ក្រោយមកដល់កម្ពជា តើក្រុមគ្រូពេទ្យចិនទាំង៧នាក់បានទៅណាខ្លះ? ហើយបំពេញការងារអ្វីខ្លះ?
- March 27, 2020
បន្ទាប់ពីមានការរាតត្បាតវីរុស COVID-19 ជាបន្តបន្ទាប់នៅកម្ពុជា ប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញចំនួន៧រូប និងសម្ភារៈវេជ្ជសាស្ត្រជាង៤តោនដល់កម្ពុជា ដើម្បីទប់ស្កាត់ការរីកដាលវីរុស COVID-19។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រុមគ្រូពេទ្យដែលបានបញ្ជូនមកពីប្រទេសចិន មកជួយដល់ក្រុមគ្រូពេទ្យកម្ពុជា មានជំនាញផ្សេងៗគ្នា ដូចជា ជំនាញខាងមន្ទីរពិសោធន៍ ផ្នែកពិនិត្យព្យាបាលជំងឺ ផ្នែកត្រួតពិនិត្យ និងបង្ការការចម្លង។
ថ្ងៃដំបូងដែលមកដល់កម្ពុជា ក្រុមគ្រូពេទ្យចិនបានប្រជុំពិភាក្សាជាមួយថ្នាក់ជាតិ ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពការចម្លងនៃវីរុស COVID-19 នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មក ពួកគាត់បានទៅពិនិត្យដល់ទីតាំង ដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ បានទៅពិនិត្យនៅមន្ទីរពិសោធន៍ជាតិ និងចុះសិក្សាតាមសហគមន៍ដើម្បីស្វែងយល់ពីរបៀបរបប ក៏ដូចជាស្ថានភាពផ្សេងៗទៀត។
លោកជំទាវ បានបន្តឲ្យដឹងថា នៅព្រឹកនេះថ្ងៃទី២៧ មីនានេះ ក្រុមគ្រូពេទ្យចិនបានចេញទៅកាន់ខេត្តព្រះសីហនុ ក្នុងគោលបំណងជួបពិភាក្សាជាមួយអភិបាលខេត្ត ដើម្បីស្វែងយល់ពីសភាពការណ៍ និងវិធានការផ្សេងៗដែលបានរៀបចំនៅទីនោះ ក្នុងការទប់ស្កាត់ករណីឆ្លងវីរុស COVID-19។
លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមថា នៅពេលដែលក្រុមគ្រូពេទ្យចិនត្រលប់មកភ្នំពេញ នឹងពិភាក្សាជាបន្តថា តើគ្រូពេទ្យទាំង៧នាក់នោះនឹងមានផែនការយ៉ាងណាជាបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតបនឹងការរាលដាលវីរុស COVID-19 នេះនៅក្នុងប្រទេសកម្ពុជា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: