សុខភាព

មកដឹងពីស្ថានភាពអ្នកជំងឺកូវីដ-១៩ ដែលមិនទាន់ព្យាបាលជាទាំង២នាក់

BY
Khmernote Media
May 4, 2020

គិត​មក​ត្រឹម​ព្រឹ​ក​ថ្ងៃទី៥ ឧសភា ឆ្នាំ២០២០ នេះ​កម្ពុជា​បាន​ព្យាបាល​អ្នក​ជំងឺ COVID-19 ជា​ស្ទើរ​តែ​១០០% ហើយ នៅ​សល់​តែ​២​នាក់​ប៉ុណ្ណោះ។ តើ​អ្នក​ជំងឺ​ទាំង​២នាក់​នោះ​រស់នៅ​ខេត្ត​ណា​ខ្លះ? ឯ​ស្ថានភាព​សុខភាព​យ៉ាង​ណា​ហើយ? ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​នេះ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា អ្នក​ជំងឺ COVID-19 ដែល​នៅ​មិន​ទាន់​ជា​សះស្បើយ​ទាំង​២នាក់​នោះ ម្នាក់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ម្នាក់​ទៀត​នៅ​ខេត្ត​កំពង់ឆ្នាំង។ អ្នក​ទាំង២​ទោះ​បី​ជា​ឆ្លង​ជំងឺ COVID-19 ជា​ច្រើន​ថ្ងៃ​ហើយ​ក្តី តែ​សុខភាព​នៅ​ល្អ​ធម្មតា មិន​មាន​សញ្ញា​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ។

១. ខេត្តបន្ទាយមានជ័យ

អ្នកជំងឺ COVID-19 ដែល​មិន​ទាន់​ជា​សះ​ស្បើយ ជា​ស្រី្ត អាយុ​៣៦​ឆ្នាំ បម្រើ​ការ​នៅ Star TV រស់​នៅ​ក្រុងប៉ោយប៉ែត និង​បាន​ធ្វើ​តេស្ត​សំណាក​ឡើង​វិញ​ជាង​១០ដង​ហើយ នៅ​តែ​វិជ្ជមាន COVID-19។ ស្ត្រី​រូប​នេះ​រក​ឃើញ​វិជ្ជមាន​វីរុស COVID-19 កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ២០២០ ហើយ​បច្ចុប្បន្ន អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយ​មាន​ជ័យ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត កែវ សុភ័ក្រ្តា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ។

២. ខេត្តកំពង់ឆ្នាំង

អ្នក​ជំងឺ COVID-19 ដែល​ព្យាបាល​មិន​ទាន់​ជាសះស្បើយ ភេទ​ប្រុស អាយុ៧៥ឆ្នាំ ជា​បុរស​ជនជាតិខ្មែរ-អ៊ីស្លាម រក​ឃើញ​វិជ្ជមាន​វីរុស COVID-19 កាល​ពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង អ្នក​ជំងឺ COVID-19 រូប​នេះ​បាន​ឆ្លង​វីរុស ​COVID-19 បន្ទាប់​ពី​វិល​ត្រលប់​មកពី​ការ​ចូល​រួមពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​បច្ចុប្បន្ន អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំង។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​រូប​នេះ ប្រើ​ពេល​យូរ​ក្នុង​ការ​ព្យាបាល អាច​មក​ពី​លោក​មាន​វ័យ​ច្រើន និង​មាន​ជំងឺ​ប្រចាំកាយ​ផង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: