កសិដ្ឋានចិញ្ចឹមកន្លាតក្នុងប្រទេសចិនបានរីកធំឡើងៗគួរឲ្យកត់សម្គាល់
ចិន៖ កសិដ្ឋានចិញ្ចឹមកន្លាតក្នុងប្រទេសចិនបានរីកធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឆ្លើយតបឲ្យទាន់នឹងតម្រូវការនៃការប្រើប្រាស់សត្វកន្លាតកាន់តែកើនឡើងដែរ។ លោក Li Yanrong ម្ចាស់កសិដ្ឋានចិញ្ចឹមកន្លាតមួយកន្លែងនៅក្នុងក្រុង Jinan ខេត្ត Henan ប្រទេសចិនបានប្រាប់ឲ្យដឹងថា បច្ចុបន្បន្ននេះនៅក្នុងកសិដ្ឋានរបស់គាត់មានកន្លាតរហូតដល់ទៅ ៣០០ លានក្បាល សុទ្ធតែជាប្រភេទពូជកន្លាតអាមេរិក ដែលមានទំហំធំៗជាងកន្លាតធម្មតា។
កន្លាតក្នុងកសិដ្ឋានរបស់គាត់បានជួយស៊ីកាកសំណល់ផ្ទះបានចំនួន ១៥តោនក្នុងមួយថ្ងៃ ដែលស្មើនឹង ១ ភាគ ៤ នៃ ទម្ងន់កាក សំណល់សរុបនៅក្នុងស្រុកខាងលើ។ តាមរយៈរបាយការណ៍បានបង្ហាញថា ក្នុងប្រទេសចិនទាំងមូលបានបង្កើតឲ្យមានកាកសំណល់ផ្ទះបាយប្រមាណជា ៦០ លានតោនក្នុងមួយឆ្នាំ ហើយកន្លងមកគេបានប្រើប្រាស់ថវិកាជាច្រើន ដើម្បីទិញសារធាតុគីមីផ្សេងៗយកមកកំទេចកាកសំណល់ទាំងនោះចោល ហើយតាមរយៈវិធីនេះវាបានបង្កឲ្យមានជាតិពុលក្នុងបរិយាកាសផងដែរ។
យ៉ាងណាក្តី ការដែលឲ្យកន្លាតស៊ីកាកសំណល់ទាំងនោះ វាគឺជាវិធីកំទេចកាកសំណល់ដ៏ល្អមួយ ព្រោះថាវាគ្មានផលប៉ះពាល់ និងអស់ការចំណាយតិច។ លោក Li Yanrong បានបន្ថែមថា នៅឆ្នាំក្រោយលោកនឹងចិញ្ចឹមកន្លាត ១០០ លានក្បាលបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ឲ្យទាន់តម្រូវការក្នុងទីផ្សារ។ សូមបញ្ជាក់ដែរថា កន្លាតត្រូវបានគេយកទៅប្រើប្រាស់យ៉ាងសកម្មក្នុងឧស្សាហកម្មផលិតថ្នាំពេទ្យនៅជុំវិញពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ thecoverage