ស្របពេលដែលប្រទេសចិនហាមឃាត់ការហូបសាច់ឆ្កែនិងសាច់ឆ្មា ការជួញដូរសាច់ឆ្កែនិងឆ្មានៅអាស៊ីអាគ្នេយ៍នៅកំពុងតែមានការកើនឡើង
ភ្នំពេញថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២០៖ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ទីក្រុងសិនជិនបានហាមឃាត់ការបរិភោគសាច់ឆ្កែនិងឆ្មាដែលជាផ្នែកមួយនៃការរឹតបន្ដឹងទូលំទូលាយលើការជួញដូរសត្វព្រៃ។ ប៉ុន្តែបើក្រលេកមើលទៅប្រទេសជិតខាងដូចជាប្រទេសវៀតណាម ប្រទេសកម្ពុជា និង ប្រទេសឥណ្ឌូនេស៊ី ការហូបសាច់ឆ្កែនិងឆ្មាកំពុងតែមានការកើនឡើង។ អង្គការ FOUR PAWS ព្រមានពីគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងររបស់មនុស្សដោយការរីករាលដាលនៃជំងឺឆ្កែឆ្កួតដែលមិនអាចគ្រប់គ្រងបានដែលជំងឺនេះគ្រាន់តែជាជំងឺមួយក្នុងចំណោមជំងឺជាច្រើនទៀត។ លើសពីនេះទៀត សត្វភាគច្រើនតែងតែត្រូវបានលក់នៅតាមទីផ្សារសត្វរស់ នៅទូទាំងអាស៊ីអាគ្នេយ៍ ដែលវាជាកន្លែងនៃប្រភពដើមនៃវីរុសកូរូណា។

លក្ខខណ្ឌមិនមានអនាម័យទាក់ទងនឹងការជួញដូរសាច់សត្វឆ្កែនិងឆ្មា បូករួមជាមួយហានិភ័យនៃការចម្លងរោគដោយសារមានសត្វផ្សេងៗគ្នាជាច្រើនដែលត្រូវបានគេដាក់ក្នុងទ្រុងនិងសម្លាប់នៅក្បែរគ្នា វាបង្ហាញថាជាកន្លែងសម្រាប់បង្កាត់ជំងឺថ្មីៗ និងដ៏សាហាវជាច្រើន ដូចជាជំងឺកូវីដ១៩។ បើទោះបីជាប្រជាជន ភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រឆាំងនឹងការជួញដូរសាច់ឆ្កែនិងឆ្មាក៏ដោយ ការជួញដូរសត្វប្រហែលជិត ១០ លានក្បាលក្នុងមួយឆ្នាំនៅតែបន្តធ្វើអាជីវកម្មដដែល។ ការជួញដូរដែលកំពុងរីករាលដាលនិងទីផ្សារសត្វរស់នៅទូទាំងអាស៊ីអាគ្នេយ៍គឺខិតជិតទៅរកភាពមិនអាចគ្រប់គ្រងបាន។ ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការហើយបិទទីផ្សារឃោរឃៅទាំងនេះទេ នោះជំងឺរាតត្បាតសកលបន្ទាប់អាចនឹងកើតមាននៅប្រទេសវៀតណាម ប្រទេសកម្ពុជា ឬប្រទេសឥណ្ឌូនេស៊ី” នេះបើតាមសម្តីរបស់លោកស្រី វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វនិងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍។[/caption]

អាជីវកម្មរីកដុះដាលទោះបីក្នុងកំឡុងពេលមានជំងឺរាតត្បាតអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ៧០ ភាគរយនៃភ្នាក់ងារបង្កជំងឺដែលបង្កឱ្យមានជំងឺទូទាំងពិភពលោក ត្រូវបានរកឃើញក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកគឺកើតចេញពីសត្វ ហើយ COVID-១៩ ក៏មិនខុសគ្នាដែរ។ ទោះបីជាមានហានិភ័យសុខភាពសាធារណៈក៏ដោយ ការជួញដូរសត្វ ហើយនិងម្ចាស់ភោជនីយដ្ឋានសាច់ឆ្កែនិងឆ្មាជាច្រើនបានរាយការណ៍ថា អាជីវកម្មនេះពិតជាមានការកើនឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាត។ អ្នកលក់ម្នាក់នៅក្នុងប្រទេសកម្ពុជាបានប្រាប់ អង្គការ FOUR Paws ថាអ្នករស់នៅក្នុងសហគមន៍របស់គាត់ជឿថា “សាច់ឆ្កែគឺល្អសម្រាប់សុខភាពនិងជួយការពារជំងឺផ្តាសាយ ឬ ជំងឺដែលបណ្ដាលមកពីវិរុស ដូចកូវីដ១៩ជាដើម” ។ អ្នកផ្សេងទៀតចូលចិត្តញ៉ាំសាច់ឆ្កែពីព្រោះវាត្រូវបានគេយល់ថាវាជា ‘ធម្មជាតិ’ គ្មានសារធាតុគីមីនិងមានសុវត្ថិភាពក្នុងការបរិភោគ។ ទោះជាយ៉ាងណាក៏ដោយ ភាពជាក់ស្ដែងគឺថាសាច់ឆ្កែពិតជាគ្មានសុវត្ថិភាពទេ ហើយវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទុះឡើងនៃជំងឺអាសន្នរោគនិងករណីជំងឺ ទ្រីឈីនែឡា និងជំងឺឆ្កែឆ្កួត។

សេវាកម្មខ្ចប់៖ ការសម្របរបស់ការជួញដូរសាច់ឆ្កែនិងឆ្មា
មានភោជនីយដ្ឋានសាច់ឆ្កែជាង ១១០ កន្លែងនៅជុំវិញរាជធានីភ្នំពេញនៃប្រទេសកម្ពុជាដែលបានបើកដំណើរការមិនដល់ ២ ឆ្នាំផង។ ពួកគេបានសម្របខ្លួនទៅនឹងស្ថានភាពសង្គមនិងសេដ្ឋកិច្ចបច្ចុប្បន្នដែលបណ្តាលមកពីការរីករាលដាលនៃកូវីដ១៩ ដោយផ្លាស់ប្តូរគំរូអាជីវកម្មរបស់ពួកគេពីការបម្រើអតិថិជនដែលមកទទួលទាននៅក្នុងភោជនីយដ្ឋាន ទៅជាផ្ដល់សេវាកម្មខ្ចប់ទៅវិញ។ អ្នកលក់នៅក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាពាក់ម៉ាស់ឈរនៅលើចិញ្ចើមផ្លូវ ហើយហុចកញ្ចប់សាច់ឆ្កែដល់អតិថិជនឱ្យញ៉ាំឬរៀបចំនៅផ្ទះវិញ។
ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់ឆ្កែនិងឆ្មារបស់អង្គការ FOUR PAWS ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មាដ៏សាហាវនេះប្រកបដោយនិរន្តរភាពនៅអាស៊ីអាគ្នេយ៍ អង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយនៅថ្នាក់អន្តរជាតិនិងថ្នាក់ជាតិ។ តាមរយៈការងារនិងកិច្ចសហប្រតិបត្តិការអប់រំជាមួយអាជ្ញាធរដែលមានទំនួលខុសត្រូវនិងសមាគមទេសចរណ៍ គោលដៅគឺដើម្បីឱ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ ណែនាំច្បាប់ការពារសត្វ ដែលអាចនឹងបញ្ចប់ការចាប់ សម្លាប់ និងការប្រើប្រាស់សាច់ឆ្កែនិងឆ្មា។ លើសពីនេះទៀត អង្គការ FOUR PAWS គាំទ្រដល់អង្គការសុខុមាលភាពសត្វក្នុងស្រុកនិងសហគមន៍ជាមួយនឹងកម្មវិធីថែរក្សាសត្វអនាថា។ អង្គការ FOUR PAWS ក៏ជាផ្នែកមួយនៃសម្ព័ន្ធសុខុមាលភាពសត្វ DMFI និង ACPA ដែលជាអ្នកសម្របសម្រួលប្រឆាំងការជួញដូរនៅអាស៊ីអាគ្នេយ៍។

“ ទីក្រុងសិនជិន បានចាត់វិធានការវិជ្ជមានសម្រាប់ប្រជាជននិងសត្វរបស់ខ្លួនក្នុងការហាមឃាត់ការប្រើប្រាស់សាច់ឆ្កែនិងឆ្មា។ យើងសូមលើកទឹកចិត្តដល់ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ីអោយចាត់វិធានការស្រដៀងគ្នានេះដើម្បីធានាថាការជួញដូរសាច់សត្វឆ្កែនិងឆ្មាមិនមែនជាប្រភពនៃជំងឺតទៅទៀតដែលជាផ្នែកមួយនៃការការពារប្រជាជនរបស់ខ្លួននិងសហគមន៍ពិភពលោកទាំងមូល”នេះបើតាមសម្តីរបស់លោក ការ៉ាន់ គូគ្រិចចា ប្រធានគម្រោង សម្រាប់គម្រោង “ បញ្ចប់អាជីវកម្មសាច់ឆ្កែនិងឆ្មានៅអាស៊ីអាគ្នេយ៍” របស់អង្គការ FOUR PAWS។
លើសពីនេះទៀត អង្គការ FOUR PAWS បានដាក់ញត្តិប្រឆាំងនឹងការជួញដូរសាច់ឆ្កែនិងឆ្មាដែលត្រូវបានចុះហត្ថលេខាដោយអ្នកគាំទ្រជាង ៦៤ ម៉ឺននាក់នៅទូទាំងពិភពលោកចាប់តាំងពីវាបានចាប់ផ្តើមកាលពីចុងឆ្នាំមុន៖https://help.four-paws.org/en/end-dog-and-cat-meat-trade-southeast-asia (https://help.four-paws.org/en/end-dog-and-cat-meat-trade-southeast-asia)
