កត្តាធំៗ៤យ៉ាង ជំរុញឲ្យកើតជំងឺមហារីកច្រមុះ
- May 28, 2020
គ្រប់គ្នាដឹងហើយថា ជំងឺមហារីកគឺជាជំងឺកាចសាហាវមួយដែលមានគ្រោះថ្នាក់ដល់ជីវិត។ ជំងឺមហារីក អាចកើតឡើងបានស្ទើរតែគ្រប់កន្លែងទាំងអស់នៅលើរាងកាយ ហើយច្រមុះរបស់យើងគ្រប់គ្នាក៏អាចប្រឈមនឹងការកើតជំងឺមហារីកដែរ។
មន្ទីរពេទ្យ កាល់ម៉ែត្រ បានផ្សព្វផ្សាយនៅលើបណ្តាញសង្គមឲ្យដឹងថា ជំងឺមហារីកច្រមុះ (Nasopharyngeal Cancer) គឺជាជំងឺមហារីកដែលកើតនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពង់ក។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់មានការស្រាវជ្រាវឲ្យដឹងពិតប្រាកដនៅឡើយទេ តែខាងក្រុមគ្រូពេទ្យបានឲ្យដឹងពីកត្តាដែលជំរុញឲ្យកើតជំងឺនេះបានដូចជា៖
ទី១. ទីតាំងភូមិសាស្រ្ត (ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត)
ទី២. ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine (អាហារដែលមានជាតិប្រៃខ្ពស់ ប្រលាក់ហាលឲ្យស្ងួតរួចអាំង)
ទី៣. ប្រកបរបរទាក់ទងជាមួយឈើ (ជាងឈើ ជាដើម)
ទី៤. ប្រវិត្តគ្រួសារដែលកើតជំងឺមហារីកច្រមុះ។
ចំពោះជំងឺមហារីកច្រមុះនេះ មន្ទីរពេទ្យ កាល់ម៉ែត្រ បានបញ្ជាក់ឲ្យដឹងទៀតថា នៅដំណាក់កាលថ្មី ជំងឺមហារីកច្រមុះមិនសូវចេញរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ទេ ប៉ុន្តែបើមានអាការៈទាំងនេះ៖
- មានឡើងកូនកណ្តុរនៅក
– ឈាមច្រមុះ
- តឹងច្រមុះមួយចំហៀង
- ការស្តាប់ធ្លាក់ចុះនៅត្រចៀកម្ខាង
– ហឹងត្រចៀក
– ឈឺក្បាល។
បើសង្កេតឃើញថា មានចេញរោគសញ្ញាដែលបានរៀបរាប់ខាងលើ ខាងមន្ទីរពេទ្យ កាល់ម៉ែត បានណែនាំ ឲ្យទៅពិគ្រោះជាមួយដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលបានការព្យាបាលទាន់ពេលវេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: