សុខភាព

មកដឹងពីសាវតារអ្នកជំងឺកូវីដ-១៩ ទាំង៣នាក់ ដែលព្យាបាលមិនទាន់ជា

BY
Khmernote Media
April 30, 2020

ដូច​ដែល​បាន​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា​មិន​មាន​រក​ឃើញ​ករណី​ឆ្លង​វីរុស COVID-19 ថ្មីបន្ថែម​ទៀត ប្រមាណ​២០ថ្ងៃ​មកហើយៗ​ក៏​បាន​ព្យាបាល​អ្នក​ជំងឺ ​COVID-19 ស្ទើរ​ទាំង​អស់ នៅ​សល់​តែ ៣ករណី​ប៉ុណ្ណោះ ដែល​មាន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាយមាន​ជ័យ និង​ខេត្ត​កំពង់​ឆ្នាំង។ អ្នក​ជំងឺនៅក្នងខេត្តទាំង៣នេះ មានដូចជា៖

ទី១.ខេត្ត​កំពង់ឆ្នាំង៖ អ្នក​ជំងឺ COVID-19 ដែល​ព្យាបាល​មិន​ទាន់​ជា ភេទ​ប្រុស អាយុ៧៥ឆ្នាំ ជា​បុរស​ជនជាតិខ្មែរ-អ៊ីស្លាម រក​ឃើញ​វិជ្ជមាន​វីរុស COVID-19 កាល​ពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ អ្នក​ជំងឺ​ COVID-19 រូបនេះ​បាន​ឆ្លង​វីរុស ​COVID-19 បន្ទាប់​ពី​វិល​ត្រលប់​មកពី​ការ​ចូល​រួមពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​បច្ចុប្បន្ន អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នេះ​បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ទី២. ខេត្ត​ព្រះសីហនុ៖​ អ្នក​ជំងឺ ​COVID-19 ជា​បុរស​ជនជាតិ​ខ្មែរ អាយុ៥៨ឆ្នាំ រក​ឃើញ​វិជ្ជមាន​វីរុស COVID-19 កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ២០២០។ លោក​ស្រីឱសថការី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា អ្នក​ជំងឺ​ជា​អ្នក​គ្រប់គ្រង និង​ធ្វើ​បដិសណ្ឋារកិច្ច​ដោយ​ផ្ទាល់​ជាមួយ​ភ្ញៀវ​ទេសចរ​បារាំងទាំង​អស់ និង​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ទេស​ចរ​បារាំង​​មាន​ផ្ទុក​វីរុស COVID-19 ដែល​បាន​រក​ឃើញ​នៅ​ក្រុង​ព្រះសីហនុ។ បច្ចុប្បន្ន អ្នក​ជំងឺ​មាន​ស្ថាន​ភាព​សុខភាព​ធម្មតា ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត​ព្រះសីហនុ។

ទី៣. ខេត្ត​បន្ទាយ​មាន​ជ័យ៖ តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត កែវ សុភ័ក្រ្តា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ អ្នកជំងឺ COVID-19 ដែលមិនទាន់ជាសះស្បើយ ជាស្រី្ត អាយុ​៣៦​ឆ្នាំ បម្រើ​ការ​នៅ Star TV រស់​នៅ​ក្រុងប៉ោយប៉ែត។ ស្ត្រីរូបនេះរកឃើញវិជ្ជមាន​វីរុស COVID-19 កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ២០២០ ហើយ​បច្ចុប្បន្ន អ្នក​ជំងឺ​កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយ​មាន​ជ័យ។

មក​ដល់​ថ្ងៃនេះ ចំនួន​អ្នកឆ្លង​វីរុស ​COVID-19 នៅ​កម្ពុជា​សរុប​មាន​ចំនួន ១២២ នាក់ ក្នុងនោះមានអ្នក​ព្យាបាល​ជាសះ​ស្បើយ​ចំនួន ១១៩នាក់ហើយ នៅ​តែ៣នាក់​ខាងលើ​ប៉ុណ្ណោះ និង​​គ្មាន​ករណី​​ស្លាប់​​ទេ។ ​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: