ប្រេស៊ីលបញ្ឈប់តេស្តថ្មាំ Chloroquine ព្យាបាលកូវីដ១៩ ក្រោយអ្នកជំងឺជួបបញ្ហាបេះដូង
ការសិក្សាមួយនៅប្រទេសប្រេស៊ីលដោយតេស្ដថ្នាំប្រឆាំងជំងឺគ្រុនចាញ់ក្ល័ររូគីន( chloroquine) ដើម្បីព្យាបាលវីរុស COVID-19 តែត្រូវបញ្ឈប់មុនកាលកំណត់ ព្រោះក្រុមអ្នកជំងឺដែលប្រើប្រាស់ថ្នាំក្នុងកម្រិតខ្ពស់ មួយចំនួនជួបបញ្ហាចង្វាក់បេះដូង។
អ្នកស្រាវជ្រាវនៅប្រេស៊ីលបានបញ្ចូលមនុស្ស៤៤០នាក់ទៅក្នុងការសិក្សាតេស្ដមើលថាថ្នាំ chloroquine នេះ ថាមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការព្យាបាលវីរុស COVID-19ដែរឬយ៉ាងណា។ អ្នកចូលរួមបានបែងចែកជាពីរក្រុមដោយមួយក្រុមអ្នកជំងឺប្រើប្រាស់ថ្នាំនេះក្នុងកម្រិត៦០០មីល្លិក្រាមពីរដងជារៀងរាល់ថ្ងៃក្នុងរយៈពេល១០ថ្ងៃ និងក្រុមមួយទៀតប្រើប្រាស់ក្នុងកម្រិត ៤៥០មីល្លិក្រាមសម្រាប់៥ថ្ងៃដែលពីរថ្ងៃដំបូងប្រើក្នុងកម្រិតគុណនឹងពីរ។ ការសិក្សានេះគឺទាំងគ្រូពេទ្យ និងអ្នកជំងឺសុទ្ធតែមិនដឹងពីកម្រិតថ្នាំដែលគួលេបទទួល។

ប៉ុន្តែក្រោយពីធ្វើតេស្តអ្នកជំងឺបាន៨១នាក់ ក្នុងការសិក្សារនេះរួចមក អ្នកស្រាវជ្រាវក៏រកឃើញថាមានបញ្ហាកើតឡើង។ ក្នុងអំឡុងពេលពីរទៅបីថ្ងៃក្រោយចាប់ផ្ដើមការព្យាបាល អ្នកជំងឺក្នុងក្រុមប្រើប្រាស់ថ្នាំក្នុងកម្រិតខ្ពស់មានបញ្ហាចង្វាក់បេះដូងខ្ពស់ជាងអ្នកស្ថិតក្នុងក្រុមប្រើប្រាស់ក្នុងកម្រិតទាប។ អ្នកជំងឺពីរនាក់ក្នុងក្រុមប្រើប្រាស់ថ្នាំកម្រិតខ្ពស់មានចង្វាក់បេះដូងដើរលឿន និងខុសប្រក្រតី (ventricular tachychardia ) មុននឹងអ្នកទាំងពីរស្លាប់។
ក្រោយពីទទួលបានលទ្ធផលបែបនេះ អ្នកស្រាវជ្រាវបានបញ្ឈប់ការសិក្សាទៅលើក្រុមអ្នកជំងឺដែលប្រើប្រាស់ថ្នាំនេះក្នុងកម្រិតខ្ពស់ និងបានព្រមានពីការប្រើប្រាស់ថ្នាំប្រឆាំងគ្រុនចាញ់ក្នុងកម្រិតខ្ពស់សម្រាប់ព្យាបាលវីរុស COVID-19។
មន្ទីរពេទ្យនៅប្រទេសបារាំងក៏បានរាយការណ៍នៅក្នុងសារព័ត៌មាន Newsweekពីការឈប់ប្រើប្រាស់ថ្នាំ hydroxychloroquine សម្រាប់ព្យាបាលអ្នកជំងឺឆ្លងវីរុស COVID-19 ក្រោយពីអ្នកជំងឺមានបញ្ហាចង្វាក់បេះដូងនេះដែរ។
អ្នកស្រាវជ្រាវនៅប្រទេសប្រេស៊ីលក៏និយាយថាថ្នាំ chloroquine និងhydroxychloroquineបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺគ្រុនចាញ់ជាយូរណាស់មកហើយ ប៉ុន្តែមានហានិភ័យនៃបញ្ហាចង្វាក់បេះដូងដែលគេហៅថា QT prolongation។ ថ្នាំនេះគឺមិនមានសុវត្ថិភាពសម្រាប់អ្នកមានបញ្ហាចង្វាក់បេះដូង ឬ ចង្វាក់បេះដូងខុសប្រក្រតី (arrhythmia) នោះទេ ។
ក្រោយពីអ្នកស្រាវជ្រាវបញ្ឈប់ការសិក្សា ចំពោះក្រុមអ្នកជំងឺប្រើប្រាស់ថ្នាំក្នុងកម្រិតខ្ពស់រួចមក អ្នកជំងឺ ក៏ត្រូវបានបញ្ចូលទៅក្នុងក្រុមប្រើប្រាស់ថ្នាំក្នុងកម្រិតទាបវិញ។ ចំនួនអ្នកជំងឺនៅក្នុងការសិក្សានេះគឺមិនគ្រប់គ្រាន់ក្នុងការកំណត់ថាថ្នាំនេះមានប្រយោជន៍ក្នុងការព្យាបាលវីរុស COVID-19 ហើយអ្នកស្រាវជ្រាវក៏នឹងបន្តបញ្ចូលអ្នកជំងឺក្នុងក្រុមដែលប្រើប្រាស់ថ្នាំក្នុងកម្រិតទាបដើម្បីបញ្ចប់ការសិក្សានេះ។
អ្នកជំងឺទាំងអស់ក្នុងការសិក្សានេះក៏បានប្រើប្រាស់ថ្នាំ antibiotic ឈ្មោះ azithromycin ដែលអាចបង្កើនហានិភ័យនៃបញ្ហាចង្វាក់បេះដូងផងដែរ។ អ្នកស្រាវជ្រាវបានកត់សម្គាល់ថាពួកគេមិនអាចសិក្សាទៅលើផលប៉ះពាល់អវិជ្ជមាននៃថ្នាំ antibiotic នេះបានទេ ក៏ព្រោះអ្នកជំងឺទាំងនោះបានប្រើប្រាស់ថ្នាំនេះមុនការសិក្សានេះចាប់ផ្តើមមកម្លេះ។ ការប្រើប្រាស់ថ្នាំ azithromycin និង hydroxychloroquine នេះក៏កំពុងប្រើប្រាស់ព្យាបាលអ្នកជំងឺវីរុស COVID-19នៅមន្ទីរពេទ្យនៅសហរដ្ឋអាមេរិកផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ