ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តម្រងនោមនឹងទទួលរងការខូចខាតជាមិនខាន ប្រសិនបើអ្នកមិនព្រមផ្លាស់ប្ដូរទម្លាប់ទូទៅបំផុតទាំងនេះចេញ

    BY Khmernote Media May 4, 2018
    តម្រងនោមនឹងទទួលរងការខូចខាតជាមិនខាន ប្រសិនបើអ្នកមិនព្រមផ្លាស់ប្ដូរទម្លាប់ទូទៅបំផុតទាំងនេះចេញ

    តម្រងនោម គឺជាផ្នែកមួយនៃសរីរាង្គដែលសំខាន់បំផុតក្នុងរាងកាយ ដោយវាមានតួនាទីក្នុងការបន្សាប ឬកម្ចាត់ចោលនូវរាល់ជាតិពុលក្នុងឈាម ទទួលខុសត្រូវចំពោះការផលិតអ័រម៉ូនមួយចំនួនដែលគ្រប់គ្រងលើសម្ពាធឈាម និងជួយជំរុញដល់ការផលិតកោសិកាឈាមក្រហមផងដែរ។ក៏ព្រោះតែបែបនេះហើយទើបការថែរក្សាមុខងារតម្រងនោមឲ្យដំណើរប្រក្រតី សកម្ម និងកាន់តែល្អប្រសើរ គឺសំខាន់បំផុត។ ខាងក្រោមជាទម្លាប់មួយចំនួននឹងធ្វើឲ្យតម្រងនោមទទួលរងការខូចខាត ហើយអ្នកគួរតែផ្លាស់ប្ដូួរទម្លាប់ទាំងនេះចេញភ្លាមនៅមុនពេលបញ្ហាមិនល្អណាមួយកើតឡើង ៖

    ១. ទទួលទានទឹកមិនបានគ្រប់គ្រាន់​​​ ៖ ការទទួលទានទឹកមិនបានគ្រប់គ្រាន់អាចធ្វើឲ្យតម្រងនោមទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នៅពេលដែលរាងកាយរបស់អ្នកខ្វះជាតិទឹក លំហូរឈាមទៅកាន់តម្រងនោមនឹងត្រូវថយចុះបណ្តាលអោយមុខងារតម្រងនោមចុះខ្សោយ ហើយការប្រមូលផ្ដុំជាតិពុលក្នុងរាងកាយកើនឡើង។ ដូច្នេះអ្នកគួរទទួលទានទឹកឲ្យបានពី ១០ ទៅ ១២ កែវ ក្នុងមួយថ្ងៃ។ ការទទួលទានក្នុងបរិមាណនេះអាចជួយរក្សាជាតិទឹក ឬសំណើមក្នុងរាងកាយធ្វើឲ្យតម្រងនោមមានសុខភាពល្អ។

    ២. ទប់នោម ៖ ការទ្រាំ ឬទប់មិននោមនៅពេលដែលឈឺនោម ក៏អាចផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្រងនោមផងដែរ។ នៅពេលទឹកនោមស្ថិតក្នុងផ្លោកនោមយូរនោះពពួកបាក់តេរីនឹងកាន់តែកើនច្រើនឡើងដែលអាចនឹងបណ្ដាលឲ្យឆ្លងមេរោគរលាកតម្រងនោម។ ដូច្នេះប្រសិនបើអ្នកឈឺនោម ចូរកុំទប់ ឬទ្រាំ ប៉ុន្តែត្រូវប្រញាប់ទៅនោមឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។

    ៣. ទទួលទានគ្រឿងស្រវឹង ឬភេសជ្ជៈជាតិអាល់កុលច្រើនពេក ៖ ចំពោះតម្រងនោម ជាតិអាល់កុល គឺជាជាតិពុលដែលអាចផ្ដល់គ្រោះថ្នាក់ចំពោះមុខងារនៃតម្រងនោម ប្រសិនបើអ្នកទទួលទានច្រើនពេក។ ជាតិអាល់កុលបង្កើនហានិភ័យនៃជំងឺខ្សោយតម្រងនោម។ ជាតិអាល់កុលក៏ធ្វើឲ្យរាងកាយខ្សោះជាតិទឹកផងដែរ។ ដូច្នេះអ្នកមិនគួរទទួលទានភេសជ្ជៈមានជាតិអាល់កុលលើសពី ២ កែវ ក្នុងមួយថ្ងៃឡើយ។

    ៤. ឧស្សាហ៍ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ៖ មិនត្រឹមតែធ្វើឲ្យតម្រងនោមខូចខាតប៉ុណ្ណោះទេ ប៉ុន្តែថ្នាំបំបាត់ការឈឺចាប់ក៏ផ្ដល់ផលប៉ះពាល់ដល់សរីរាង្គដទៃទៀតផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ថ្នាំបំបាត់ការឈឺចាប់កាត់បន្ថយលំហូរឈាមទៅកាន់តម្រងនោមដែលធ្វើឲ្យមុខងារតម្រងនោមចុះខ្សោយ ហើយការប្រើប្រាស់ថ្នាំប្រភេទនេះកាន់តែយូរអាចបណ្ដាលឲ្យកើតជំងឺរលាកតម្រងនោមស្រួចស្រាវ។ ចំពោះអ្នកដែលមានបញ្ហាខ្សោយតម្រងនោម ចូរធ្វើការពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញសិន មុននឹងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់។

    ៥. ការជក់បារី ៖ យោងតាមសមាគមអ្នកជម្ងឺតម្រងនោមអាមេរិក American Association of Kidney Patients បានបង្ហាញថា ការជក់បារី គឺជាកត្តាចម្បងបំផុតដែលបណ្ដាលឲ្យកើតមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ការជក់បារីថែមទាំងធ្វើឲ្យអត្រានៃចង្វាក់បេះដូង និងសម្ពាធឈាមកើនឡើងខុសប្រក្រតីដែលបង្កជា ជំងឺសសៃឈាមបេះដូង និងតម្រងនោមផងដែរ។

    ៦. គេងមិនបានគ្រប់គ្រាន់ ៖ កង្វះនៃការគេងអាចបង្កផលប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលតែម្ដង។ ការគេងមិនបានគ្រប់គ្រាន់រារាំងរាងកាយក្នុងការបង្កើតជាលិកាថ្មីឡើងវិញដែលអាចនាំឲ្យមានការខូចខាតសរីរាង្គ។

    ៧. ទទួលទានអំបិល ឬជាតិប្រៃច្រើនពេក ៖ ៩៥ ភាគរយ នៃជាតិសូដ្យូម ឬអំបិល គឺត្រូវបានរំលាយដោយតម្រងនោម ហើយការទទួលទានអំបិល ឬជាតិប្រៃច្រើនពេកនឹងបណ្ដាលឲ្យតម្រងនោមត្រូវទទួលរងបន្ទុកលើសកម្រិត។ ខណៈនោះតម្រងនោមនឹងត្រូវខូចខាតដែលនាំឲ្យកើតមានបញ្ហាសុខភាពជាច្រើនផ្សេងទៀតផងដែរ។

    ៨. ទទួលទានសាច់ច្រើនពេក ៖ ប្រូតេអ៊ីនដែលមានផ្ទុកនៅក្នុងសាច់សត្វបង្កើតឲ្យមានជាតិអាស៊ីតខ្ពស់ក្នុងឈាមដែលអាចបង្កគ្រោះថ្នាក់ចំពោះតម្រងនោម ដោយបណ្ដាលឲ្យតម្រងនោមមិនអាចកម្ចាត់នូវជាតិអាស៊ីតបានលឿនគ្រប់គ្រាន់។ ដូច្នេះអ្នកគួរកាត់បន្ថយការទទួលទានសាច់ ជាពិសេសក្រហម និងសាច់កែច្នៃ ដោយព្យាយាមទទួលទានបន្លែផ្លែឈើច្រើនវិញទើបប្រសើរ។

    ៩. ទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក ៖ ជាតិកាហ្វេអ៊ីនខ្ពស់ក្នុងរាងកាយមិនត្រឹមតែបណ្ដាលឲ្យសម្ពាធឈាមមានការកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់បន្ទុកហួសប្រមាណលើដំណើរការនៃតម្រងនោមផងដែរ។ នៅពេលដែលតម្រងនោមធ្វើការហួសប្រមាណរយៈពេលយូរ វានឹងត្រូវទទួលរងការខូចខាត ហើយខណៈនោះការបញ្ចេញជាតិកាល់ស្យូមក្នុងទឹកនោមក៏កើនឡើងដែលអាចបណ្ដាលឲ្យកើតមានបញ្ហាក្រួសក្នុងតម្រងនោមទៀតផង។

    ១០. ការមិនអើពើនឹងជំងឺឆ្លងធម្មតា ៖ ការព្យាបាលជំងឺទូទៅមួយចំនួនដូចជា ផ្ដាសាយធម្មតា ផ្ដាសាយធំ ជំងឺរលាកបំពងក និងជំងឺឆ្លងផ្សេងៗទៀតអាចបណ្ដាលឲ្យខូចតម្រងនោម។ អ្នកដែលមានតម្រងនោមខ្សោយ ប្រសិនបើមិនអើពើព្យាបាលជំងឺឆ្លងរលាកទូទៅទេនោះ មេរោគ ឬពពួកបាក់តេរីនឹងងាយក្នុងការបំផ្លាញតម្រងនោមរបស់អ្នកជាក់ជាមិនខាន៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Dineal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay