ដោយសារ Apple ក្រុមហ៊ុន Qualcomm សម្រេចបញ្ឈប់បុគ្គលិករហូតដល់ 1,500នាក់
- April 21, 2018
យោងតាមគេហទំព័រ Bloomberg បានលើកឡើងថា ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោកដែលមានទីតាំងក្នុងរដ្ឋ San Diego បានសម្រេចបញ្ឈប់បុគ្គលិករបស់ខ្លួនរហូតដល់ទៅ 1,500នាក់ ដែលមានទាំងផ្នែកតូចៗ និងធំៗ ហើយសម្រាប់មុខដំណែងតូចតាចត្រូវបានលុបចោលតែម្ដង។ ដោយឡែក ក្រុមហ៊ុន Qualcomm មានបុគ្គលិកសរុបប្រមាណជា 34,000 នាក់នៅទូទាំងពិភពលោកដែលធ្វើការនៅក្នុងការិយាល័យចំនួន 177របស់ក្រុមហ៊ុន។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Qualcomm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលទៅកាន់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា “យើងបានវាយតម្លៃលើការកាត់បន្ថយការចំណាយក្នុងជំហានដំបូង ហើយយើងបានធ្វើការសន្និដ្ឋានថាការកាត់បន្ថយកម្លាំងពលកម្ម គឺចាំបាច់ដើម្បីគាំទ្រដល់កំណើន និងភាពជោគជ័យក្នុងរយៈពេលវែងដែលនឹងផ្តល់ប្រយោជន៍ដល់អ្នកពាក់ព័ន្ធទាំងអស់របស់យើង”។
ចំនួននៃការបញ្ឈប់និយោជកដែលត្រូវបានគេរំពឹងទុកសម្រាប់ការងារការិយាល័យរបស់ក្រុមហ៊ុន Qualcomm ទាំងអស់មិនត្រូវបានបញ្ជាក់នៅក្នុងរបាយការណ៍ថ្ងៃនេះទេ។ ទោះបីជាយ៉ាងណា Qualcomm មិនមែនជាក្រុមហ៊ុនដំបូងដែលកាត់បន្ថយកម្លាំងពលកម្មទ្រង់ទ្រាយធំក្នុងវិស័យផលិតបន្ទះឈីបឡើយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ការកាត់បន្ថយនេះគឺជាផ្នែកមួយនៃផែនការកាត់បន្ថយកម្លាំងពលកម្មរបស់ក្រុមហ៊ុន Qualcomm ក្នុងគោលបំណងកាត់បន្ថយចំណាយលើសពី 1ពាន់លានដុល្លារដើម្បីឆ្លើយតបនឹងការប្តេជ្ញាចិត្តដែលបានសន្យាដល់វិនិយោគិនរបស់ខ្លួនកាលពីដើមឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំនេះរឿងអាស្រូវរវាងក្រុមហ៊ុន Apple និង Qualcomm បាននឹងកំពុងរីកសុះសាយពេញពិភពលោក ហើយប្រសិនបើរកដំណោះស្រាយមិនបាន នោះការសហការគ្នារវាងក្រុមហ៊ុនទាំងពីរក៏អាចបញ្ចប់ដែរ។ ដូចទៅនឹងអ្វីដែលយើងទាំងអស់គ្នាបានដឹងហើយថា Qualcomm គឺជាអ្នកផ្គត់ផ្គង់បន្ទះឈីបសម្រាប់ក្រុមហ៊ុន Apple ហើយប្រសិនបើក្រុមហ៊ុន Apple ឈប់ត្រូវការ នោះ Qualcomm ក៏ជួបបញ្ហាដែរ។

Fu
ប្រភព៖ idropnews
- Share This Post:






