អាមេរិកក្លាយជាប្រទេសមានអ្នកស្លាប់ និងឆ្លងវីរុសកូវីដ-១៩ ខ្ពស់ជាងគេលើពិភពលោក
សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលមានចំនួនអ្នកស្លាប់ច្រើនជាង២ពាន់នាក់ក្នុងពេលតែមួយថ្ងៃ។
របាយការណ៍ពីសាកលវិទ្យាល័យស្រាវជ្រាវ Johns Hopkins សហរដ្ឋអាមេរិក បានបង្ហាញថា មានមនុស្សស្លាប់ចំនួន ២,១០៨នាក់ ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅអាមេរិកមានចំនួន ២០ ០៧១នាក់គិតដល់ព្រឹកថ្ងៃទី១២ ខែមេសា ស្របពេលជាមួយគ្នានោះ មានករណីឆ្លងរហូតដល់ ជាង៥សែននាក់។

នៅពេលនេះហរដ្ឋអាមេរិកបានក្លាយជាប្រទេសមានចំនួនអ្នកស្លាប់លើសគេនៅលើពិភពលោក និងក៏ជាប្រទេស ដែលមានអ្នកឆ្លងវីរុស COVID-19 ច្រើនជាងគេលើពិភពលោកដែរ។
ដោយឡែក បើតាមក្រុមការងារពិសេសសម្រាប់ប្រតិបត្តិការប្រឆាំង COVID-19នៃសេតវិមាន (សហរដ្ឋអាមេរិក) បានឱ្យដឹងថា កំណើននៃការរាតត្បាតទូទាំងសហរដ្ឋអាមេរិក កំពុងចាប់ផ្តើមស្ថិតក្នុងកម្រិតថេរ ដោយចំនួននៃការរាលដាល ស្ថិតក្នុងចន្លោះមិនឡើង និងមិនចុះខ្លាំង។
ទោះជាយ៉ាងណា លោក អភិបាលក្រុងញ៉ូវយក Andrew Cuomo បានក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យប្រកាន់ភ្ជាប់វិធានការការពារខ្លួនជានិច្ច ពោលគឺវិធានការអនាម័យ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពសង្គម (នៅឃ្លាតគ្នាក្នុងរយៈចម្ងាយសុវត្ថិភាព)។
ការលើកឡើងរបស់លោកអភិបាលក្រុងខាងលើ គឺជាសញ្ញាក្រើនរំលឹកដល់ប្រជាពលរដ្ឋពិភពលោកឱ្យប្រុងប្រយ័ត្ន។ សារប្រុងប្រយ័ត្ននោះ គឺក្រោយពីរូបភាពមួយចំនួន ថតដោយ Drone បង្ហាញពីកោះ Hart Island នៃទីក្រុងញ៉ូវយក ជាទីវាលបញ្ចុះសពទុកចោលអស់រយៈពេលជាង១៥០ឆ្នាំ បានប្រែជាទីបញ្ចុះសពឡើងវិញ និងរីករាលដាលកាន់តែធំ ក្នុងមួយថ្ងៃៗ។
គិតមកដល់ព្រឹកថ្ងៃទី១២ ខែមេសា នេះនៅទូទាំងពិភពលោកចំនួនអ្នកឆ្លងវីរុស COVID-19 មានជាង១,៧លានករណី អ្នកស្លាប់មានជាង១០ម៉ឺននាក់ និងអ្នកជាសះស្បើយមានជាង៤សែននាក់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ