វិបត្តិកូវីដ១៩ ប៉ូលិសអន្តរជាតិដកហូតថ្នាំពេទ្យក្លែងក្លាយតម្លៃរាប់លានដុល្លារ
ថ្នាំពេទ្យក្លែងក្លាយ កំពុងលក់ និងចរាចរនៅទីផ្សារបណ្តាប្រទេសកំពុងអភិវឌ្ឍ មួយចំនួនដោយមានពាក្យចចាមរ៉ាម ថាព្យាបាលលើជំងឺ បង្កដោយវីរុសផ្លូវដង្ហើម COVID-19 កំពុងរីករាលដាលខ្លាំងឡើងៗ។ នេះបើតាមការឱ្យដឹងពី អង្គការសុខភាពពិភពលោក (WHO)។ អង្គការសុខភាពពិភពលោក បានប្រកាសឱ្យដឹងជាផ្លូវការថា ថ្នាំទាំងនោះ គឺពុំមានប្រសិទ្ធិភាពអ្វីឡើយលើការព្យាបាលអាការៈរោគ បង្កដោយ វីរុស COVID-19 ហើយថែមទាំង មានផលប៉ះពាល់ដោយសារការប្រើថ្នាំនោះទៀតផង (ប្រតិកម្មថ្នាំ)។

យោងតាម អង្គការពិភពលោកខាងលើដដែល ត្រឹមរយៈពេល១សប្តាហ៍ គឺក្រោយពេល ខ្លួន ប្រកាសអាសន្នទូទាំងពិភពលោកពីការរាតត្បាត វីរុស COVID-19 ប៉ូលិសអន្តរជាតិ (INTERPOL) ដកហូតបាន ថ្នាំពេទ្យក្លែងក្លាយមានតម្លៃ ប្រមាណជាង១៤លានដុល្លារអាមេរិក ពីប្រទេសប្រមាណ៩០។ បន្ថែមពីនោះមានការដកហូត ម៉ាសក្លែងក្លាយជាងរាប់លានម៉ាសផងដែរ។
បើយោងតាមព័ត៌មាន BBC បានឱ្យដឹងថា ប្រជាពលរដ្ឋជុំវិញពិភពលោក បាន និងកំពុងជាវយកថ្នាំពេទ្យមួយចំនួន ត្រៀមបម្រុងទុកក្នុងផ្ទះ សម្រាប់ព្យាបាលលើអាការៈស្រាលៗ។ យ៉ាងណាមិញ ប្រទេសចិន និងឥណ្ឌា ដែលជាប្រទេសធំៗ ក្នុងការផលិតថ្នាំ ផ្គត់ផ្គង់ពិភពលោក កំពុងជួបវិបត្តិដូចគ្នា ដោយដំណើរការផលិតបានត្រឹម ៥០-៦០% សម្រាប់ផ្គត់ផ្គង់។ នេះជា ចំណែកឆ្លៀតឱកាសមួយ ដែលការផលិតថ្នាំគ្មានប្រភពច្បាស់លាស់ ដោយពុំបានគិតគូរពីផលប៉ះពាល់លើសុខភាពមនុស្សជាតិ កើតឡើងដើម្បីប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន៕

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ