រោគសញ្ញាដែលនឹងលេចឡើង ប្រសិនបើរាងកាយកំពុងជួបប្រទះបញ្ហាកង្វះវីតាមីន B12 ហើយអ្នកមិនគួរធ្វើប្រហែសមើលរំលងឡើយ
កង្វះនៃវីតាមីន B12 គឺជាកង្វះអាហារូបត្ថម្ភទូទៅបំផុតមួយ។ វីតាមីន B12 គឺជាប្រភពថាមពលសម្រាប់មុខងារជាច្រើនរបស់រាងកាយ។ ដូច្នេះអ្នកមិនគួរមើលរំលងនូវបញ្ហានៃកង្វះវីតាមីនសំខាន់នេះឡើយ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យពីរោគសញ្ញាទូទៅបំផុតមួយចំនួនដែលលេចឡើង ប្រសិនបើរាងកាយជួបនូវប្រទះបញ្ហាកង្វះវីតាមីន B12 ៖
១. ខ្សោយកម្លាំង ៖ អាការៈខ្សោយ និងអស់កម្លាំង គឺជារោគសញ្ញាទូទៅបំផុតមួយដែលកើតឡើងដោយសារតែវីតាមីន B12 ក្នុងរាងកាយមានកម្រិតទាប ។ នៅពេលការផ្គត់ផ្គង់វីតាមីនថយចុះ រាងកាយនឹងផលិតកោសិកាឈាមក្រហមតែបន្តិចប៉ុណ្ណោះដែលចាំបាច់សម្រាប់ការចែកចាយដឹកនាំអុកស៊ីសែន។ ជាលទ្ធផល អ្នកនឹងមានអារម្មណ៍ងងុយគេង អស់កំលាំង ហត់នឿយ ហើយពេលខ្លះដល់ថ្នាក់ធីងធោងមមើមមាយថែមទៀតផង។ មនុស្សជាច្រើនយល់តែច្រឡំថា រោគសញ្ញាទាំងនេះកើតមានឡើងដោយសារការគេងមិនបានគ្រប់គ្រាន់ ការធ្វើការយូរម៉ោង ក៏ដូចជាភាពតានតឹង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ថានភាពរបស់អ្នកកាន់តែអាក្រក់ឡើងៗ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងធ្វើតេស្តឈាមដើម្បីពិនិត្យមើលកម្រិតនៃវីតាមីន B12 ក្នុងរាងកាយ។

២. ភាពខ្លីនៃដង្ហើម ៖ ការពិបាកដកដង្ហើម ឬដកដង្ហើមបានខ្លីៗ ក៏ជារោគសញ្ញាមួយដែលនឹងលេចឡើងនៅពេលកម្រិតវីតាមីន B12 ក្នុងរាងកាយមានកម្រិតទាបផងដែរ។ វីតាមីន B12 រួមចំណែកដល់ការផលិតជាតិអេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនដឹកជញ្ជូនអុកស៊ីសែននៅក្នុងចរន្តឈាម។ កង្វះនៃវីតាមីននេះនឹងកាត់បន្ថយនូវលំហូរអុកស៊ីសែនទៅជាលិកាដែលបង្កឲ្យកើតមានបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺស្លេកសាំង បញ្ហាក្នុងការដកដង្ហើម និងខ្សោយកម្លាំង។ ដូច្នេះប្រសិនបើអ្នកជួបប្រទះនូវអាការៈដូចជា អស់កម្លាំងល្ហិតល្ហៃ ពិបាកក្នុងការដកដង្ហើម ឈឺអណ្ដាត ឬរោគសញ្ញាណាមួយមិនប្រក្រតី ចូរប្រញាប់ទំនាក់ទំនងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។

៣. ស្ពឹកអវយវៈ ៖ កង្វះនៃវីតាមីន B12 អាចបង្កផលប៉ះពាល់ដល់កោសិកាសសៃប្រសាទដែលបណ្ដាលឲ្យមានអារម្មណ៍ថា ស្ពឹកៗ ដូចម្ជុលចាក់ក្នុងប្រអប់ដៃ និងជើងរបស់អ្នក។ ប្រសិនបើអ្នកមិនអើពើនឹងរោគសញ្ញានេះទេនោះ វានឹងក្លាយទៅជាអចិន្ដ្រៃយ៍ ហើយអាចវិវត្តន៍ដល់ថ្នាក់ប្រែទៅជាជំងឺ paresthesia (ស្ពឹក និងឈឺចាប់ក្នុងអវយវៈ) ទៀតផង។ នៅក្នុងប្រព័ន្ធសរសៃប្រសាទ វីតាមីន B12 គឺចាំបាច់ណាស់សម្រាប់ការបង្កើត myelin (ស្រទាប់ពណ៌សជុំវិញសរសៃប្រសាទដែលបង្កើនល្បឿននៃការដឹកនាំ និងការពារសសៃប្រសាទ)។ កង្វះនៃវីតាមីន B12 អាចបណ្តាលឲ្យខួរឆ្អឹងខ្នង សរសៃប្រសាទភ្នែក ជាលិកាខួរក្បាល និងសរសៃប្រសាទខាងក្រៅត្រូវបំផ្លាញ ឬទទួលរងការខូចខាត។

៤. ស្បែកប្រែជាស្លេកស្លាំង ឬលឿង ៖ ស្បែក ឬប្រស្រីភ្នែកប្រែជាមានពណ៌លឿង គឺជារោគសញ្ញាទូទៅបំផុតមួយដែរនៃបញ្ហាកង្វះវីតាមីន B12។ ការផលិតកោសិកាឈាមក្រហម គឺពឹងផ្អែកទៅលើវីតាមីន B12 ។ ការផលិតកោសិកាឈាមក្រហមមិនត្រឹមត្រូវបង្កឲ្យកើតមានមានជម្ងឺខ្វះគ្រាប់ឈាមក្រហម ឬជំងឺស្លេកស្លាំង។ ជាមួយនឹងស្ថានភាពនេះកោសិកាឈាមក្រហមមានទំហំធំ ផុយស្រួយ ហើយមិនអាចបែងចែកបាន។ ក៏ព្រោះតែកោសិកាឈាមធំពេកជាហេតុបណ្ដាលឲ្យមិនអាចចេញផុតពីខួរឆ្អឹង ហើយចូលទៅចរន្តឈាមបាន។ ដូច្នេះបរិមាណនៃកោសិកាឈាមក្រហម គឺមិនមានច្រើនអាចហូរពេញរាងកាយបានឡើយ ខណៈនោះស្បែករបស់អ្នកអាចនឹងប្រែជាស្លេក។ Bilirubin គឺជាសារធាតុពណ៌ក្រហមស្រាល ឬពណ៌ត្នោតដែលត្រូវបានផលិតដោយថ្លើមនៅពេលវាបំបែកកោសិកាឈាមចាស់។ បរិមាណដ៏ច្រើននៃ bilirubin ដែលកំពុងតែព្យាយាមបំបែកកោសិកាឈាមក្រហម គឺជាអ្វីដែលធ្វើឲ្យស្បែក និងភ្នែកប្រែជាមានពណ៌លឿង។

៥. ហើម និងរលាកអណ្ដាត ៖ កង្វះនៃវីតាមីន B12 ក្នុងឈាម គឺមូលហេតុបណ្ដាលឲ្យអណ្តាតប្រែជារលាក និងឡើងក្រហម។ ដោយសារតែរាងកាយមិនមានផ្ទុកវីតាមីន B12 គ្រប់គ្រាន់នោះ ការសំយោគ DNA ក្លាយជាខ្សោយ។ ជាលទ្ធផល កោសិកា epithelial នៃមាត់ចាប់ផ្តើមបំបែកយ៉ាងឆាប់រហ័សដែលបណ្តាលឲ្យកើតមានការរលាកលើអណ្ដាត ដំបៅបបូរមាត់ និងមាត់។ ជាទូទៅរោគសញ្ញានៃជំងឺរលាកអណ្ដាត គឺកើតឡើងហើយបាត់ទៅវិញដោយឯកឯង ប៉ុន្តែក៏អាចប្រែជាកាន់តែអាក្រក់ឡើងៗនៅថ្ងៃខាងមុខ។ ដូច្នេះប្រសិនបើអ្នកកត់សម្គាល់ឃើញនូវរោគសញ្ញាទាំងនេះ សូមព្យាយាមផ្លាស់ប្តូរទម្លាប់នៃការទទួលទានប្រចាំថ្ងៃរបស់អ្នក ដោយធ្វើយ៉ាងណាព្យាយាមទទួលទានអាហារដែលសម្បូរទៅជាតិវីតាមីន B12។

៦. ទល់លាមក បាត់បង់ចំណង់អាហារ និងឡើងជាតិហ្គាស ៖ តាមពិតទៅមានកត្តាច្រើនណាស់ដែលអាចបណ្ដាលឲ្យកើតមានបញ្ហាទល់លាមក ឬឡើងជាតិហ្គាសក្នុងក្រពះ ហើយកង្វះនៃវីតាមីន B12 គឺជាកត្តាមួយក្នុងចំណោមកត្តាទាំងអស់នោះ។ ប្រសិនបើអ្នកមិនអើពើជាមួយនឹងបញ្ហានៃកង្វះវីតាមីន B12 នោះអ្នកនឹងត្រូវជួបប្រទះនូវបញ្ហា ទល់លាមករ៉ាំរ៉ៃ ឈឺក្រពះ ឡើងជាតិហ្គាសក្នុងក្រពះ រាគ និងបាត់បង់ចំណង់អាហារ។ កម្រិតទាបនៃវីតាមីន B12 ប៉ះពាល់ដល់ដំណើរការធម្មតានៃមុខងារបំពង់រំលាយអាហារ។

៧. ព្រិលភ្នែក ៖ កង្វះនៃជាតិវីតាមីនអាចបណ្ដាលឲ្យកើតមានបញ្ហាសសៃប្រសាទភ្នែក (មើលឃើញលែងសូវច្បាស់)។ វីតាមីន B12 ដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងារនៃសរសៃប្រសាទ និងប្រព័ន្ធសរសៃប្រសាទ។ ដូច្នេះទើបកង្វះនៃវីតាមីននេះផ្ដល់ផលប៉ះពាល់ខ្លាំងចំពោះការមើលឃើញ។ ការស្រាវជ្រាវថ្មីៗបានបង្ហាញថា ការរួមបញ្ចូលគ្នានៃវីតាមីន E វីតាមីន DHA និងវីតាមីន B12 អាចជួយធ្វើឲ្យការមើលឃើញមានភាពប្រសើរឡើង។ ជាទូទៅការទទួលទានវីតាមីន B12 ជួយកាត់បន្ថយហានិភ័យនៃបញ្ហាព្រិលភ្នែក ឬមើលលែងច្បាស់។

៨. ខ្សោយឆ្អឹង ៖ ក៏ដូចជាកាល់ស្យូម និងវីតាមីន D ដែរ វីតាមីន B12 គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាឆ្អឹង។ កង្វះនៃវីតាមីន B12 ធ្វើឲ្យមុខងារនៃការបង្កើតកោសិកាឆ្អឹងខូចខាតជាហេតុបង្កជា ជំងឺពុកឆ្អឹង។ ជំងឺនេះបណ្ដាលឲ្យឆ្អឹងប្រែជាខ្សោយ ងាយនឹងបាក់ ឫបាត់បង់ជាលិកា។ មនុស្សវ័យចាស់ គឺទទួល
រងហានិភ័យខ្ពស់ជាងអ្នកដទៃ ហេតុដូច្នេះហើយបានជាការធ្វើតេស្តឈាមជាប្រចាំ គឺជាកត្តាចាំបាច់សម្រាប់ពួកគេ។

៩. ការប្រែប្រួលនៃអាកប្បកិរិយា និងកើតជំងឺធ្លាក់ទឹកចិត្ត ៖ វាជារឿងធម្មតាទៅហើយដែលកង្វះនៃវីតាមីនសំខាន់ៗមួយចំនួនអាចបណ្ដាលឲ្យកើតមានបញ្ហាធ្លាក់ទឹកចិត្ត និងភាពប្រែប្រួលនៃអាកប្បកិរិយា។ កង្វះនៃវីតាមីនផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើការផលិតអ័រម៉ូន serotonin (អ័រម៉ូនអារម្មណ៍ល្អ និងគ្រប់គ្រងអាម្មណ៍) នៅក្នុងខួរក្បាល៕
អត្ថបទ ៖ Bee
ប្រភព ៖ Brightside