ឈប់ច្រឡំទៀត! ការយកសំណាកពីបុគ្គលនីមួយៗ មិនធ្វើឡើងនៅវិទ្យាស្ថានប៉ាស្ទ័រទេ
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានជូនដំណឹងមុនបន្តិចថា ការយកសំណាកវិភាគពីបុគ្គលនីមួយៗលើករណី COVID-19 មិនត្រូវបានធ្វើឡើងដោយផ្ទាល់នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានោះទេ។
ក្នុងសេចក្តីណែនាំ និងនិយមន័យជំងឺ COVID-19 បើបុគ្គលនោះមានស្ថានភាពដូចនិយមន័យករណីសង្ស័យជំងឺ COVID-19 ត្រូវធ្វើតាមការណែនាំខាងក្រោម។
– ពាក់ម៉ាសការពារ
– សូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅភ្នំពេញ ឬមន្ទីរពេទ្យខេត្តនៅគ្រប់បណ្តាខេត្តទូទាំងប្រទេស។
និយមន័យករណីសង្ស័យ COVID-19
១. បុគ្គលដែលមានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច ៣៨ អង្សារសេ ក្អក ហៀរសម្បោរ ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និង មានប្រវត្តិធ្វើដំណើរមកពី ឬស្នាក់នៅក្នុងប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ឬបានប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 បញ្ជាក់ពីមន្ទីរពិសោធន៍ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា។
២. អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (គ្រុនក្តៅ និងមានរោគសញ្ញារលាកផ្លូវដង្ហើមយ៉ាងតិចមួយ ដូចជា ក្អក ហត់ ពិបាកដកដង្ហើម) ដោយមិនដឹងមូលហេតុច្បាស់លាស់ និងតម្រូវឲ្យសម្រាកពេទ្យ។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបានចាត់តាំងជាមន្ទីរពិសោធន៍ជួរមុខ សម្រាប់ការធ្វើរោគវិនិច្ឆ័យ ជំងឺកូវីដ-១៩ (COVID-19) នៅក្នុងប្រទេសកម្ពុជា មិនមែនយកសំណាកនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ