ឆកទៀតហើយ! នេះគឺជា G7 ThinQ ស្មាតហ្វូនក្បាលឆកដំបូងបង្អស់របស់ក្រុមហ៊ុន LG (មានវីដេអូ)
- May 3, 2018
កាលពីម្សិលមិញនេះ ក្រុមហ៊ុន LG បានសម្រេចក្នុងការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូនត្រកូល G របស់ខ្លួន នោះគឺ LG G7 ThinQ។ ដោយឡែក ម៉ូដែលកំពូលនេះគឺពិតជាមានសមត្ថភាពខ្លាំង ហើយមានភ្ជាប់មកជាមួយនឹងអេក្រង់ដ៏ភ្លឺបំផុត បច្ចេកវិទ្យាសម្លេង Boombox និងអភិវឌ្ឍន៍លើមុខងារកាមេរ៉ា។
G7 ThinQ មានបំពាក់មកជាមួយនឹងបន្ទះឈីបប្រភេទ Snapdragon 845 ជាមួយនឹងទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB សម្រាប់ទីផ្សារសហរដ្ឋអាមេរិច។ ចំពោះទីផ្សារផ្សេងៗ ស្មាតហ្វូនកំពូលនេះនឹងមានភ្ជាប់មកជាមួយនឹងទំហំ RAM ដល់ 6GB និងអង្គផ្ទុកទិន្នន័យ 128GB។ សម្រាប់ចំណុចដែលទាក់ទងទាញបំផុតរបស់កំពូលស្មាតហ្វូន LG G7 ThinQ គឺអេក្រង់ទំហំ 6.1អ៊ីញ ប្រភេទ LCD ដែលមានភ្ជាប់មកជាមួយនឹងក្បាលឆកតែម្ដង។ ទាក់ទងទៅនឹងក្បាលឆកនេះ គឺអាចបិទបើកបានដូចគ្នាទៅនឹង Huawei P20 និង Asus Zenfone 5 ដែរ។ កាមេរ៉ាភ្លោះផ្នែកខាងក្រោយរបស់ G7 ThinkQ គឺមានទំហំ 16MP + 16MP ក្នុងកម្រឹត Aperture f/1.9 ប្រភេទ Wide-angle និងមួយទៀតសម្រាប់ថត Portrait ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI ផងដែរ។ ឯកាមេរ៉ាមុខវិញ គឺមានទំហំ 8MP ក្នុងកម្រឹត Aperture f/1.9។ បើធៀបទៅនឹងម៉ូដែលចាស់ LG G6 ដែលមានទំហំ 3,000mAh ថាមពលថ្មរបស់ G7 មានទំហំធំជាងមុន 10ភាគរយ។
គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន LG G7 ThinQ ក៏មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាមិនចូលទឹក និងធូលីដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន LG បានសម្រេចបង្កើតប៊ូតុងថ្មីសម្រាប់ម៉ូដែលនេះ នោះគឺ AI Key ដែលស្ថិតនៅចំហៀងនៃតួស្មាតហ្វូន។ ទាក់ទងទៅនឹងប៊ូតុងថ្មីនេះ គឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបញ្ជាលើមុខងារ Google Assistant បានដោយគ្រាន់តែប៉ះប៊ូតុងនោះប៉ុណ្ណោះ។
ទាក់ទងទៅនឹងកាលបរិច្ឆេតនៃការប្រកាសចេញលក់កំពូលស្មាតហ្វូននេះ នឹងត្រូវបានធ្វើឡើងក្នុងថ្ងៃទី01 ខែមិថុនា សម្រាប់ទីផ្សារសហរដ្ឋអាមេរិច និងកាណាដា។
ប្រភព៖ androidauthority
- Share This Post:















