ចង់ប្រើ Drone បើមិនទាន់ចេះបញ្ជា រៀនប្រើអានេះសិនទៅ តម្លៃត្រឹម $63 ប៉ុណ្ណោះ តែសមត្ថភាពគួរសម
- April 25, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសទាក់ទងទៅនឹង Drone ថ្មីរបស់ខ្លួន ស្ថិតក្រោមត្រកូល MiTu ដែលអាចចាត់ទុកបានថាជារបស់ក្មេងលេង។ Drone នេះមានស្លាប 4 និងមានភ្ជាប់មកជាមួយនឹងដៃបញ្ជាមួយ ដើម្បីជួយឲ្យវាហោះផុតពីដីបាន។

MiTu Drone ទទួលបានរចនាបទតូច ប្លែក និងមិនខុសអីពីរបស់ក្មេងលេងឡើយ។ Drone នេះមានភ្ជាប់មកជាមួយនឹងជើងទម្រដែលមានប្រវែង 11cm ជាមួយនឹងទម្ងន់ខ្លួនទាំងមូលត្រឹម 88ក្រាមប៉ុណ្ណោះ។ តួខ្លួនត្រូវបានផលិតឡើងពីប្លាស្ទិច ជាមួយនឹងដង់ស៊ីតេទាប និងភាពរឹមាំខ្ពស់ដែលអាចធានាបានពេលបុក រឺធ្លាក់។ ចំពោះស្លាបវិញ គឺត្រូវផលិតឡើងពីជាតិសរសៃកញ្ចក់។
ផ្ទៃខាងមុខរបស់ MiTU RC មានភ្ជាប់មកជាមួយនឹងកាមេរ៉ាដែលអាចថតវីដេអូបានក្នុងកម្រឹត 720p និងផលិតរូបភាពបានក្នុងកម្រឹត 1600 x 1200p resolution។ សម្រាប់ប្រព័ន្ធដំណើរការរបស់ Drone នេះគឺ quad-core 1.2GHz SoC ជាមួយនឹងទំហំ RAM 4GB។ ទោះជាយ៉ាងណា sensor មួយចំនួនក៏ត្រូវបានភ្ជាប់មកជាមួយដែរ ដូចជា Ultrasonics, Barometers និង Optical flow។
អ្វីដែលអស្ចារ្យបំផុតនោះគឺ Drone របស់ក្រុមហ៊ុន Xiaomi នេះមានភ្ជាប់មកជាមួយនឹងមុខងារពិសេសដែលអនុញ្ញាតឲ្យការបង្ហោះមានសភាពរលូន បើទោះជានៅក្នុងបន្ទប់ក៏ដោយ។ មិនតែប៉ុណ្ណោះ មុខងារមួយចំនួនផ្សេងទៀតដូចជា headless mode, gravity sensing, palm take off, four-way rolling ក៏មានភ្ជាប់មកជាមួយផងដែរ។
MiTu Drone អាចហោះបានកម្ពស់ 25ម៉ែត្រ និងចម្ងាយ 50ម៉ែត្រ ជាមួយនឹងថាមពលថ្មមកស្រាប់ទំហំ 920mAh ដែលអាចហោះបានប្រមាណជា 10នាទី។ ចំពោះតម្លៃវិញ គឺអស្ចារ្យបំផុតត្រឹមតែ $63 ប៉ុណ្ណោះ។
ប្រភព៖ gizmochina
- Share This Post:











