ថ្នាំទាំងនេះ អ្នកស្រាវជ្រាវជឿថាអាចមានប្រសិទ្ធភាពប្រឆាំងវីរុសកូរ៉ូណាថ្មី
- February 7, 2020
អ្នកស្រាវជ្រាវ ចិនបានខ្នះខ្នែងយ៉ាងខ្លាំងដើម្បីស្វែងរកថ្នាំដែលអាចប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីបានឲ្យលឿនតាមដែលអាចធ្វើទៅបាន។ ខាងក្រោមនេះគឺជាថ្នាំប៉ុន្មានប្រភេទដែលអ្នកស្រាវជ្រាវរកឃើញថាមានប្រសិទ្ធភាពក្នុងការព្យាបាល ប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ដោយថ្នាំខ្លះបានឈានចូលដល់ដំណាក់កាលព្យាបាលសាកល្បង (Clinical trial) និងថ្នាំខ្លះទៀតបានកំពុងតែស្ថិតក្នុងការរៀបចំចូលក្នុងគោលការណ៍នៃការព្យាបាល (Treatments Guidelines)ជំងឺដែលបង្កដោយវីរុសនេះ។
១. ថ្នាំ REMDESIVIR
ថ្នាំនេះត្រូវបានផលិតឡើងដោយ ក្រុមហ៊ុនថ្នាំពេទ្យសហរដ្ឋអាមេរិក Gilead Sciences។ ថ្នាំនេះមានប្រសិទ្ធិភាពខ្ពស់ប្រឆាំងនឹងវីរុសកូរ៉ូណា បង្កជំងឺ SARS និងជំងឺ MERS ក្នុងការពិសោធន៍ទៅលើកោសិកា និងសត្វ។ ការធ្វើតេស្ត ព្យាបាលសាកល្បង (Clinical trial) ត្រូវបានធ្វើឡើងពីមុនមកនៅពេលដែលវីរុស Ebola ផ្ទុះឡើង។
ថ្នាំនេះ គេបានរកឃើញថាមានប្រសិទ្ធភាពល្អក្នុងការប្រឆាំងវីរុសកូរ៉ូណាថ្មី (2019-nCoV) ក្នុងការពិសោធន៍កម្រិតកោសិកា។ គិតមកដល់ពេលនេះមានអ្នកជំងឺ ចំនួន ៧៦១នាក់ ត្រូវបានបញ្ចូលក្នុងការធ្វើតេស្តព្យាបាលសាកល្បង ដោយប្រើថ្នាំនេះនៅទីក្រុងវូហាន។ ការធ្វើតេស្តព្យាបាលសាកល្បងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ នេះ ដែលធ្វើឡើងនៅមន្ទីរពេទ្យមួយចំនួននៅទីក្រុងវូហាន រួមទាំងមន្ទីរពេទ្យ Wuhan Jinyintan ផងដែរ។
២.ថ្នាំ CHLOROQUINE
ថ្នាំនេះ ជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ និងជាថ្នាំប្រឆាំងជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង ដែលគ្រូពេទ្យប្រើរយៈពេលច្រើនជាង ៧០ឆ្នាំមកហើយ។ ថ្នាំនេះ គេដឹងថាមានសកម្មភាពប្រឆាំងវីរុស ដោយផ្លាស់ប្ដូរកម្រិតអាស៊ីដ និងបាស នៅក្នុងកោសិកា ហើយរំខានដល់រេសិបទ័រ របស់វីរុសកូរ៉ូណា ដែលបង្កជំងឺ SARS។
ក្នុងការសិក្សាថ្មីៗនេះ អ្នកស្រាវជ្រាវរបស់ចិនបានរកឃើញថា វាមានប្រសិទ្ធភាពទប់ទល់នឹងការបង្ករោគរបស់វីរុសកូរ៉ូណាថ្មី នៅក្នុងការធ្វើតេស្តក្នុងមន្ទីរពិសោធន៍។ វាក៏បង្ហាញពីសកម្មភាពជំរុញប្រព័ន្ធភាពស៊ាំ ដែលនាំឲ្យបង្កើនសកម្មភាពប្រឆាំងនឹងវីរុស ហើយវាក៏អាចសាយភាយពេញរាងកាយ រួមទាំងសួតផងដែរ នៅពេលដែលលេបថ្នាំរួច។
៣. ថ្នាំប្រឆាំងនឹង វីរុស HIV (ANTI-HIV DRUGS)
ក្នុងការសិក្សារមួយនៅឆ្នាំ២០០៤ គេបានរកឃើញថា ថ្នាំ Lopinavir និងថ្នាំ Ritonavir ដែលជាថ្នាំត្រូវប្រើរួមគ្នា ក្នុងការព្យាបាលប្រឆាំងវីរុស HIV ក៏មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ SARS ដូចគ្នា។ ថ្នាំទាំងពីរនេះ មានសកម្មភាពប្រឆាំងនឹងអង់ហ្ស៊ីម Protease ដែលជាអង់ហ្ស៊ីម វីរុស HIV និង វីរុសកូរ៉ូណាថ្មី ត្រូវការដើម្បីបំបែកខ្លួន។
តាមអ្នកស្រាវជ្រាវចិនបានឲ្យដឹងថា កាលពីចុងខែមុន អ្នកជំងឺចំនួន ៤១នាក់ដំបូង ត្រូវបានព្យាបាលជានៅពេលធ្វើតេស្តព្យាបាលសាកល្បងដោយប្រើថ្នាំផ្សំប្រឆាំងវីរុស HIV ទាំងនេះ។ ក្នុងគោលការណ៍ព្យាបាលជំងឺកូរ៉ូណាថ្មី លើកទីបី ដែលបោះពុម្ភដោយ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានណែនាំឲ្យប្រើ ថ្នាំ Lopinavir/ថ្នាំ Ritonavir និង ហឺត ថ្នាំស្ពុង alpha-interferon មួយដងមួយកម្រិត ពីរដងក្នុងមួយថ្ងៃ អាចមានប្រយោជន៍ដល់អ្នកជំងឺ។
៤. ថ្នាំ ARBIDOL & ថ្នាំ DARUNAVIR
ថ្នាំ Arbidol គឺជាថ្នាំប្រឆាំងវីរុស ដែលនៅប្រទេសចិនប្រើដើម្បីព្យាបាលវីរុសផ្ដាសាយ។ ថ្នាំនេះអាចប្រើផ្សំជាមួយថ្នាំ Darunavir ដែលជាថ្នាំប្រឆាំងនឹងវីរុស HIV ដើម្បីព្យាបាលអ្នកជំងឺដែលឈឺដោយវីរុសកូរ៉ូណាថ្មីនេះ។
ក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយ លោកស្រី Li Lanjuan សមាជិក នៃបណ្ឌិត្យសភា វិស្វកម្ម ប្រទេសចិន និងជាអ្នកជំនាញ របស់គណៈកម្មកាសុខភាពជាតិចិន បាននិយាយថាថ្នាំទាំងនេះ គឺអាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស កូរ៉ូណាថ្មី នៅពេលធ្វើតេស្តក្នុងមន្ទីរពិសោធន៍។ លោកស្រីក៏បានផ្ដល់យោបល់ឲ្យដាក់ថ្នាំទាំងនេះ ចូលក្នុងគោលការណ៍នៃព្យាបាលដែលត្រូវចុះផ្សាយនៅលើកទី៦។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: