ដោះស្រាយបញ្ហាភ្នែកស្ងួត ជាមួយនឹងគន្លឹះបែបធម្មជាតិងាយៗទាំងនេះ
ភ្នែក គឺជាផ្នែកដ៏សំខាន់បំផុតមួយនៃរាងកាយ។ ហេតុនេះការថែរក្សាភ្នែកឲ្យបានដិតដល់ គឺជារឿងដែលអ្នកមិនគួរមើលរំលងឡើយ។ ជំងឺភ្នែកផ្សេងៗ រួមទាំងភ្នែកស្ងួត បណ្ដាលមកពីកង្វះនូវថែរក្សា។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗបែបធម្មជាតិបំបាត់បញ្ហាភ្នែកស្ងួត ក៏ដូចជាបង្ការមិនឲ្យកើតមានផងដែរ ៖
១. រក្សាសំណើមក្នុងរាងកាយឲ្យគ្រប់គ្រាន់ គឺជារឿងសំខាន់ ៖ ចូរទទួលទានទឹកយ៉ាងហោចណាស់ឲ្យបានពី ៨ ទៅ ១០ កែវ ក្នុងមួយថ្ងៃជាប្រចាំ។ កាត់បន្ថយការទទួលទានជាតិប្រៃ កាហ្វេអ៊ីន ក៏ដូចជាអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ និងភេសជ្ជៈជាតិអាល់កុល។
២. លាងសម្អាតត្របកភ្នែក ៖ ប្រើប្រាស់ក្រណាត់ស្អាត និងទឹកក្ដៅឧណ្ហៗ។ ជាដំបូងត្រូវជ្រលក់ក្រណាត់ចូលក្នុងទឹកក្ដៅឧណ្ហៗ បន្ទាប់មកចាប់ផ្ដើមជូតទៅលើត្របកភ្នែកទាំងសងខាងរបស់អ្នកសម្រាប់រយៈពេល ៥ នាទី។ ប្រើប្រាស់សាប៊ូកម្រិតស្រាល និងមិនប៉ះពាល់ដល់ភ្នែក។ ប្រើប្រាស់ម្រាមដៃម៉ាស្សាសាប៊ូថ្នមៗលើត្របកភ្នែក ហើយលាងសម្អាតចេញដោយប្រុងប្រយ័ត្ន។ បន្ទាប់ពីលាងសម្អាតរួច ចូរប្រើប្រាស់កន្សែង ឬក្រណាត់ស្អាត ផ្តិតថើរៗរហូតដល់ស្ងួតជាការស្រេច។
៣. ស្អំភ្នែកជាមួយនឹងទឹកក្ដៅឧណ្ហៗ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវដាក់ដាំទឹកមួយចំនួនសិន បន្ទាប់មកទុកឲ្យចុះត្រជាក់ត្រឹមក្ដៅឧណ្ហៗ។ ជ្រលក់ក្រណាត់ស្អាតចូលក្នុងទឹក បន្ទាប់មកដាក់វាស្អំលើត្របកភ្នែកសម្រាប់រយៈពេលប្រហែល ១០ នាទី។ ប្រសិនក្រណាត់ប្រែជាត្រជាក់មុនពេលរយៈពេល ១០ នាទី ចូរជ្រលក់វាចូលក្នុងទឹកក្ដៅឧណ្ហៗម្ដងទៀត។
៤. ប្រើប្រាស់ប្រេងដូង ៖ ជ្រលក់សំឡីចូលក្នុងប្រេងដូង បន្ទាប់មកដាក់វាផ្ទាល់លើត្របកភ្នែកតែម្ដងសម្រាប់រយៈពេល ១៥ នាទី។ អនុវត្តន៍សារឡើងវិញនៅរាល់ចន្លោះម៉ោងសម្រាកពេញមួយថ្ងៃ។
៥. ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យនៅរាល់ពេលចេញក្រៅ។
៦. ឧស្សាហ៍ព្រិចភ្នែក ៖ ការព្រិចភ្នែកមិនបានគ្រប់គ្រាន់ គឺជាមូលហេតុចម្បងបំផុតមួយដែលបណ្ដាលឲ្យភ្នែកស្ងួត។ ដូច្នេះចូរព្យាយាមបិទភ្នែកទាំងសងខាង សម្រាប់រយៈពេល ២ វិនាទី សឹមបើកវិញ។ បន្ទាប់មកបិទភ្នែកម្ដងទៀតសម្រាប់រយៈពេល ២ វិនាទី និងប្រឹងបិទឲ្យខ្លាំងសម្រាប់រយៈពេល ២ វិនាទី សឹមបើកវិញ។ អនុវត្តន៍នូវរៀងរាល់ ២០ នាទី ម្ដង ឲ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ រហូតដល់អាការៈធូរស្បើយ។
៧. ទទួលទានជាតិខ្លាញ់អូមេហ្គា ៣ ៖ ការទទួលទានអាស៊ីតជាតិខ្លាញ់ចាំបាច់ៗ ជាពិសេសជាតិខ្លាញ់អូមេហ្គា ៣ មិនបានគ្រប់គ្រាន់ទេ ក៏ជាមូលហេតុបណ្ដាលឲ្យកើតជំងឺភ្នែកស្ងួតផងដែរ។ ខ្លាញ់អូមេហ្គា ៣ ដែលមានផ្ទុកច្រើននៅក្នុងត្រីមានប្រសិទ្ធិភាពជួយជំរុញដល់ការផលិតទឹកភ្នែក។ ដូច្នេះដើម្បីព្យាបាល ក៏ដូចជាបង្ការជំងឺភ្នែកស្ងួត ចូរបន្ថែមជាតិខ្លាញ់អូមេហ្គា ៣ ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៨. កាត់បន្ថយការសម្លឹងអេក្រង់អេឡិចត្រនិក ៖ ការសម្លឹងមើលអេក្រង់ទូរទស្សន៍ ទូរស័ព្ទ ឬកុំព្យូទ័រ ច្រើនពេក ក៏អាចបណ្ដាលឲ្យភ្នែកប្រែជាស្ងួតផងដែរ។ ដើម្បីជាការប្រសើរភ្នែករបស់អ្នកគួរតែនៅឆ្ងាយពីអេក្រង់ទូរទស្សន៍ ទូរស័ព្ទ ឬកុំព្យូទ័រ ប្រមាណពី ៥ ទៅ ៩ អ៊ីញ។
៩. ធ្វើការម៉ាស្សា ៖ ការម៉ាស្សាត្របកភ្នែកជាប្រចាំជួយជម្រុញក្រពេញទឹកភ្នែក បង្ការបញ្ហាភ្នែកស្ងួត។ ចូរបន្តក់ប្រេងអូលីវ ឬប្រេងដូង ២ ទៅ ៣ ដំណក់លើម្រាមដៃ បន្ទាប់មកម៉ាស្សាថ្នមៗលើត្របកភ្នែកទាំងសងខាងរបស់អ្នក ក៏ដូចជាជុំវិញភ្នែកផងដែរ។ ម៉ាស្សាសម្រាប់រយៈពេល ២ ទៅ ៣ នាទី។ បន្ទាប់មកដាក់បាតដៃគ្របលើត្របកភ្នែកដែលកំពុងបិទ សម្រាប់រយៈពេលពី ២ ទៅ ៣ នាទីបន្ថែមទៀត។ អ្នកមិនចាំបាច់សម្អាតប្រេងចេញពីត្របកភ្នែកឡើយ ក៏ព្រោះស្បែកនឹងស្រូបយកជាតិប្រេងទាំងនោះ។ អនុវត្តន៍សារឡើងវិញឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
១០. គេងឲ្យបានគ្រប់គ្រាន់ ៖ ភ្នែកស្ងួតក៏អាចបណ្ដាលមកពីកង្វះនៃការគេងផងដែរ។ ដូច្នេះចូរគេងឲ្យបានយ៉ាងហោចណាស់ពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់៕
អត្ថបទ ៖ Bee
ប្រភព ៖ Dailyhealthpost