សក់នឹងត្រូវទទួលរងការបំផ្លាញជាមិនខាន ប្រសិនបើអ្នកមិនព្រមបញ្ឈប់នូវសកម្មភាពមួយចំនួននេះ
សក់ស្រស់ស្អាតរឹងមាំ គឺជាផ្នែកដ៏សំខាន់មួយដែលជួយលើសម្រស់របស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ជាញឹកញយតែងសក់ត្រូវទទួលរងនូវការបំផ្លាញ ដោយសារតែកំហុសក្នុងការថែទាំ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីកំហុសទូទៅបំផុតមួយចំនួនដែលអ្នកគួរតែបញ្ឈប់ ប្រសិនបើចង់ទទួលបានសក់ស្រស់ស្អាតរឹងមាំ ៖
១. ការជ្រើសរើសសាប៊ូកក់សក់ខុស ៖ ការជ្រើសរើសសាប៊ូកក់សក់ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការថែទាំសក់របស់អ្នក។ ដូច្នេះដើម្បីជៀសផុតពីផលវិបាកផ្សេងៗ ចូរធ្វើការជ្រើសរើសនូវសាប៊ូដែលសាកសមនឹងប្រភេទនៃសក់របស់អ្នក។

២. ការកក់សក់ញឹកញាប់ ឬកម្រនឹងកក់ពេក ៖ ប្រសិនបើសក់របស់អ្នកជាប្រភេទសក់ឡើងប្រេង អ្នកគួរតែកក់សក់រៀងរាល់រយៈពេល ១ ឬ ២ ថ្ងៃ ម្ដង។ប្រេកង់ ឬចំនួននៃការកក់សក់ គឺអាស្រ័យទៅលើប្រភេទនៃសក់របស់អ្នក។

៣. ការប្រើប្រាស់សាប៊ូកក់សក់ ៖ របៀបត្រឹមត្រូវក្នុងការកក់សក់ គឺជាដំបូងអ្នកត្រូវសិតសក់ជាមុនសិន។ ចាក់សាប៊ូលើបាតដៃ ហើយត្រដុសឲ្យឡើងពពុះ។ បន្ទាប់មកលាបវាលើគល់នៃសក់ ហើយចាប់ផ្ដើមធ្វើចលនាម៉ាស្សាថ្នមៗប៉ះនឹងស្បែកក្បាលរបស់អ្នក។ ម៉ាស្សារហូតដល់ពេញស្បែកក្បាលសិន សឹមលាងសម្អាតចេញ។ វិធីនេះនឹងផ្ដល់អត្ថប្រយោជន៍សម្រាប់ឬសនៃសក់។ បរិមាណនៃសាប៊ូ គឺអាស្រ័យលើប្រវែងនៃសក់របស់អ្នក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនត្រូវប្រើប្រាស់សាប៊ូច្រើនពេកទេ។

៤. មិនផ្ដល់សំណើម និងសារធាតុចិញ្ចឹមចាំបាច់ដល់សក់ ៖ សក់បាត់បង់សំណើមលឿនបំផុត។ អ្នកអាចប្រើប្រាស់ផលិតផលផ្ដល់សំណើមណាមួយដូចជា ប្រេងលាប ឬម៉ាសអប់សក់ ដែលសាកសមនឹងប្រភេទនៃសក់ ដើម្បីផ្ដល់សំណើមដល់សក់ដោយមិនបណ្ដាលឲ្យសក់ខូច។ ចំពោះប្រេងលាប គឺប្រើដំណាលគ្នាក្នុងពេលកក់សក់ ឬបន្ទាប់ពីលាងសម្អាតសាប៊ូចេញភ្លាម។ របៀបត្រឹមត្រូវក្នុងការលាបប្រេងផ្ដល់សំណើម ឬម៉ាសអប់សក់ គឺលាបតាមបណ្ដោយនៃប្រវែងសក់ ប៉ុន្តែមិនត្រូវឲ្យប៉ះចូលស្បេកក្បាលឡើយ។ ហើយអ្នកមិនគួរប្រើប្រាស់ប្រេងលាប ឬម៉ាសអប់សក់ច្រើនជាង ១ ដងក្នុងមួយសប្តាហ៍ឡើយ។
៥. សីតុណ្ហភាពមិនត្រឹមត្រូវនៃទឹក ៖ មនុស្សភាគច្រើនប្រើប្រាស់សីតុណ្ហភាពទឹកក្ដៅខ្លាំងពេក នៅពេលពួកគេលាងសម្អាតសក់។ នេះជាកំហុសធ្ងន់ណាស់ ដោយទឹកក្ដៅនឹងបំបាត់ពណ៌ធម្មជាតិនៃសក់ ហើយថែមទាំងរំញោចឲ្យក្រពេញប្រេងប្រែជាសកម្មផងដែរ។ ដូច្នេះនៅពេលលាងសម្អាតសក់ អ្នកគួរតែប្រើប្រាស់ទឹកក្ដៅឧណ្ហៗបានហើយ។ ទឹកត្រជាក់ក៏ល្អប្រសើរសម្រាប់លាងសម្អាតសក់ដូចគ្នានឹងទឹកក្ដៅឧណ្ហៗដែរ។

៦. ការញីសម្ងួតសក់ជាមួយនឹងកន្សែង ៖ អ្នកមិនត្រូវយកកន្សែងមកញីសក់ បន្ទាប់ពីកក់សក់រួចឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកកន្សែងមកផ្ដិតៗពីគល់ទៅចុងជាការស្រេច។ កុំប្រើកន្សែងរុំសក់ជុំវិញក្បាលឲ្យសោះ ក៏ព្រោះការធ្វើបែបនេះអាចបណ្ដាលឲ្យខូចឬសសក់។ ប៉ុន្តែប្រសិនបើអ្នកត្រូវការឲ្យសក់ស្ងួតលឿន ចូរប្រើប្រាស់អាវយឺតធ្វើឡើងពីសំឡីកប្បាសជំនួសឲ្យកន្សែង!

៧. សិតសក់ដោយបង្ខំ និងញឹកញាប់ពេក ៖ ការសិតសក់ញឹកញាប់ពេកអាចធ្វើឲ្យសក់យឺតត្រង់ពេក ឬដល់ថ្នាក់ប្រែជាផុយស្រួយ។ កុំសិតសក់ភ្លាមៗបន្ទាប់ពីកក់ហើយឲ្យសោះ។ ត្រូវរងចាំរហូតដល់សក់ស្ងួតសិន បន្ទាប់មកសឹមរំដោះសក់ដែលជំពាក់ថ្នមដោយប្រើម្រាមដៃរបស់អ្នក។ បន្ទាប់មកសឹមចាប់ផ្ដើមសិត។ អ្នកគួរជ្រើសរើសប្រើប្រាស់ក្រាស់សិតសក់ដែលមានធ្មេញធំៗទូលាយ។

៨. ប្រើប្រាស់ម៉ាស៊ីនលេងស្ទាយសក់ញឹកញាប់ពេក ៖ ម៉ាស៊ីនផ្លុំសម្ងួតសក់ ម៉ាស៊ីនអ៊ុត ឬគាបសក់ និងឧបករណ៍ផ្សេងៗទៀត អាចបណ្ដាលឲ្យសក់បាត់បង់នូវជាតិសំណើម ហើយសក់នឹងប្រែជាស្ងួតផុយស្រួយ។

៩. ការមិនលាងសម្អាតក្រាសសិតសក់ ៖ ត្រូវលាងសម្អាតក្រាសសិតសក់ក្នុងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ១ ដងក្នុងមួយសប្តាហ៍។ ហើយកុំភ្លេចផ្លាស់ប្ដូរក្រាសដែលចាស់ៗចេញឲ្យបានទៀងទាត់ផង។

១០. មិនពាក់មួក ៖ មួកជួយការពារសក់របស់អ្នកមិនឲ្យទទួលរងការខូចខាតផ្សេងៗពីសំណាក់ពន្លឺព្រះអាទិត្យ។ ទោះជាយ៉ាងណាក៏ដោយ ចូរជ្រើសរើសមួកប្រភេទណាដែលសាកសមនឹងក្បាលរបស់អ្នក គឺមិនត្រូវតឹងពេកឡើយ។
១១. ការគេងទម្លាក់សក់ ៖ ប្រសិនបើសក់របស់អ្នកមានប្រវែងវែង ឬមធ្យម អ្នកគួរតែក្រងវានៅមុនពេលចូលគេង។ ការធ្វើបែបនេះនឹងជួយការពារសក់មិនឲ្យជំពាក់ ឬរួញ៕
អត្ថបទ ៖ Bee
ប្រភព ៖ Brightside