នាយករដ្ឋមន្ត្រីអង់គ្លេសណែនាំស្ត្រីមានផ្ទៃពោះឲ្យនៅផ្ទះបីខែ បារម្ភខ្លាចឆ្លង COVID-19
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានណែនាំឲ្យមនុស្សអាយុច្រើនជាង៧០ឆ្នាំ មនុស្សមានជំងឺប្រចាំកាយ និងស្ត្រីមានផ្ទៃពោះឲ្យនៅក្នុងផ្ទះរយៈពេលបីខែចាប់ពីចុងសប្តាហ៍នេះដោយថាដើម្បីការពារកុំឲ្យឆ្លងវីរុស COVID-19 ដោយអះអាងថាអ្នកទាំអនេះងាយប្រឈមនឹងវីរុសនេះ។
ទោះបីជាប្រធានវេជ្ជបណ្ឌិតរបស់ប្រទេសអង់គ្លេស សាស្ត្រាចារ្យ Chris Whitty ជឿថាស្ត្រីមានផ្ទៃពោះមិនគួរមានការបារម្ភទៅលើការចម្លងវីរុសនេះទៅកាន់ទារកដោយសារមិនទាន់ភស្តុតាងបញ្ជាក់ថាទារកអាចឆ្លងវីរុសនេះអំឡុងពេលពពោះ ឬតាមរយៈទឹកដោះក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបានបញ្ចូលស្ត្រីមានផ្ទៃពោះទៅក្នុងប្រភេទអ្នកដែលងាយប្រឈមនឹងការឆ្លងជំងឺនេះ។
ប្រធានវេជ្ជបណ្ឌិតក៏បានលើកឡើងទៀតថាការរួមបញ្ចូលស្ត្រីមានផ្ទៃពោះទៅក្នុងវិធានការណ៍នេះគឺជាការការពារទុកមុន។ បន្ថែមពីនេះទៀត រដ្ឋាភិបាលប្រទេសអង់គ្លេសក៏បានណែនាំឲ្យមនុស្សពេញវ័យទៅចាក់វ៉ាក់សាំងជំងឺផ្ដាសាយ។ ការណែនាំនេះធ្វើឡើងដើម្បីកាត់បន្ថយការចេញទៅក្រៅរបស់អ្នកទាំងនោះដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ។

ក្នុងករណីស្ត្រីមានផ្ទៃពោះឆ្លងវីរុសCOVID-19 ការសិក្សាមួយបានពន្យល់ថាអត្រាឆ្លងពីម្ដាយទៅទារកក្នុងផ្ទៃគឺមិនមាននោះទេ។ ការសិក្សានេះធ្វើទៅលើម្ដាយដែលឆ្លងវីរុស COVID-19 ដោយយកនូវទឹកភ្លោះ ឈាមចេញពីទងសុក សំណាកបំពង់កទារក និងទឹកដោះទៅធ្វើតេស្ដ និងលទ្ធផលឃើញអវិជ្ជមានទាំងអស់។ បន្ថែមពីនេះទៀត នៅក្នុងការសិក្សាមួយផ្សេងទៀតបានយកសុកពីម្ដាយដែលមានវីរុស COVID-19 និងតេស្ដលើសុកនោះឃើញអវិជ្ជមាននៃវីរុសនេះដែរ។ ជារួមកាសិក្សាលើកឡើងថាករណីឆ្លងពីម្ដាយទៅកូនក្នុងផ្ទៃមិនឆ្លងនោះទេ តែថាការឆ្លងពីម្ដាយទៅទារកទើបកើតគឺភាគរយច្រើន។
ចំពោះការណែនាំរបស់រដ្ឋាភិបាលទាក់ទងទៅនឹងស្ត្រីមានផ្ទៃពោះនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមនៅអង់គ្លេសថាអាចមានផលលំបាកសម្រាប់ស្ត្រីមានផ្ទៃពោះដោយសារស្រ្តីមានផ្ទៃពោះត្រូវទៅតាមដានសុខភាពនៅមន្ទីរពេទ្យរៀងរាល់សប្ដាហ៍។
![]()
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ