អ្នកវិទ្យាសាស្ត្រអូស្ត្រាលីគ្រោងតេស្ដវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ជាលើកដំបូង
អ្នកវិទ្យាសាស្ត្រប្រទេសអូស្ត្រាលីកំពុងអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស COVID-19 គ្រោងនឹងតេស្ដទៅលើរីរុសរស់ជាលើកដំបូងដោយសហការធ្វើឡើងនៅកន្លែងសុវត្ថិភាពជីវសាស្ត្រមួយនៅប្រទេសហូឡង់។ ក្រុម Chemistry and Molecular Biosciences បានសហការជាមួយនឹងក្រុមហ៊ុន Viroclinics Xplore របស់ប្រទេសហូឡង់ដើម្បីធ្វើតេស្ដវ៉ាក់សាំងនេះទៅលើវីរុសរស់ដើម្បីសិក្សាទៅលើដំណើរការរបស់វ៉ាក់សាំងមុននឹងធ្វើតេស្ដទៅលើមនុស្ស។

ការធ្វើតេស្ដវ៉ាក់សាំងវីរុស COVID-19នេះបានចាប់ផ្ដើមនៅមន្ទីរពិសោធន៍ CSIRO នៅរដ្ឋ Victoria កាលពីសប្តាហ៍មុន។
វេជ្ជបណ្ឌិត Keith Chappell អ្នកដឹកនាំកម្មវិធីវ៉ាក់សាំងបានលើកឡើងថាការសិក្សាទៅលើការការពារគឺត្រូវធ្វើនៅទីតាំងមានអ្នកជំនាញសុវត្ថិភាពជីវសាស្ត្រព្រោះពួកគេប្រើវីរុសរស់ដើម្បីផលិតវ៉ាក់សាំង ហើយក្រុមហ៊ុនដៃគូ Viroclinics Xplore ក៏ជឿថាអាចនឹងទទួលបានជោគជ័យកាន់តែលឿនតាមដែលអាចធ្វើបាន។ លោកក៏សង្ឃឹមថាវ៉ាក់សាំងនេះអាចនឹងធ្វើតេស្ដលើមនុស្សនៅពាក់កណ្ដាលឆ្នាំនេះ។
ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់បច្ចេកវិទ្យាការឆ្លើយតបរហ័សយកពី Epidemic Preparedness Innovations ដើម្បីផលិតវ៉ាក់សាំងនេះដែលចំណាយពេលត្រឹមតែបីសប្តាហ៍ក្នុងការផលិត។ វ៉ាក់សាំងបានបង្កើតដោយប្រើបច្ចេកវិទ្យាផ្គុំម៉ូលេគុល (Molecular clamp) ដែលចាប់ប្រូតេអ៊ីនរបស់វីរុសដើម្បីឲ្យប្រព័ន្ធភាពស៊ាំស្គាល់ និងប្រឆាំងនឹងវីរុស។
សាកលវិទ្យាល័យ Queenland ក៏បានសហការជាមួយនឹងក្រុមហ៊ុន Cytiva ដើម្បីបង្កើតឧបករណ៍សម្រាប់ការធ្វើតេស្ដសាកល្បងលើមនុស្ស និងរៀបចំគ្រឿងបរិក្ខារដើម្បីការផលិតទ្រង់ទ្រាយធំពេលអនាគត។
គិតមកដល់ថ្ងៃនេះ ចំនួនអ្នកឆ្លងជុំវិញពិភពលោក ១ ៥៩២ ០៣៦ករណី ក្នុងនោះអ្នកជា ៣៥៣ ៥១៥នាក់ និងអ្នកស្លាប់ ៩៥ ០៨០នាក់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ