រោគសញ្ញា COVID-19 របៀបប្រមូលសំណាក និងរយៈពេលដឹងលទ្ធផលតេស្ត
រោគសញ្ញាជំងឺសួត និង COVID-19 ហាក់ប្រហែលគ្នា បែបនេះហើយទើបធ្វើឲ្យពលរដ្ឋនៅមានការភាន់ច្រឡំគ្នា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី COVID-19 លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ប្រធានផ្នែកជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលម្អិតពីរោគសញ្ញា របៀបនៃការប្រមូលសំណាក និងរយៈពេលប៉ុន្មានដឹងលទ្ធផល ដើម្បីឲ្យពលរដ្ឋអស់មន្ទិលសង្ស័យ។
១. រោគសញ្ញា COVID-19
រោគសញ្ញា COVID-19 ចេញដំបូងជាដំណាក់កាលសំងំ រយៈពេលចេញរោគសញ្ញា និងផលវិបាក ដែលរោគសញ្ញាទាំងនោះអាចមាននៅចន្លោះពី ៣-៧ថ្ងៃ ឬយ៉ាងយូរ ១៤ថ្ងៃ។ រោគសញ្ញាទាំងនោះមាន៖
– ក្តៅខ្លួនលើសពី ៣៨ អង្សារសេ
– ឈឺក
– ក្អក (ភាគច្រើនក្អកស្ងួត)
– ហត់
– ពិបាកដង្ហើម
បន្ថែមពីលើរោគសញ្ញាទាំងប៉ុន្មានខាងលើនេះ ប្រធានផ្នែកសមាគមគ្រូពេទ្យសួតកម្ពុជា លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ថា បុគ្គលសង្ស័យមាន COVID-19 លុះណាតែមានប្រវត្តិធ្លាប់ធ្វើដំណើរទៅបណ្តាប្រទេសមានដែលផ្ទុះ COVID-19 មិនមែនតែប្រទេសចិន១មួយនោះទេ។
២. របៀបប្រមូលសំណាក
មុនឈានដល់ការប្រមូលសំណាក ត្រូវពឹងករណីសង្ស័យដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ ហើយវិធីប្រមូលសំណាក គឺយកតម្បារទៅត្បារច្រមុះ និងមាត់ ដើម្បីយកសំណាកបុគ្គលដែលសង្ស័យនោះ ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយមានការសហការជាមួយអង្គការសុខភាពពិភពលោក (WHO)។
៣. រយៈពេលដឹងលទ្ធផល
ការធ្វើតេស្តសំណាកអាចនឹងដឹងលទ្ធផលថា បុគ្គលនោះមានវីរុស COVID-19 វិជ្ជមាន ឬអវិជ្ជមានក្នុងរយៈពេល៦ម៉ោង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ