អាហារ និងផ្លែឈើទាំង ៩ ដែលមានប្រសិទ្ធិភាពធ្វើឲ្យស្បែកប្រែជាស្រស់ស្អាតក្មេងជាងវ័យបែបធម្មជាតិ
មនុស្សភាគច្រើនប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ការទទួលទានផ្លែឈើ និងបន្លែច្រើន គឺមិនត្រឹមតែសំខាន់សម្រាប់សុខភាពរាងកាយតែប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់សុខភាពសម្រស់ ឬស្បែកផងដែរ។ ទោះជាយ៉ាងណា មានមនុស្សតិចណាស់ដឹងអំពីប្រភេទនៃផ្លែឈើដែលមានប្រសិទ្ធិភាព ឬលក្ខណៈពិសេសធ្វើឲ្យស្បែកប្រែជាស្រស់ស្អាត។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីផ្លែឈើមួយចំនួនដែលល្អប្រសើរបំផុតសម្រាប់សុខភាពស្បែកស្រស់ស្អាតភ្លឺរលោង ៖
១. ផ្លែប៉ោម ៖ ដើម្បីទទួលបានស្បែកស្រស់ស្អាតក្មេងជាងវ័យ ចូរទទួលទានផ្លែប៉ោមពណ៌ក្រហម។ ផ្លែប៉ោមពណ៌ក្រហមមានផ្ទុកនូវជាតិកូឡាជែនខ្ពស់បំផុតដែលមានប្រសិទ្ធិភាពលើកកម្ពស់ភាពបន់បែន ឬយឺតនៃស្បែក។

២. ផ្លែឪឡឹក ៖ ក៏ព្រោះផ្លែឈើនេះមានផ្ទុកនូវជាតិទឹកដល់ទៅ ៩០ ភាគរយ ការទទួលទានឪឡឹកនឹងផ្ដល់សំណើមដល់ស្បែកពីខាងក្នុងមកខាងក្រៅ។

៣. ផ្លែចេក ៖ ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលសំខាន់បំផុតក្នុងការរក្សាតុល្យភាពនៃជាតិសំណើមរបស់ស្បែក។ ស្បែកស្ងួូតខ្លាំង គឺជារោគសញ្ញាទូទៅមួយនៃបញ្ហាកង្វះជាតិប៉ូតាស្យូមក្នុងរាងកាយ។ ដូច្នេះដើម្បីរក្សាបាននូវជាតិសំណើមរបស់ស្បែក ចូរព្យាយាមទទួលទានផ្លែចេកឲ្យបានជាប្រចាំ។

៤. ផ្លែម្នាស់ ៖ ក៏ព្រោះតែវាមានផ្ទុកនូវអង់ស៊ីម bromelain ម្នាស់មានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការប្រយុទ្ធប្រឆាំងការរលាក និងហើម នៃស្បែក។

៥. ផ្លែល្ហុង ៖ មានផ្ទុកសម្បូរទៅដោយវីតាមីន A និង អង់ស៊ីម papain ដែលជួយបំបែកប្រូតេអ៊ីនអសកម្ម និងកម្ចាត់ចោលនូវកោសិកាស្បែកដែលងាប់ៗ។

៦. ផ្លែទទឹម ៖ ទទឹមមានផ្ទុកនូវសមាសធាតុប្រយុទ្ធប្រឆាំងនឹងដំណើរនៃភាពចាស់របស់ស្បែក ដោយវាជម្រុញការលូតលាស់កោសិកាស្បែកថ្មី ឬស្ដារកោសិកាស្បែកឡើងវិញ។

៧. ស្ត្របឺរី ៖ មានផ្ទុកនូវអាស៊ីត ellagic ខ្ពស់ ដែលមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងទៅនឹងការបំផ្លាញស្បែកពីសំណាក់ពន្លឺព្រះអាទិត្យ ក៏ដូចជាភាពជ្រីវជ្រួញ។

៨. ផ្លែគីវី ៖ មានផ្ទុកវីតាមីន C ច្រើនបំផុត។ វីតាមីន C គឺសំខាន់បំផុតដើម្បីទទួលបានស្បែកភ្លឺរលោងស្អាត។

៩. ដំឡូងបារាំង ៖ ដោះស្រាយបញ្ហាក្លៀកខ្មៅ ដោយគ្រាន់តែយកដំឡូងបារាំង ១ បន្ទះ មកដុសលើស្បែកក្លៀកសម្រាប់រយៈពេល ១០ នាទី រួចសឹមលាងសម្អាតចេញជាមួយនឹងទឹកមិនក្ដៅមិនត្រជាក់។ ដំឡូងបារាំងមានផ្ទុកអាស៊ីតស្រាល ឬតិចតួចដែលដើរតួនាទីជាភ្នាក់ងារធ្វើឲ្យស្បែកប្រែជាពណ៌សបែបធម្មជាតិ៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside