សុខភាព

ឈប់យល់ច្រឡំទៀត អាហារទាំងនេះ មិនអាចការពារ ឬព្យាបាលកូវីដ-១៩បានទេ

BY
Khmernote Media
April 22, 2020

ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នូវ​វីរុស COVID-19 បាន​ធ្វើ​ឲ្យ​មាន​ភាន់​ច្រឡំ​ជា​ច្រើន​ជុំ​វិញ​ការព្យាបាល និង​វិធី​ការពារ ក្នុងនោះមាន​ទាំង​ការ​ធ្វើ​តាម​ជំនឿផ្សេងៗ ដើម្បី​បណ្តេញ​វីរុស COVID-19 និង​ញ៉ាំ​អាហារ​ណាមួយ​អាច​ទប់​ស្កាត់​វីរុស​នេះបាន។ ដំបូង​ឡើយ នៅ​ពេល​ដែល​វីរុស​ចាប់​ផ្តើម​រាលដាល​ថ្មីៗ អាហារ​ទាំង​នេះ គេ​ជឿ​ថា អាច​ទប់​ស្កាត់​ការ​ឆ្លង​វីរុស COVID-19 បាន​៖

ទី១. ខ្ទឹមស

ពាក្យ​ចចាមអារ៉ាម​មួយ​នេះ​មាន​ការ​រំលែក​ច្រើននៅ​លើ​បណ្តាញ​សង្គម ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​បក​ស្រាយ​ថា ខ្ទឹមស​ជា​អាហារ​ជំនួយ​ដល់​សុខភាព​បាន ហើយ​វា​អាច​ជួយ​ប្រឆាំង​នឹង​វីរុស​បាន​ផងដែរ។ ទោះយ៉ាងណា គ្មាន​ភស្តុតាង​ណាមួយ អាច​បញ្ជាក់​ថា វា​អាច​ទប់ស្កាត់​មនុស្ស​ពី​ការ​ឆ្លង​វីរុស COVID-19 បាន​ទេ។

ទី២. ស្រា ឬភេសជ្ជៈ​មាន​ជាតិ​អាល់កុល

ត្បិត​តែ​អាល់កុល​កម្ចាត់​មេរោគ​បាន​ក៏​ពិត​មែន ប៉ុន្តែ​ជាតិ​អាល់កុល​ដែល​នៅ​ក្នុង​ស្រាផ្សេងៗ មិន​អាច​ជួយ​ការពារ​មិន​ឲ្យ​ឆ្លង​វីរុស COVID-19 បាន​ឡើយ។ អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​ដឹង​ថា ការ​ផឹក​ស្រា​ញឹកញាប់ ឬ​ច្រើន​ហួស​កម្រិត​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​របស់​យើង។

ទី៣.ទឹក​ក្តៅ

ទឹក​ក្តៅ​មួយ​កែវ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា ជាពិសេស​នៅក្នុង​រដូវ​រងា ។ ចំពោះ​ការ​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​ឆ្លង​វីរុសCOVID-19នោះ គឺ​មិន​ពិត​នោះទេ វីរុស​នេះមិន​អាច​កម្ចាត់​បាន​ដោយ​គ្រាន់​តែ​ផឹក​ទឹក​ក្តៅ ឬ​ខ្ពុលមាត់​ជាមួយ​ទឹក​ក្តៅ​បាន​ទេ។

ទី៤.ក្រូចឆ្មារ

​ពាក្យ​ចចាមអារ៉ាម​នេះ​ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​នៅ​លើ​ហ្វេសប៊ុក​ដូចគ្នា ដែល​ថា ញ៉ាំ​ទឹក​ក្តៅ​ជាមួយ​ក្រូច​ឆ្មារអាច​កម្ចាត់​វីរុស COVID-19​ បាន ប៉ុន្តែ​មក​ទល់​ពេល​នេះ​គ្មាន​ភស្តុតាង​វេជ្ជសាស្រ្ត​ណាមួយ​មក​បញ្ជាក់​ថា ក្រូច​ឆ្មារ​អាច​សម្លាប់​មេរោគ​ COVID-19 បានទេ។

ទី៥.ទឹក និង​អំបិល ឬ​ទឹក​ខ្មេះ

មនុស្ស​មួយ​ចំនួន​ជឿថា គ្រាន់​តែ​ផឹក​ទឹក​ក្តៅ​លាយ​ជាមួយ​អំបិល ឬ​ទឹក​ខ្មេះ អាច​ការពារ​ពី​ការ​ឆ្លង​វីរុស ​COVID-19 ​បាន ប៉ុន្តែ​វា​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​ដើម្បី​បញ្ជាក់​ថា រូប​មន្ត​នេះ​ពិត​ជា​អាច​ការពារ​មិន​ឲ្យ​ឆ្លង​វីរុស​បាន​ពិត ឬ​ក៏​អត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: