លោកយាយដែលមានអាយុវែងជាងគេក្នុងលោកបានស្លាប់នៅអាយុ ១១៧ ឆ្នាំ ក្នុងប្រទេសជប៉ុន
ស្ត្រីជនជាតិជប៉ុនម្នាក់បានស្លាប់ជាមួយនិងកំណត់ត្រាជាមនុស្សដែលអាយុវែងជាងគេបំផុតនៅក្នុងពិភពលោកគឺមានអាយុរហូតដល់ ១១៧ ឆ្នាំ។ លោកយាយដែលមានអាយុវែងបំផុតនេះមានឈ្មោះថា Nabi Tajima រស់នៅលើកោះ Kikai ភាគខាងត្បូងប្រទេសជប៉ុន ហើយបើតាមរបាយការណ៍បានបង្ហាញថាកោះមានប្រជាជនសរុបត្រឹមតែ ៧ ០០០ នាក់ប៉ុណ្ណោះ។ យោងតាមឯកសារជាតិកំណើតរបស់លោកយាយខាងលើបានបង្ហាញថា គាត់បានកើតនៅក្នុងថ្ងៃទី ៤ ខែ សីហា ឆ្នាំ ១៩០០ ហើយបើគណនាចំនួនថ្ងៃខែឆ្នាំកំណើតរបស់គាត់បានបង្ហាញថាគាត់មានអាយុ ១១៧ ឆ្នាំ ជិតឈានដល់ ១១៨ ហើយ។ លោកយាយមាន កូនប្រុស ៧ នាក់ និងកូនស្រី ២ នាក់ និងមានចៅ ចៅតួត ចៅលួតជាច្រើននាក់ សរុបសមាជិកគ្រួសារគាត់ទាំងអស់គឺ ១៦០ នាក់។ សូមបញ្ជាក់ថា កន្លងមកបើយោងតាមបញ្ជីកំណត់ត្រាពិភពលោក Guinness World Records បានបង្ហាញថា អ្នកដែលមានអាយុវែងជាងគេគឺលោកតា Masazo Nonaka ជនជាតិជប៉ុនដែលអាចរស់ដល់អាយុ ១១២ ឆ្នាំ។ តែមកទល់នឹងពេលនេះ លោកយាយខាងលើបានក្លាយទៅជាអ្នកមានអាយុវែងជាងវិញម្តងហើយ ពោលគឺគាត់អាចរស់ដល់អាយុ ១១៧ ឆ្នាំ៕
” alt=”” />
អត្ថបទ៖ភក្តី
ប្រភព៖asiantown