាជំនាន់ក្រោយមួយទៀតគឺ 6G ហើយ។ តាមការអះអាងបន្ថែមទៀតបានបញ្ជាក់ថា 6G អាចដោនឡូតដល់ទៅ 1TBps ឬ1000GB ក្នុងវិនាទី ដែលចំនួននេះមានល្បឿនលឿនជាងសមត្ថភាពរបស់ 5G ដល់ទៅ 8 000ដងហើយជឿជាក់ថា នឹងអាចប្រើប្រាស់ទៅលើឧបករណ៍បច្ចេកវិទ្យា ដែលអាចបញ្ជាចេញពីខួរក្បាលរបស់មនុស្សបានទៀតផង៕

អត្ថបទ៖ ស៊ុនលី

Share This Post: